ប្រទេសចិន ៖ នៅរសៀលថ្ងៃទី ១១ កញ្ញា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តជួបជាមួយតំណាងក្រុមហ៊ុនធំៗចិនចំនួន៨ ដូចជា ក្រុមហ៊ុន 1)Xiaomi Corporation, 2)Zhejiang Geely Holding Grou, 3)CHINT Group Co., Ltd, 4)Dongming Petrochemical Group, 5)Futong Group Co., Ltd, 6)Hollry Group, 7)ENN Group Holding Limited, នឹង 8)China Minseng Investment group។
ក្រុមហ៊ុនទាំងនេះស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ដែលក្នុងនោះគឺមានក្រុមហ៊ុនភាគច្រើនបាន និងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាបានជាង១០ឆ្នាំមកហើយលើវិស័យកសិកម្ម, កំពង់ផែ ថាមពល, វារីអគ្គីសនី។ តំណាងក្រុមហ៊ុនទាំងអស់មានការកក់ក្តៅដែលសម្តេចបានអញ្ជើញទៅចូលរួមសម្ពោធ និងបន្តការគាំទ្រលើកទឹកចិត្តដល់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការគាំទ្រចំពោះក្រុមហ៊ុនទាំងចាស់ទាំងថ្មី ដែលមានបំណងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនោះដែរ គឺរាជរដ្ឋាភិបាលកម្ពុជានឹងបន្តលើកទឹកចិត្ត ដល់ក្រុមហ៊ុនទាំងអស់ក្នុងការវិនិយោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ។
បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិនរួចហើយមក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឆ្លើយនូវសំណួរមួយចំនួន ដែលលើកឡើងដោយក្រុមហ៊ុនធំៗចំនួន៦ របស់ចិន ដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជា។
ជាមួយនឹងសំណួរដែលលើកឡើងដោយក្រុមហ៊ុនទាំង៦ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថារាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នក វិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងវិនិយោគទុនចិនដែលមានវត្តមាននៅទីនេះ និង ដែលមានគម្រោងទៅបណ្តាក់វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ។ ជាមួយនឹងការលើកឡើងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូស បញ្ជាក់ដល់អ្នកវិនិយោគទុនចិន ពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេស ចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិន កុំមានការភ័យខ្លាចទៅលើការលុបកុងត្រា ចាស់ណាមួយ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ សម្តេចនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ ក្នុងប្រទេសកម្ពុជា។
ឆ្លៀតនៃការថ្លែងសុន្ទរកថានោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិយោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
នៅព្រឹកថ្ងៃទី១១កញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗនៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន៦។ កិច្ច សន្ទនានេះក៏មានការចូលរួមពី លោក ឈិន ចូវ អនុប្រធាន នៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្ម អន្តរជាតិ ចិន លោក ឈិន វូ អភិបាលតំបន់ស្វយ័តក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុន ព្រមទាំងមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។
លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិន បានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់និងជាមិត្តដ៏ល្អទុកចិត្តបានរបស់ប្រទេស និងប្រជាជនចិន។ សម្តេចតេជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើញមកចូលរួមពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ាន ច្រើនជាងគេនៅទីក្រុងណាននីង។
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍និងអបអរសាទរចំពោះកិច្ចសន្ទនាតុមូលជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជ កម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញការវិនិយោគពីប្រទេសចិនទៅកាន់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គឺកម្ពុជាមានស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦% ចន្លោះឆ្នាំ ១៩៩៤-២០១៥ ដែលជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿននៅលើពិភពលោក។ នៅឆ្នាំ ២០១៧ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបាន ៧% ហើយរំពឹងថាកំណើតសេដ្ឋកិច្ចនឹងខ្ពស់ជាង ៧% នៅឆ្នាំ ២០១៨ នេះ។ សម្រាប់រាជរដ្ឋា ភិបាលអាណត្តិទី ៦ នៃរដ្ឋសភា កម្ពុជានៅតែបន្តធានាឲ្យបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរសម្រាប់វិនិយោគិនបរទេស ជាពិសេស វិនិយោគិនពីប្រទេសចិន។
ដោយឡែកពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។
សម្រាប់ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៦ ដល់ ១,៦ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៧ និងក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៨ នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។ អ្នកទេសចរចិនទៅទស្សនាកម្ពុជាវិញ បានកើនឡើងដល់ ១,៣ លាននាក់ ហើយមានក្រុមហ៊ុនអាកាសចរណ៏ចិនចំនួន ១៦ ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរត្រង់ពីចិនទៅកម្ពុជា។ លើសពីនេះទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៏រវាងប្រទេសទាំងពីរ ក្រុមហ៊ុនអាកាសចរណ៍ AirChina នឹងបើកជើងហោះហើរត្រង់ពីប៉េកាំងទៅភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
កម្ពុជាមានសក្តានុពលវិនិយោគធំៗ លើវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ឧស្សាហកម្ម, ឧស្សាហកម្មនាំចេញ រ៉ែ និងថាមពល,ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។ វិស័យអាទិភាព និងប្រកបដោយសក្តានុពលទាំងនេះ នៅមិនទាន់មានការអភិវឌ្ឍ ពេញលេញនៅឡើយ ដោយរង់ចាំការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិន និងសហគ្រិនពីប្រទេសចិន។ ជាមួយនឹងបរិបទតំបន់ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងបន្តកំណើនសេដ្ឋកិច្ចខ្ពស់រាជរដ្ឋាភិបាលតែងតែបុរេសកម្មក្នុងការកែទម្រង់, ការរៀបចំ និងការដាក់ចេញនូវផែនការ, គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាលវិនិយោគ, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន, ជាពិសេសធ្វើយ៉ាងណាជំរុញអោយភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែល្អប្រសើរឡើង។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយភាគីចិនជួយផ្សព្វផ្សាយអំពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគដែលមាននៅកម្ពុជា និងជួយជំរុញឲ្យវិនិយោគិនដទៃៗទៀតមកវិនិយោគនៅប្រទេសកម្ពុជាយើង៕ ដោយ ៖ កូឡាប