ភ្នំពេញ៖ ការអភិវឌ្ឍន៍ប្រទេស ត្រូវតែមានការចូលរួមពីយុវជន ជាពិសេសស្ថាប័នកាយរិទ្ធជាតិកម្ពុជាដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចូលរួមកាន់តែជ្រៅក្នុងការជួយអភិវឌ្ឍន៍យុវជនតាមរយៈចលនាកាយរិទ្ធកម្ម និងចលនាប្រឡងប្រណាំង៣ល្អ គឺជាការកែទម្រង់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល។
នៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧នេះនៅរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចូលកាយរិទ្ធថ្មីចំនួន៧៦នាក់ ក្នុងនោះមានអស់លោក លោកស្រីអភិបាលរងរាជធានីភ្នំពេញ លោក និងលោកស្រីជាអភិបាល អភិបាលរងខណ្ឌទាំង១២ប្រធាន និងអនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យអប់រំនិងកីឡាខណ្ឌសរុប៧៦នាក់ ត្រូវបានធ្វើពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងដែលជាការបំពេញនិតិវិធីកាយរិទ្ធផ្លូវការដើម្បីក្លាយជាថ្នាក់ដឹកនាំកាយរិទ្ធរាជធានី និងខណ្ឌ ស្របតាមបទបញ្ជា និងធម្មនុញ្ញកាយរិទ្ធជាតិកម្ពុជា។
ក្នុងឱកាសនោះលោក នូន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា៖ ជាការពិតណាស់ការអភិវឌ្ឍន៍ប្រទេស គឺត្រូវតែមានការចូលរួមពីយុវជន ហេតុនេះការរៀបចំពិធីបំពាក់កន្សែងជូនថ្នាក់ដឹកនាំកាយរិទ្ធរាជធានីភ្នំពេញ និងខណ្ឌនាពេលនេះ គឺជាការកែទម្រង់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំយុវជន និងកីឡា ជាពិសេសស្ថាប័នកាយរិទ្ធជាតិកម្ពុជាដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចូលរួមកាន់តែជ្រៅក្នុងការជួយអភិវឌ្ឍន៍យុវជនតាមរយៈចលនាកាយរិទ្ធកម្ម និងចលនាប្រឡងប្រណាំង៣ល្អគឺ៖កូនល្អ សិស្សល្អ មិត្តល្អ ។
លោកអភិបាលរងរាជធានីបានលើកឡើងថា៖បំណិនជីវិតរៀនតាមរយៈការអនុវត្តផ្ទាល់ផ្សារភ្ជាប់តាមបែបអប់រំក្រៅប្រព័ន្ធដោយផ្តោតលើសសរស្តម្ភទាំង៤នៃការអប់រំគឺ៖រៀនដើម្បីទទួលបានចំណេះដឹង រៀនដើម្បីទទួលបានចំណេះធ្វើ រៀនពីបទពិសោធន៍និងរៀនរស់នៅជាមួយគ្នាប្រកបដោយសុខដុមរម្យនា។ តាមការឲ្យដឹងពីលោកប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបញ្ជាក់ថា៖រាជធានីភ្នំពេញមានកាយរិទ្ធសរុបចំនួន៨.៣៥៧នាក់(ស្រី៣.៧៦០នាក់)ចែកចេញជា៧៥កងឯកភាព ស្មើនឹង១.០៥៦ល្បាត៕ ដោយ៖កូឡាប