Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ប្រធានរដ្ឋសភា ប្រាប់​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ត្រូវ​ចេះ​ធ្វើ​មគ្គុ​ទេស និង​អ្នកការទូត​ដ៏​ល្អ​

ភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ បានអនុញ្ញាត​ឲ្យ​ប្រតិភូសមា​គម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ដែល​ត្រូវ​ទៅ​ចូលរួម​កម្មវិធី នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​លើក​ទី​៤៥ នាពេលខាងមុខ ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍ សម្រាប់​ការចូលរួម​កម្មវិធី នាវា​ដ៏​មាន​សារសំខាន់​នេះ បាន​ជោគជ័យ​ជូន​ប្រទេស​ជាតិ ពិសេស​ការពង្រឹង​ពង្រីក និង​ផ្សព្វផ្សាយ​កិត្យានុភាព កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើង​ថា ការចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ជា​ឱកាស​ពិសេស ក្នុង​ការឲ្យ​យុវជន​កម្ពុជា​ពង្រឹង និង​ពង្រីក​ចំណង​ទំនាក់ទំនង​មិត្តភាព និង​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​យុវជន​អាស៊ាន និង​ជាមួយ​ប្រទេស​ជប៉ុន​។ ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យបាន ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​ខ្លួន និង​ប្រទេស​ដទៃ ដើម្បី​ងាយស្រួល​ក្នុង​ការអនុវត្ត​ការងារ និង​បកស្រាយ​ប្រាប់​យុវជន​រួម​ដំណើរ​។​

​សូមជម្រាបថា យុវជន​កម្ពុជា​ចំនួន​២៩​នាក់ នឹង​ត្រូវ​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៥ ពី​ថ្ងៃ​ទី​២៣ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។ លោក ស្រ៊ាន គឹម​លី ប្រធាន​ប្រតិភូ និង​ជា​ប្រធាន​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា បាន​ជម្រាប សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ថា នៅក្នុង​រយៈពេល​៥២​ថ្ងៃនេះ កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ដែល​មាន​យុវជន​មក​ពី​​ប្រទេស​ក្នុង​អាស៊ាន រួម​នឹង​ប្រទេស​ជប៉ុន ដែលជា អ្នក​បង្កើត​កម្មវិធី​នេះ និង​ធ្វើ​ដំណើរ​តាម​នាវា ពី​ប្រទេស​ជប៉ុន ឆ្លងកាត់​ប្រទេស​ប្រ៊ុយណេ ហ្វីលីពីន ថៃ និង​ប្រទេស​វៀតណាម​។ នៅក្នុង​នោះ គណៈប្រតិភូ​យុវជន​ទាំងអស់ នឹង​មាន​កម្មវិធី​ពិភាក្សា​គ្នា​ទៅលើ​ប្រធាន​បទ​សំខាន់ៗ ក្នុង​ការជួយ​ដល់​សង្គមជាតិ ការ​រឹតចំណង​មិត្តភាព​នៃ​ប្រទេស នី​មួយៗ​។​

​លោក ស្រ៊ាន គឹម​លី បាន​គូសបញ្ជាក់ថា នៅពេល​នោះ​យុវជន​និង​ត្រូវ​ចែករំលែក​ពី​វប្បធម៌ សិល្បៈ នៃ​ប្រទេស​នី​មួយៗ​។ ការ​ស្នាក់នៅ​ជាមួយ ឪពុក​ម្តាយធម៌ ហើយ​នៅ​ពេល​កម្មវិធី​នាវា​ឆ្លងកាត់​ប្រទេស​ណា យុវជន​គណៈប្រតិភូ និង​បាន​ចូលជួប​សម្តែង​ការគួរសម ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស នោះ​ផង​ដែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ថា “​ក្មួយ​ត្រូវខិតខំ​សិក្សា ស្វែង​យល់​បន្ថែមទៀត អំពី​ចំណេះដឹង​ទូទៅ​ទាក់ទង​នឹង ស្ថាប័ន តំបន់ និង​អន្តរជាតិ​នានា ដែល​កម្ពុជា​ជា​សមាជិក ក្នុងនោះ ដូចជា​អាស៊ាន អន្តរ​សភា​អាស៊ាន​(​អាយ​ប៉ា​) និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត រួម​ទាំង​អត្ថប្រយោជន៍ ដែល​កើតចេញ​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​អង្គការ​ទាំងនោះ​សម្រាប់​កម្ពុជា​យើង​”​។​

