កោះកុង ៖ យុវជនម្នាក់បានដើរកម្សាន្ត នៅចំណុចក្បាលឆាយទឹកធ្លាក់តាតៃ រអិលជើង ធ្លាក់ចូលទៅក្នុងទឹក បណ្តាលឲ្យទឹកកួចយកបាត់រកសពមិនទាន់ឃើញ ។ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បាលឆាយទឹកធ្លាក់តាតៃ ក្នុងស្រុកកោះកុង ។
ជនរងគ្រោះ ឈ្មោះ សម្បត្តិ៍ ចាន់ចាវ អាយុ២៤ឆ្នាំ មានទីលំនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃ ក្រោមការដឹកនាំដោយលោកអនុសេនីយ៍ទោ រស់ វ៉ាន់ថន នាយប៉ុស្តិ៍ បានសហការ ជាមួយកម្លាំងយោធាវរសេនាតូចលេខ ២ ក្រុមប្រឹក្សាឃុំ និងក្រុម គ្រួសារជនរងគ្រោះ នាំគ្នាស្វែងរកជនរងគ្រោះ ។ រហូតដល់ព្រឹកថ្ងៃចន្ទទី២៤ កញ្ញា ឆ្នាំ២០១៨ នៅមិនទាន់រក ឃើញសពអណ្តែតនៅឡើយ ខណៈដែលសមត្ថកិច្ច និងក្រុមគ្រួសារព្យាយាមដើររកកន្លែងទឹកហូរនោះ ៕ ដោយ ៖ បញ្ញាស័ក្តិ