ភ្នំពេញ ៖ លោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ទូច វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកស៊ីម៉ងត៍ រស់នៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ដល់អ្នកដទៃ នៅចំណុចផ្លូវបេតុងព្រៃសវត្តស្លែង កែងផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុងព្រៃស វត្តស្លែង កែងផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងម៉ូតូSUZUKI VIVA និងរថយន្តRHINO បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (អ្នកបើកបរម៉ូតូ) ។
លោកចៅក្រម បានបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ៕ ដោយ ៖ បញ្ញាស័ក្តិ