ខេត្តព្រះសីហនុ ៖ មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន បានស្នើដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសសម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល សូមមានវិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ ដើម្បីដាក់ទោសទណ្ឌចំពោះបុគ្គលទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ សកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រ ឆ្នេរព្រែកត្រែង នាខេត្តព្រះសីហនុដែលល្មើសនឹងច្បាប់ ដើម្បីទុកជាការព្រមាន និងជាការអនុវត្តច្បាប់ ឲ្យបានស្មើភាព រវាងប្រជាពលរដ្ឋក្រីក្រខ្សត់បុណ្យស័ក្តិ និងមន្ត្រីមានអំណាចមានទ្រព្យធន។
ក្នុងនោះដែរ អ្នកស្រី ជាប សុធារី អ្នកសម្របសម្រួសសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ បានស្នើដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធរួមមាន៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឋឆ្នេរសមុទ្រកម្ពុជា – រដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយពង្រឹងការអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា ទាំងប្រជាពលរដ្ឋក្រីក្រគ្មានឋានៈបុណ្យស័ក្តិ និងមន្ត្រីមានឋានៈបុណ្យស័ក្តិខ្ពស់ ហើយមានទ្រព្យធន ត្រូវតែអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា។
អ្នកស្រីលើកសំណូមពរថា ៖ “បើអនុវត្តច្បាប់សូមអនុវត្តឲ្យបានទូទៅ មិនថាប្រជាពលរដ្ឋ ឬក្រុមហ៊ុន ដែលមានម្ចាស់ជាមន្ត្រីមានអំណាច ឬមានទ្រព្យធននោះទេ”។
អ្នកស្រីបន្ត ៖ “ក្រុមហ៊ុនទោះបីគាត់មានច្បាប់អនុញ្ញាតក៏ដោយ ក៏ក្រុមហ៊ុននោះត្រូវតែគោរពច្បាប់ដែរ។ ហើយច្បាប់ដែលក្រុមហ៊ុនត្រូវគោរពគឺច្បាប់ទាំងអស់ ដែលជាប់ពាក់ព័ន្ធការគ្រប់គ្រងតំបន់ឆ្នេរ ច្បាប់ភូមិបាល ច្បាប់ធ្វើអាជីវកម្ម ច្បាប់បរិស្ថាន ព្រមទាំងច្បាប់ និងសេចក្តីសម្រេចផ្សេងៗ ដែលមានជាប់ទាក់ទងការប្រើប្រាស់ និងការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ។ អញ្ចឹងបើយើងមានច្បាប់ហើយៗយើងមិននាំគ្នាគោរពច្បាប់ គឺគោរពតែអ្នកតូច ចំណែកអ្នកធំអាចធ្វើទង្វើតាមតែអំពើចិត្ត អញ្ចឹងច្បាប់វានៅតែមិនមានតម្លៃ និងមិនមានសក្តានុពល ដើម្បីអាចឲ្យមានការគ្រប់គ្រងការពារតំបន់ឆ្នេរធម្មជាតិទាំងអស់ហ្នឹងបានទេ”។
ចំណែក លោក ស្រេង វ៉ាន់លី អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ ក៏បានទទួចដល់ថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងការអនុវត្តច្បាប់ របស់ខ្លួន ឲ្យបានស្មើភាពគ្នា រវាងប្រជាពលរដ្ឋក្រីក្រ និងមន្ត្រីមានអំណាច ហើយមានទ្រព្យធន ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជាឲ្យបានប្រសើរ និងទទួលបានការគាំទ្រពីសាធារណជន។
អ្នកឃ្លាំមើលសង្គមរូបនេះ បានលើកឡើងដូច្នេះ បន្ទាប់ពីសង្កេតឃើញថាថ្មីៗនេះ មានសកម្មភាពបទល្មើសដឹកដីចាក់រំលោភយកឆ្នេរសមុទ្រឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ ដែលគេស្គាល់ថា អ្នកនៅពីក្រោយសកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រខាងលើនេះ គឺជាជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ ដែលជាអ្នកមានទ្រព្យ និងមានអំណាច ក្នុងជួររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ប៉ុន្តែមិនត្រូវបានច្បាប់ផ្តន្ទាទោស ហើយបានត្រឹមមន្ត្រីស្ថាប័នមួយចំនួន បង្កាប់ឲ្យបុគ្គលខាងលើកាយយកអាចម៌ដី ចេញពីឆ្នេរសមុទ្ររក្សាឆ្នេរសមុទ្រឲ្យមកសភាពដើមវិញតែប៉ុណ្ណោះ។