​សម្តេច​បាន​ផ្តល់​ជា​អនុសាសន៍​ថា យុវជន​ដែល​ជា​ប្រតិភូ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​សិក្សា​រៀនសូត្រ​ពី​ស្ថានភាព​របស់​ប្រទេស​ដទៃ និង​អំពី​ភាព រីកចម្រើន​របស់​ប្រទេស​នោះ ដើម្បី​ពាំនាំ​នូវ​ចំណុច​ល្អៗ​យក​មក​អភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន​។ ត្រូវ​ចេះ​ស្រលាញ់​គ្នា​ឲ្យ​ដូច​ជា​បងប្អូន ដោយ​ត្រូវ​ធ្វើ​ការសហការ​គ្នា​ធ្វើ​ការងារ​ជា​ក្រុម និង​ចេះ​ជួយ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រប់​កាលៈទេសៈ ដូច​ពាក្យ​ខ្មែរ​មួយ​ឃ្លា​ពោលថា “​នៅ​ផ្ទះ​ម្តាយ​ទីទៃ ទៅ​ព្រៃ​ម្តាយ តែមួយ​”​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​សង្កត់ធ្ងន់ថា យុវជន​ទាំងអស់​ត្រូវ​ធ្វើ​ជា​មគ្គុទេសដ៏​ល្អ​ម្នាក់ ជា​អ្នកការទូត​ម្នាក់ តំណាង​ឲ្យ​កម្ពុជា ដោយ​រក្សា​ឲ្យបាន​នូវ​កិត្តិយស តម្លៃ និង​វប្បធម៌​របស់​ជាតិ ដោយ​ត្រូវ​ព្យាយាម​លើកកម្ពស់​វប្បធម៌ ទេសចរណ៍ និង​អត្តសញ្ញាណ​ជាតិ ព្រម​ទាំង​រក្សា​នូវ​ទំនាក់ទំនង​ល្អ ជាមួយ​យុវជន​បណ្តា​ប្រទេស​ដ៏ទៃទៀត​។​

​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​-​ជប៉ុន បង្កើតឡើង​ដោយ​ប្រទេស​ជប៉ុន គឺ​នៅ​ឆ្នាំ​១៩៧៤​។ ចំណែក សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៤ ដែល​រហូត​មកដល់ពេលនេះ មាន​យុវជន​កម្ពុជា ចំនួន​៦៦៩​នាក់ ហើយ​បាន​ចូលរួម​ជាមួយ​កម្មវិធី​នាវា​យុវជន​អាស៊ី អាគ្នេយ៍​-​ជប៉ុន​នេះ​។ លោក ស្រ៊ាន គឹម​លី បាន​មានប្រសាសន៍ថា សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា បាន​ដំណើរការ​រហូត​មកដល់​ពេលនេះ គឺ​ដោយសារ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ថ្នាក់ដឹកនាំ ស្ថាប័ន​កំពូលៗ​របស់​ជាតិ ក្រសួង​​មន្ទីរ​នានា ជាពិសេស ការ​ផ្តល់​កិត្តិយស​យ៉ាង​ថ្លៃថ្លា​របស់ សម្តេច​ប្រធានរដ្ឋសភា ដែល​ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិរ​បស់​ជាតិ​៕ ​ដោយ ​៖​ កូឡាប​

×