សៀមរាប ៖ ក្រុមមន្ត្រីតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា និងអាស៊ាន បើកកិច្ចប្រជុំលើកទី៨ ក្រុមការងារបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិ ថ្ងៃអង្គារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នាខេត្តសៀមរាប ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ថ្លែងថា កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានពាក់ព័ន្ធ នឹងសភាពការណ៍ទូទៅនៃ គ្រឿងញៀន ពិសេសនិន្នាការ និងល្បិចកលរបស់ក្រុមឧក្រិដ្ឋជន ក្នុងការចរាចរគ្រឿងញៀន ឆ្លងកាត់ព្រលានយន្តហោះ ។ ពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នារកវិធានការថ្មីៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់ បទល្មើសគ្រឿងញៀនឆ្លងដែន។ ពង្រឹងយន្តការសម្រាប់ការធ្វើទំនាក់ទំនង ដើម្បីសម្រួលដល់ការចែករំលែកព័ត៌មាន ក៏ដូចជារួមគ្នាបង្ក្រាបបទល្មើស ។
ក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រសាសន៍ថា ក្រុមការងារបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិ បានដើរតួយ៉ាងសំខាន់ ក្នុងនាមជាមន្ត្រី អនុវត្តច្បាប់ជួរមុខក្នុងបង្ការ និងទប់ស្កាត់ នូវការចរាចរគ្រឿងញៀន ខុសច្បាប់ចូលមកក្នុងប្រទេស ដែលកន្លងមកក្រុមការងារនេះ បានទទួលជោគជ័យជាច្រើន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន តាមច្រកអាកាសយានដ្ឋានអន្តរជាតិ តាមរយ:ការផ្លាស់ប្តូរព័ត៌មាន ទាន់ហេតុការណ៍ ដោយតម្លាភាព និងទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងអរគុណចំពោះរដ្ឋជាសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន សម្រាប់ការផ្តល់ការគាំទ្រ ជាប្រចាំ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនហើយសមិទ្ធផល ដែលប្រទេសកម្ពុជា សម្រេចបាន ជាពិសេសសមិទ្ធផល ក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀន តាមព្រលានយន្តហោះនេះ មិនអាចធ្វើទៅរួចទេ បើគ្មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដែលក្នុងនោះកិច្ចប្រជុំក្រុមការងារ បង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិ ពិតជាត្រូវបានបម្រើជាវេទិកា ដ៏សំខាន់មួយ និងបន្តស្វែងរកចាប់ខ្លួន ក្រុមឧក្រិដ្ឋជន ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរ ចែកចាយគ្រឿងញៀនទាំងនោះ ទាំងអ្នកប្រគល់និងអ្នកទទួល៕ ដោយ ៖ បញ្ញាស័ក្តិ