បញ្ហានេះ លោក ស្រេង វ៉ាន់លី បានកត់សម្គាល់ថា ៖ “ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញមានសកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រ និងមានសាងសង់រំលោភដីចំណីឆ្នេរសមុទ្រជាបន្តបន្ទាប់។ ជាពិសេសអ្វីដែលមានការចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំងនៅក្នុងប៉ុន្មានថ្ងៃមកនេះ គឺឃើញមានសកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រព្រែកត្រែង ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ បទល្មើសនេះ បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋ និងអ្នកលេងបណ្តាញសង្គមហ្វ្រែសប៊ុករួចមក ក៏ឃើញមន្ត្រីរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ បានចុះទៅទប់ស្កាត់សកម្មភាពដឹកដីចាក់លុឆ្នេរសមុទ្រខាងលើនេះ ទៅតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដោយតម្រូវឲ្យកាយយកអាចម៌ដីនោះចេញពីឆ្នេរវិញ។ ប៉ុន្តែយើងមានចម្ងល់ថា បុគ្គល ដែលបានធ្វើសកម្មភាពល្មើសខុសច្បាប់ដឹកដីចាក់លុបឆ្នេរព្រែកត្រែងខាងលើនេះ គួរតែត្រូវប្រឈមមុខជាមួយទោសទ័ណ្ឌដែលច្បាប់បានចែង ដើម្បីជៀសវាងទៅថ្ងៃក្រោយទៀត អាចមានបុគ្គលផ្សេងៗ យកគំរូតាម ហើយដឹកដីចាក់រំលោភយកឆ្នេរសមុទ្រធ្វើកម្មសិទ្ធិ ហើយបើធ្វើ “សម្រេច” ដូចករណីធ្លាប់កើតមាននោះ ប្រាកដណាស់អ្នកខាតបង់គឺរដ្ឋ និងប្រជាជន ។
ទាក់ទិនបញ្ហាខាងលើនេះដែរ បន្ទាប់ពីមានប្រតិកម្មច្រើន ពីសាធារណៈជនទូទៅ ជុំវិញសកម្មភាពចាក់ដីលុបចូលសមុទ្រ នៃឆ្នេរព្រែកត្រែងរួចមក កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយតម្រូវឲ្យកាយយកដី ដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម។
នៅក្នុងអំឡុងពេលនោះ លោក ជាសុផារ៉ា បានបដិសេធមិនផ្តល់បទសម្ភាស ជាមួយក្រុមអ្នកសារព័ត៌មាន ជុំវិញសកម្មភាពដឹកដីចាក់លុបចូលឆ្នេរសមុទ្រ ដែលជាប់ពាក់ព័ន្ធជាមួយ លោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ បានឲ្យរថយន្តដឹកដីចាក់លុបឆ្នេរព្រែកត្រែង ឃុំអូរត្រេះ ស្រុកស្ទឹងហាវខាងលើនេះទេ។
យ៉ាងណាក៏ដោយចុះភ្លាមៗ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយមានខ្លឹមសារថា ៖” អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យបុគ្គលដឹកដីចាក់លុបឆ្នេរព្រែកត្រែង ជីកកាយយកដី ដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម”។
ទោះជាបែបនេះក្តី ក្រុមមន្ត្រីសង្គមស៊ីវិលមួយចំនួននៅខេត្តព្រះសីហនុ និងប្រជាសារណៈមតិ ចង់ឃើញរាជរដ្ឋាភិបាលរក្សាឆ្នេរ និងអភិវឌ្ឍឆ្នេរទាំងឡាយឲ្យកាន់តែការទាក់ទាញសំរាប់ទាំងអស់គ្នា មិនគួរឲ្យចាក់លុបយកជាកម្មសិទ្ធផ្ទាល់ខ្លួនកើតឡើងទៀតទេ។
ត្រង់ចំណុចនេះ អ្នកស្រី ជាប សុធារី អ្នកសម្របសម្រួសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ បានអះអាងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឆ្នេរសមុទ្រកម្ពុជា ពិសេសឆ្នេរសមុទ្រខេត្តព្រះសីហនុ គឺមានសំណង់រឹងមាំ និងមានសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រជាច្រើនកន្លែង ដោយមិនឃើញថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធណាមួយចេញមុខទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។
អ្នកស្រីកត់សម្គាល់ថា អ្នកជាប់ពាក់ព័ន្ធសកម្មភាពចាក់ដឹកដីរំលោភយកឆ្នេរសមុទ្រ និងសង់សំណង់រឹងមាំ គឺភាគច្រើនជាមន្ត្រីមន្ត្រីមានអំណាច ក្រុមហ៊ុន និងអ្នកមានទ្រព្យធន ហើយពួកគេអាចធ្វើសកម្មភាពរំលោភយកដីចំណីឆ្នេរសមុទ្រ បានដោយគ្មានការហាមឃាត់មានភាពរលូន និងមានឯកសារច្បាប់ជួយជ្រោមជ្រែងមានលក្ខណៈពិសេសថែមទៀតផង។ អ្នកស្រីថា វាខុសប្លែកពីប្រជាពលរដ្ឋក្រីក្រគ្មានឋានៈបុណ្យស័ក្តិ គឺត្រូវប្រឈមមុខនឹងច្បាប់ រួមទាំងការជាប់ពន្ធនាគារ ឲ្យតែហ៊ានធ្វើសកម្មភាពមិនប្រក្រតីអ្វីមួយ តាមឆ្នេរនាខេត្តព្រះសីហនុ។
