កំពង់ធំ- បាត់បំដង៖ មានករណីស្ត្រីមានផ្ទៃពោះចំនួនពីរនាក់ ក្នុងថ្ងៃតែមួយ ស្ថិតក្នុងទីកន្លែងផ្សេងគ្នា បានសម្រាលកូនតាមផ្លូវ ខណៈពេលប្តីឌុបម៉ូតូទៅមណ្ឌលសុខភាព ហើយត្រូវបានក្រុមគ្រូជួយសង្គ្រោះបានទាន់ពេលវេលា ។
ក្នុងករណីទី១ គឺនៅយប់ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៣ និង ៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៨ ក្នុងពេលដែលកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកងប្រជាការពារ កំពុងល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានប្រទះឃើញ ស្ត្រីម្នាក់ ដែលគាត់មានអការឈឺពោះសម្រាលកូនតាមដងផ្លូវដោយពុំមានបងប្អូនឬញាតិមិត្តនៅជាមួយឡើយ ស្ត្រីរូបនោះមានឈ្មោះស៊ូ សម្បត្តិ អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិ ភ្នំ១០០ ឃុំ ត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងស្ថានភាពបែបនេះកម្លាំងនគរបាល រួមជាមួយកងប្រជាការពារ បានរាយការណ៍ទៅមន្ត្រីប្រចាំការ នៅមណ្ឌលសុខភាពឃុំត្រាង ស្រុកកំរៀង ចុះមកដល់ទីកន្លែង ដើម្បីជួយសម្រួល ដល់ការសម្រាលរបស់ស្ត្រីខាងលើ ទាំងម្តាយនិងកូន ប្រកបដោយសុវត្ថិភាពហើយនគរបាលបានដឹកនាំពួកគាត់ ទៅកាន់មណ្ឌលសុខភាពត្រាង ក្នុងពេលនោះផងដែរ។
ចំណែកករណីទី២ គឺស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេ ប្តីឌុបតាមម៉ូតូទៅមណ្ឌលសុខភាព តែទៅមិនទាន់ដល់ ក៏បានឆ្លងទន្លេតាមផ្លូវតែម្ដង កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវពីឃុំមានរិទ្ធ ស្រុកសណ្តាន់ ទៅកាន់មណ្ឌលសុខភាពសណ្តាន់ ខេត្តកំពង់ធំ។ ស្ត្រីដែលមានផ្ទៃពោះគ្រប់ខែឆ្លងទន្លេតាមផ្លូវឈ្មោះ អ៊ុ ផាន អាយុ២៧ឆ្នាំ មានប្ដីឈ្មោះ ភូមិ ផន អាយុ៣០ឆ្នាំ រស់នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
បើយោងតាមបុរសជាប្តីនិយាយថា ភរិយារបស់លោកមានផ្ទៃពោះគ្រប់ខែ តែមិនដឹងថាត្រូវសម្រាលនៅពេលណា លុះនៅព្រឹកថ្ងៃកើតហេតុ ប្រពន្ធរបស់គាត់ប្រាប់គាត់ថា នាងឈឺពោះហើយ ឮដូច្នោះរូបគាត់ជាប្តីក៏ប្រញាប់ឌុបប្រពន្ធដោយម៉ូតូ ក្នុងគោលបំណងយកនាងទៅ សម្រាលកូននៅឯមណ្ឌលសុខភាពសណ្តាន់។ នៅពេលកំពុងជិះម៉ូតូមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចអូរពកសាមគ្គី ឃុំមានរិទ្ធ ដោយសារតែផ្លូវពិបាកពេក ខ្លាចដួលព្រោះផ្លូវរអិល ក៏បានឈប់ម៉ូតូឲ្យប្រពន្ធចុះដើរតិចៗ។ ពេលនាងដើរបានមួយសន្ទុះ នាងថាឈឺពោះខ្លាំងណាស់ ទ្រាំមិនបានទេ គាត់ក៏ដាក់ឲ្យប្រពន្ធសម្រាកនៅក្រោមដើមឈើ ក៏ឆ្លងទន្លេបានកូនប្រុសម្នាក់តាមផ្លូវ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ដែលនៅជិតនោះ នាំគ្នារត់មកចោមរោមមើល និងជួយសង្គ្រោះស្ត្រីកូនខ្ចីនេះ។
អ្នកខ្លះបានទូរស័ព្ទប្រាប់លោកអភិបាលស្រុក បន្ទាប់ពីទទួលបានដំណឹងនេះ លោក ឡង គឺសឹង អភិបាលស្រុកសណ្តាន់ ក៏បានឲ្យខាងរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពសណ្តាន់ និងក្រុមគ្រូពេទ្យ ទៅជួយអន្ដរាគមន៍ ដឹកយកមកជួយសង្គ្រោះ នៅមណ្ឌលសុខភាពស្រុកសណ្ដាន់ ។
លោកអភិបាលស្រុក បានផ្តាំផ្ញើដល់អ្នកទាំងពីរត្រូវថែរក្សាសុខភាពឲ្យបានល្អ លើកក្រោយៗនៅពេលដែលមាន ផ្ទៃពោះទៀត ត្រូវតែមកពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់ពេលវេលា និងបានថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋដែលបានទូរស័ព្ទមកប្រាប់ដល់រូបលោកឲ្យបានដឹង និងជួយសង្គ្រោះបានទាន់ពេលវេលា។
ពីរនាក់ប្តីប្រពន្ធប្រាប់ថា ចាប់តាំងពីមានផ្ទៃពោះពេលណាមក ដោយសារតែជីវភាពក្រីក្រ ពួកគេមិនដែលបាននាំប្រពន្ធមក ពិនិត្យផ្ទៃពោះម្តងណាទេ៕ ដោយ៖កូឡាប