Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​និង​សកម្មជន​បក្សប្រឆាំង ខក​បំណង មិនបាន​ជួប​មុខ​លោក កឹម សុខា

​ភ្នំពេញ​៖ នាយខុទ្ទកាល័យ​លោក​កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​នេះ បានបញ្ជាក់​ថា លោក​កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​ដាក់ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ស្ថិត​ក្រោម​ការ​ត្រូតពិនិត្យ​តាមផ្លូវ​តុលាការ ហើយ​លោក​កឹម សុខា ​មិនទាន់​អាច​ជួប​ជាមួយ​ប្រជាពលរដ្ឋ និង​សមាជិក​បក្ស​ប្រឆាំង​បានទេ​។

​លោក ចាន់ ចេ​ន មេធាវី​ការពារ​ឲ្យ​លោក កឹម សុខា បានឲ្យដឹងថា បានបញ្ជាក់​ថា “​ឯកឧត្តម កឹម សុខា ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ហើយ ដោយ​ស្ថិត​ក្រោម​ការ​ត្រូតពិនិត្យ​តាមផ្លូវ​តុលាការ លោក​សូម​អភ័យទោស និង​ការយោគយល់​ពី​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កាលទេសៈ​នេះ មិនទាន់​អាច​ជួប​គ្នា​បាន “​។ លោក​បន្តថា លោក​កឹម សុខា “​ត្រូវបាន​តុលាការ​ដោះលែង ក្រោម​ការត្រួតពិនិត្យ ហើយ​នៅពេលនេះ​លោក​កឹម សុខា មាន​សុខភាព​ជា​ធម្មតា​ទេ ទាំង​ផ្លូវចិត្ត ​និង​ផ្លូវកាយ ។ ករណី​ចេញទៅ​ក្រៅ​ប្រទេស​នោះ ខ្ញុំ​មិន​នឹង​ពិភាក្សា​ជាមួយ​លោក​កឹម សុខា​ជា​បន្ត​ទៀត ​និង​មិន​ទាន់​បាន​ជជែក​គ្នា​ជាមួយ​ចៅក្រម​ស៊ើបសួរ​នៅឡើយ​ទេ ។

តាមរយៈ​ខ្ញុំ​ជា​មេធាវី លោក​កឹម សុខា មានប្រសាសន៍​យ៉ាង​ខ្លី​ថា សូម​អរគុណ​ដល់​អ្នកគាំទ្រ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ “​។

លោកមេធាវី បានបញ្ជាក់​ថា “​តាម​ការសង្កេត​របស់​ខ្ញុំ នាពេល​នេះ​លោក​កឹម សុខា មាន​អារម្មណ៍​នឹងនរ ដូច​យើង​ទាំងអស់គ្នា​ដែរ​ទេ​បាទ​”​។ ​ករណី​លោក​កឹម សុខា ត្រូវ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ​បាន​ចេញ​លិខិត​ប្រកាស​ជូន​សាធារណជន​ថា ទោះបីជា លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ដោះលែង ​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយសារ​សុខភាព​របស់​គាត់​ក៏​ពិតមែន ប៉ុន្តែ​លោក កឹម សុខា ​មិនអាច​រត់គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​បាន​ឡើយ ហើយ​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ កំពុង​អនុវត្ត​នីតិវិធី​របស់​ខ្លួន​បន្ត​។​

​អ្នកនាំពាក្យ​រូប​នេះ​បានបញ្ជាក់​ថា​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បង្គាប់​ឱ្យ​ដោះលែង លោក កឹម ​សុខា ឱ្យ​នៅ​ក្រៅ​ឃុំ ហើយ​បាន​សម្រេច​ជំនួស​មកវិញ​នូវ​វិធានការ នៃ​ការដាក់​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ​ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​តាម​ផ្លូវច្បាប់​មួយ​ចំនួន​។ ការសម្រេច​នេះ ដោយ​ផ្អែក​ទៅលើ​ហេតុផល​សុខភាព​ ​និង​មាន​ការធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា ជន​ត្រូវ​ចោទ កឹម សុខា នឹង​មិន​អាច​រត់គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​ឡើយ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឡើងវិញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទសន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សំណុំរឿង​នេះ ​កំពុងស្ថិត​នៅ​ក្នុង​ចំណាត់ការ របស់​ចៅក្រម​ស៊ើបសួរ ដែល​កំពុង​អនុវត្ត​នីតិវិធី​របស់​ខ្លួន​បន្ត ដោយ​យកចិត្តទុកដាក់​បំផុត ស្រ​ប​តាមច្បាប់​ជា​ធរមាន​។​

​ជាមួយ​នឹង​ការដោះលែង​លោក​កឹម សុខា នោះ ប្រជាពលរដ្ឋ​និង​សកម្មជន​បក្សប្រឆាំង ជាច្រើន​នាក់ ទៅ​ជួបជុំគ្នា​នៅ​ពេញ​មុខ​ផ្ទះ​លោក កឹម សុខា ក្នុង​បំណង​ចង់​ជួប​ផ្ទាល់​ជាមួយ​នឹង​លោក ប៉ុន្តែ​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​និង​សកម្មជន​ទាំងនោះ​មិន​ដូច​បំណង​ឡើយ ដោយ​លោក​កឹម សុខា មិន​បាន​ចេញមុខ​មក​ជួប​ឡើយ​។​

​ចំណែក លោក យ៉ែម បញ្ញា​រិទ្ធិ អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង បាន​និយាយថា លោក កឹម សុខា ត្រូវបាន​ដោះលែង ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​ព្រលឹម ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣​ព្រឹក​។​

​សូម​ស្តាប់ លោក​មេធាវី ចាន់ ចេ​ន ក្នុង​វិដេអូ​ខាងក្រោម​៖​

 

ដោយ​៖​កូឡាប​

×