ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានថ្លែងថា សម រង្ស៊ី និង កឹម សុខា ត្រូវហ៊ានទទួលស្គាល់ការពិតថា ៖ ការពិតពួកខ្លួន មិនអាចក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសខ្មែរ បន្ទាប់ពីលោក ហ៊ុន សែន ទេ… ។ អ្នកដែលអាចនឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រី នៃប្រទេសខ្មែរ បន្ទាប់ពីលោក ហ៊ុន សែន គឺមានតែអ្នកនយោបាយជំនាន់ថ្មី វ័យក្មេង តែប៉ុណ្ណោះ ។
អតីតប្រធានគណបក្សអំណាចខ្មែរ ដែលទើបចេញពីពន្ធនាគាររូបនេះ បានបញ្ជាក់បន្ថែមថា “ចំពោះ សម រង្ស៊ី ក៏ដោយ កឹម សុខា ក៏ដោយ ឬអ្នកនយោបាយចាស់ៗណាទៀត ក៏ដោយយឲ្យតែជាក្រុមអ្នកនយោបាយ កាកសំណល់សល់ពីឆ្នាំ ១៩៩៣ មកនោះ គឺគ្មានឱកាសនឹងអាចធ្វើនយោបាយឈ្នះលោក ហ៊ុន សែន និងមិនអាចក្លាយជានាយករដ្ឋមន្ត្រីខ្មែរ បន្ទាប់ពីលោក ហ៊ុន សែន បានឡើយ… ។ ពោលអ្នកមានឱកាសបានធ្វើជា នាយករដ្ឋមន្ត្រី បន្ទាប់ពីលោក ហ៊ុន សែន គឺមានតែអ្នកនយោបាយ វ័យក្មេងជំនាន់ថ្មី តែប៉ុណ្ណោះ ។ សម រង្ស៊ី និង កឹម សុខា បានត្រឹមតែធ្វើនយោបាយ ដណ្តើមគ្នាធ្វើជាបេក្ខជន នាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ “។
បើទោះបីជាសម្តេច ហ៊ុន សែន លោកបានប្រកាសចូលនិវត្តន៍នៅពេល១០ឆ្នាំមុខក៏ដោយ ក៏អ្នកដែលអាចជានាយករដ្ឋមន្ត្រីខ្មែរ ក្រោយសម្តេច ហ៊ុន សែន មិនមែនជា សម រង្ស៊ី ឬ កឹម សុខា ដែរ។ ក្រោយពីសម្តេច ហ៊ុន សែន ចូលនិវត្តន៍លែងធ្វើនយោបាយទៅ មានតែបេក្ខភាពអ្នកនយោបាយជំនាន់ថ្មីវ័យក្មេងប៉ុណ្ណោះ ដែលហ្នឹងអាចក្លាយជានាយករដ្ឋខ្មែរបន្ទាប់ពីសម្តេច។ តែបើសម្តេច ហ៊ុន សែន នៅតែបន្តធ្វើនយោបាយនោះ សម រង្ស៊ី និង កឹម សុខា ក៏បានត្រឹមតែធ្វើនាយករដ្ឋមន្ត្រីហ្វេសបុកតែប៉ុណ្ណឹង។
នយោបាយពឹងលើដង្ហើមបរទេស ឬខ្ចីច្រមុះបរទេសដកដង្ហើមដូច សម រង្ស៊ី និង កឹម សុខា គឺជានយោបាយត្រីងាប់ ដែលហែលបណ្តោយទឹក តាមតម្រូវចិត្តពួកអ្នកបរទេសនិយម មួយចំនួនតូចដែលរស់នៅក្រៅស្រុក ហើយមិនស្គាល់របត់នយោបាយសម័យថ្មីប៉ុណ្ណោះ។ និយាយឲ្យស្រួលស្តាប់ អាមេរិកក៏ដោយ អឺរ៉ុបក៏ដោយ មិនអាចលើកទ័ពមកស្រុកខ្មែរ ដង្ហែរ សម រង្ស៊ី ឬដង្ហែរ កឹម សុខា ឡើងធ្វើជានាយករដ្ឋមន្ត្រីបានទេ។ ចំណែកឯការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬទណ្ឌកម្មនយោបាយពីសំណាក់សមាជិកម្នាក់ ឬពីរនាក់នោះ ក៏សេចក្តីស្នើច្បាប់នេះ មិនប្រាកដថា ទាញបានការឯកភាពយល់ព្រម ពីសមាជិកសភាភាគច្រើនដែរ ព្រោះរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលអឺរ៉ុប ត្រូវការកសាងទំនាក់ទំនង ការទូតជាមួយនឹងប្រទេសខ្មែរ ។
ដូច្នោះ សម រង្ស៊ី និង កឹម សុខា មិនអាចក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ពី សម្តេច ហ៊ុន សែន បានជាដាច់ខាត កុំថាឡើយក្នុងពេលដែលសម្តេច ហ៊ុន សែន នៅបន្តធ្វើនយោបាយ ទោះជាក្រោយពេលសម្តេចចូលនិវត្តន៍ក៏ដោយ។ មានតែបេក្ខភាពអ្នកនយោបាយវ័យក្មេងជំនាន់ថ្មីប៉ុណ្ណោះ ដែលមានឱកាសធ្វើជានាយករដ្ឋមន្ត្រី ដូចដែលសម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសថា អ្នកជំនាន់ថ្មី ជាអ្នកបន្តវេន។ មានន័យថា សម រង្ស៊ី និង កឹម សុខា ធ្វើនយោបាយដល់ថ្ងៃស្លាប់ ក៏បានត្រឹមតែដណ្តើមគ្នាធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ៕ ដោយ ៖ បញ្ញាស័ក្តិ