រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រោមកិច្ចសហការគាំទ្រជាមួយក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា បានដាក់ចេញ នូវចលនាប្រឡងប្រណាំងភោជនីយដ្ឋានស្អាត អាហារដ្ឋានទេសចរណ៍ស្អាត លើកទី១។
មន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា កូនសៀវភៅយុទ្ធនាការ “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត (Green Passport) ” គឺបានអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប ជាមន្ត្រីរាជការ ជាយុវជន កម្មករ កម្មាការនី នយោជិត នយោជក់ និងប្រជាពលរដ្ឋគ្រប់រដ្ឋ អាចចុះឈ្មោះដោយសេរី ស្នើសុំកូនសៀវភោដោយគ្រាន់តែចុះតាមប្រព័ន្ធអនឡាញ។
ជាងនេះទៅទៀត កូនសៀវភៅខាងលើនេះ បានអនុញ្ញាតឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចចុះហត្ថលេខាលើកូនសៀវភៅនេះ មានន័យថា ពួកគាត់បានប្តេជ្ញាអនុវត្តក្រមប្រតិបត្តិសម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ដោយប្រឆាំងដាច់ខាត ចំពោះការបោះសំរាមដោយគ្មានការទទួលខុសត្រូវក្នុងទីតាំង ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍របស់អ្នក។
ប្រការនេះ ក៏ឆ្លុះបញ្ចាំងនូវឆន្ទះរបស់លោកអ្នក ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលចំនួន ០៣ នៃយុទ្ធនាការ “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត” ដូចខាងក្រោម៖
១- ចូលរួមកុំឲ្យមានសំរាមក្រដាសនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។
២- ចូលរួមបញ្ជ្រាបការយល់ដឹងអំពីក្រមប្រតិបត្តិសម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត។
៣- ចូលរួមដោះស្រាយបញ្ហាអនាម័យនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។
ដូច្នេះរាល់ការចូលពិសាអាហារតាមភោជនីយដ្ឋាន អាហារដ្ឋានអាចប្រើប្រាស់កូនសៀវភៅ ក្នុងវាយតម្លៃភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ដែលស្អាត៖ ទី១.គ្មានសម្រាមក្រោមតុ និងទី២.បង្គន់អនាម័យស្អាត និងអាចស្នើសុំវាយត្រាពីភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍តែម្តង។
ក្រសួងទេសចណ៍សង្ឃឹមយ៉ាងមុតមាំថា៖ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមចលនាប្រឡងប្រណាំងខាងលើដើម្បី “កម្ពុជាស្អាត និងបៃតង”។
មន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ព័ត៌មានស្ដីពីការចុះឈ្មោះស្នើសុំកូនសៀវភៅ Green passport ចូលរួមប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត” សូមចូលទៅកាន់តំណ links ដូចខាងក្រោមនេះ៖
http://cleanrest.cambodiaecobusiness.org/create_account/create
គំរូ ” GREEN PASSPORT”៕ ដោយ ៖ ដែនសីមា