ភ្នំពេញ ៖ ករណីផ្ទុះអាវុធចំនួន៣គ្រាប់ ផ្ដើមចេញពីក្រុមក្មេងទំនើងមួយក្រុមបានផឹកស៊ី ស្រាប់តែឈ្លោះគ្នា ពេលនោះមន្ដ្រីយោធាម្នាក់ បានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនស្ដាប់ ក៏ទាញកាំបិតកាប់មន្ដ្រីយោធាបណ្ដាលឲ្យរងរបួសដៃ នៅវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អ្នកបាញ់កាំភ្លើងមួយចំនួន៣គ្រាប់ ដើម្បីបំបែកសកម្មភាពឈ្លោះគ្នានេះ មានឈ្មោះ អ៊ឹម សុថា អាយុ៤៨ឆ្នាំ ជាមន្ដ្រីយោធា ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដើមចមដែលនាំឲ្យមានការផ្ទុះអាវុធនេះ គឺផ្ដើមចេញពីក្រុមក្មេងទំនើងមួយក្រុមបានផឹកស៊ី ស្រាប់តែឈ្លោះគ្នា ពេលនោះមន្ដ្រីយោធាខាងលើ បានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនស្ដាប់ បែរជាទាញកាំបិតកាប់មន្ដ្រីយោធាបណ្ដាលឲ្យរងរបួសដៃ ភ្លាមនោះជនរងគ្រោះជាមន្ដ្រីយោធា បានដកកាំភ្លើងម៉ាក រ៉ូឡូ នៅចង្កេះបាញ់ឡើងលើចំនួន៣គ្រាប់ ដើម្បីបំបែកតែម្ដង តែមិនបណ្ដាលឲ្យត្រូវពលរដ្ឋណាម្នាក់ឡើយ។
ក្រោយកើតហេតុទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើអន្ដរាគមន៍ និងបានដកហូតកាំភ្លើងរបស់លោកឧត្តមសេនីយ៍យោធាជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្ដតាមនីតិវិធីផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