ភ្នំពេញ ៖ កញ្ញាកឹម មនោវិទ្យា អតីតអ្នកតំណាងរាស្ត្រ ដែលជាកូនស្រីលោកកឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង នឹងដឹកនាំធ្វើមហាបាតុកម្មដោយផ្ទាល់ ។ កញ្ញាកឹម មនោវិទ្យា ក៏បានស្នើសូមបងប្អូនពលរដ្ឋខ្មែរនៅអាមេរិក អញ្ជើញចូលរួមឲ្យបានច្រើនកុះករ។ “គណបក្សសង្គ្រោះជាតិ ដឹកនាំដោយកញ្ញា កឹម មនោវិទ្យា នឹងធ្វើមហាបាតុកម្មមួយនៅថ្ងៃទី២៩ ខែកញ្ញា វេលាម៉ោង១៥រសៀល នៅទីលានអង្គការសហប្រជាជាតិ នៅបុរីញូយ៉ក ដើម្បីទាមទារឲ្យមានការទម្លាក់ការចោទប្រកាន់ទាំងឡាយ ប្រឆាំងលោកប្រធានកឹម សុខា និងឲ្យមានការដោះលែងពេញលេញ”។
ប៉ុន្តែទោះយ៉ាងណា ពាក់ព័ន្ធនឹងការដឹកនាំធ្វើមហាបាតុកម្មនេះ លោកមុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា បានបដិសេធចំពោះគណនេយ្យហ្វេសប៊ុក និងសេចក្តីថ្លែងការណ៍ក្លែងក្លាយ កញ្ញាកឹម មនោវិទ្យា ។
លោកមុត ចន្ថា បានបញ្ជាក់ក្នុងផេកហ្វេសប៊ុកកាលពីថ្ងៃទី២៧កញ្ញាថា នៅថ្ងៃនេះ យើងសង្កេតឃើញ មានគណនេយ្យហ្វេសប៊ុក ដែលប្រើប្រាស់ឈ្មោះ និងរូបថតរបស់កញ្ញា កឹម មនោវិទ្យា ត្រូវបានបង្កើតឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។ ទន្ទឹមនេះដែរ ជនទុច្ចរិតក៏បានកាត់តប្រូហ្វែលហ្វេសប៊ុក (facebook profile) របស់ខ្ញុំ ដោយភ្ជាប់ជាមួយសេចក្តីជូនដំណឹងក្លែងក្លាយផងដែរ។
នៅពេលជាមួយគ្នានេះដែរ ជនមិនស្គាល់អត្តសញ្ញាណ ដែលមានបំណងទុច្ចរិត ក៏បានបញ្ចញសេចក្តីថ្លែងការណ៍ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះគណសង្គ្រោះជាតិ ដែលអះអាងថា កញ្ញា កឹម មនោវិទ្យា នឹងដឹកនាំធ្វើបាតុកម្ម នៅមុខស្នាក់កណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នាពេលខាងមុខ។
នេះមិនមែនជាលើកទីមួយទេ ដែលជនទុច្ចរិត បានក្លែងបន្លំគណនេយ្យហ្វេសប៊ុករបស់ខ្ញុំ និងរបស់កញ្ញា កឹម មនោវិទ្យា ព្រមទាំងបញ្ចេញសេចក្តីប្រកាសព័ត៌មាន ឬសេចក្តីថ្លែងការណ៍ ឬលិខិតផ្សេងៗ ក្នុងគោលបំណងបង្កើតឲ្យមានការយល់ច្រឡំ បំភ័ន្តមតិ និងមួលបង្កាច់ទម្លាក់កំហុស។ យើងសូមធ្វើការបដិសេធ យ៉ាងដាច់អហង្ការ ចំពោះគណនេយ្យហ្វេសប៊ុកក្លែងក្លាយ និងសេចក្តីថ្លែងការណ៍ក្លែងក្លាយទាំងនេះ។ យើងក៏សូមបញ្ជាក់ថា “កញ្ញា កឹម មនោវិទ្យា ពុំដែលមានគម្រោង ឬពុំដែលគ្រោងទៅចូលរួម ឬដឹកនាំបាតុកម្មអ្វីឡើយ”។ អាស្រ័យហេតុនេះ សូមសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភ័ន្តច្រឡំឲ្យសោះ។ យើងក៏សូមថ្កោលទោសយ៉ាងដាច់ខាត ចំពោះជនទាំងឡាយណា ដែលបំណងទុច្ចរិត បង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ ដោយប្រើប្រាស់ប្រូហ្វែលរបស់យើងខ្ញុំ ព្រមទាំងសេចក្តីថ្លែង ជូនដំណឹងក្លែងក្លាយទាំងនេះ”៕ ដោយ ៖ កូឡាប