ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានមនុស្ស២នាក់ទៀតហើយ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
របាយការណ៍ពីមន្ត្រីនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ៧ព្រឹក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុចលើស្ពានទឹកសាប ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាង រថយន្តធុនធំ ១គ្រឿងម៉ាក DONGFENG ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ3E-0222 សណ្តោងរ៉ឺម៉កដឹកថ្ម (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅចូលក្រុងព្រះសីហនុ បានបុកពីខាងក្រោយម៉ូតូ១គ្រឿង ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខតាកែវ1M-0540 បើកបរដោយឈ្មោះ ស៊ុយ វណ្ណនេត ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ មានអ្នករួមដំណើរម្នាក់ភេទប្រុស( មិនទាន់ស្គាល់អត្តសញ្ញាណ ) មានទិសដៅស្របគ្នា បណ្តាលជនរងគ្រោះ ដែលជិះលើម៉ូតូស្លាប់ទាំង២នាក់ នៅនឹងកន្លែងកើតហេតុ។
ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ រីឯវត្ថុតាង រថយន្ត និង ម៉ូតូ ត្រូវបានមន្ត្រីនគរបាល យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ដោយ៖ ដែន សីមា