ខេត្តព្រះសីហនុ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នាឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា ឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានវត្តមានមន្ត្រីក្រោមវាទខេត្ត មកពីមន្ទីរ អង្គភាពនានា និងមេឃុំចូលរួមផង។ លោក យន្ត មីន បានផ្តល់ជាអនុសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់ពី ភូមិ ឃុំ-សង្កាត់ ស្រុក-ក្រុង និងតាមមន្ទីរ-អង្គភាពទាំងអស់ ត្រូវរួមគ្នាសហការជាមួយក្រមហ៊ុនប្រមូលសំរាម សំអាតសំរាមនៅតាមទីតាំង ដែលខ្លូនគ្រប់គ្រងដោយភាពទទួលខុសត្រូវ។
ក្រៅពីការងារប្រមូលសំរាម លោក យន្ត មីន ក៏បានរំលឹកកម្លាំងនគរបាល និងមន្ត្រីជាប់ពាក់ព័ន្ធត្រូវពិនិត្យមើលការងាររៀបចំសណ្តាប់ធ្នាប់ សន្តិសុខអោយមានប្រសិទ្ធភាព។ ក្នុងនោះបញ្ហារថយន្ត ចតតាមផ្លូវ នគរបាលសណ្តាប់ធ្នាប់ និងអាជ្ញាធរដែនដីត្រូវពិចារណាគិតគូរឡើងវិញ ធ្វើយ៉ាងណាឲ្យមានរបៀបរៀបរយ។
លោក យន្ត មីន ឲ្យដឹងដូច្នេះរួចបញ្ជាក់ថា ផ្លូវសម្រាប់មនុស្សដើរមិនមែនសម្រាប់ចតឡានទេ ត្រូវពិនិត្យឡើងវិញ ដោយការទទួល ខុសត្រូវ។ ហើយថា ចាប់ពីនេះទៅត្រូវធ្វើអោយតឹងរឹងតាមច្បាប់កុំធ្វើយកតែរួចខ្លួនមួយគ្រាៗនោះ។
ព្រមជាមួយគ្នានេះ លោក យន្ត មីន ក៏បានស្នើមន្ទីរពាណិជ្ជកម្ម ត្រូវពិនិត្យមើលភាពស្របច្បាប់ នៃអាជីវកម្មជនបរទេសទាំងឡាយនៅខេត្តព្រះសីហនុ ឲ្យបានត្រឹមត្រូវ និងចាត់វិធានការសមស្រប ដើម្បីចៀសវាងមានការមិនសប្បាយចិត្តពីសំណាក់ អាជីវកម្ម របស់ ប្រជាពលរដ្ឋខ្មែរ។ ឬធ្វើយ៉ាងណាត្រូវការពារផលបរយោជន៍ របស់ប្រជាពលរដ្ឋខ្មែរអោយបានជាអតិបរមារ។
ដោយឡែកមន្ទីរធនធានទឹក ត្រូវពិនិត្យការរំលោភអូរប្រឡាយ ដែលរងការរំលោភហើយបានបង្កការប៉ះពាល់ដល់ពលរដ្ឋត្រូវតែមានវិធានការដោះស្រាយជាបន្ទាន់ ហើយបើធ្ងន់ធ្ងរត្រូវសហការជាមួយតុលាការ ដើម្បីចាត់ការតាមច្បាប់ក្នុងករណីចាំបាច់។
លោកអភិបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា មន្ត្រីទាំងអស់ ចាប់តាំងពីភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក និងអង្គភាព- មន្ទីរជំនាញនានា ត្រូវរួមគ្នាធ្វើការងារដោយទទួលខុសត្រូវខ្ពស់ និងត្រូវធ្វើជាសេនាធិការអោយអាជ្ញាធរដែនដីរបស់ខ្លួនអោយបានល្អ។ កុំធ្វើអ៊ែលៗ ឬលំៗ យករួចខ្លួនអោយសោះ។
លោក យន្ត មីន បានព្រមានថា ចាប់ពេលនេះទៅ មន្ត្រីទាំងអស់គ្នាត្រូវតែខិតខំធ្វើការតាមតួនាទី របស់ខ្លួនអោយបានសកម្មទ្វេរដងថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត របស់ប្រជាជន ដែបានផ្តល់មកអោយយើង៕ ដោយ៖ ដែន សីមា