អ្នកស្រី ជាប សុធារី «បើយើងពិនិត្យទៅលើច្បាប់ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរខេត្តព្រះសីហនុ គឺបានកំណត់យ៉ាងច្បាស់ថា រាល់ការអភិវឌ្ឍផ្សេងៗ គឺត្រូវស្ថិតនៅឲ្យឆ្ងាយ១០០ម៉ែត្រ ពីកន្លែងទឹកជោរទឹកនាច។ ហើយយើងក៏បានកំណត់ដែរថា ឆ្នេរសមុទ្រត្រូវមានទំហំ៥០ម៉ែត្រ ពីឆ្នេរទឹកជោរទឹកនាច ប៉ុន្តែយើងឃើញថា បច្ចុប្បន្ននេះ មានសំណង់អាគារធំស្កឹមស្កៃជាច្រើនបានសង់នៅជាប់ដីចំណីឆ្នេរសមុទ្រក៏មិនឃើញមានការអនុវត្តទៅតាមសេចក្តីសម្រេចសម្រេច របស់គណៈគម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានោះដែរ។ យើងត្រេកអរហើយ ដែលឃើញក្រសួងចំនួន៣ របស់រដ្ឋាភិបាល បានយកចិត្តទុកដាក់ និងចុះមកអន្តរាគមន៍កាយយកអាចម៌ដី ចេញពីឆ្នេរសមុទ្រព្រែកត្រែងភ្លាមៗមិនឲ្យហួសពេល។ ប៉ុន្តែទន្ទឹមគ្នានេះ យើងក៏ឃើញ មានសកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រ ឬចាក់ចូលសមុទ្រ នៅទីកន្លែងផ្សេងៗ ក៏បានកើតមានជាបន្តបន្ទាប់ទៀតដែរ»។
សកម្មភាពរបស់មេដឹកនាំកំពូលៗរបស់ប្រទេសពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យមនុស្សមួយនគររីករាយស្វាគមន៍ និងជាលំនាំការងារមួយដែលអាជ្ញាធរខេត្តព្រះសីហនុ ល្មមចាប់អារម្មណ៍ និងមានវិធានការបន្ត ពុំមែនទាល់តែសម្តេចតេជោ លោកបញ្ជាទើបធ្វើនោះទេ ។
បញ្ហាបន្តនៅមានច្រើនជាអាទិ៍ នីវិតវិធីត្រូវអនុវត្តចំពោះករណីកន្លងមកក៏ដូចជាហេតុការណ៍ស្រដៀងគ្នានេះ ដែលបាននិងកំពុងកើតឡើង ។ ពុំគប្បីឲ្យកើតមាន “ដំណោះស្រាយ២ក្នុងរឿងតែមួយ” នោះទេ ។ ពិសេសគឺគួរពិចារណាដាក់ចេញនូវវិធានការ បង្ការទុកជាសំខាន់ ។
បទពិសោធន៍ក្នុងរឿងខាងលើ សាធារណមតិពិតជាពិបាកទទួលយកថា អាជ្ញាធរខេត្ត ដែលជាគណៈបញ្ជាការឯកភាពខេត្តផងនោះ ពុំបានដឹងឬ “ទើបនឹងដឹង” រឿងនេះណាស់ ។ ពិសេសក្រោយហេតុការណ៍នេះ គួរឲ្យមាននីតិវិធី គោលដៅត្រូវបន្តអនុវត្ត ហើយប្រកាសជាសាធារណៈភ្លាមៗ ចៀសវៀងបង្ករលកមតិអសកម្មប៉ះពាល់ដល់រដ្ឋាភិបាល ដោយសារតែការរង់ចាំៗអ្វីៗទាល់តែមានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលទើបធ្វើនោះ ។
យ៉ាងណាក៏ដោយចុះក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ ដែលចូលមកទស្សនាខេត្តព្រះសីហនុ ហើយបានចូលទៅសម្រាកលំហែនៅឆ្នេរព្រែកត្រែង បានសាទរចំពោះបទបញ្ជាក្តៅ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឲ្យ លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី ដឹកនាំមន្ត្រីជំនាញចុះទប់ស្កាត់សកម្មភាពដឹកដីចាក់រំលោភចូលឆ្នេរសមុទ្រធម្មជាតិ នៃឆ្នេរព្រែកត្រែង ស្ថិតភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានទាន់ពេលវេលា។
ឆ្នេរសមុទ្រប្រទេសកម្ពុជា សរុបមានប្រវែង ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្រ រួមមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ បានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្រស់ស្អាតបំផុតនៅលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)។
ក្នុងនោះឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) និងមានកោះចំនួន៣២ មានជីវចម្រុះធម្មជាតិស្រស់ស្អាត ដែលជាសក្ដានុពលក្នុងការអភិវឌ្ឍពង្រីកវិស័យទេសចរណ៍នាមូលដ្ឋានខេត្តព្រះសីហនុនាថ្ងៃអនាគត៕ ដោយ៖ ដែន សីមា