ភ្នំពេញ ៖ បេសកកម្មការទូតរបស់ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឈានដល់ចុងអាណត្តិហើយ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោក បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ លោក ស្យុង ប៉ បានជម្រាបសម្តេចពីទំនាក់ទំនងដ៏ល្អ រវាងប្រទេសកម្ពុជា និងចិន ដែលប្រៀបដូចជាគ្រួសារតែមួយ។ ទាំងសម្តេច និងលោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំខួបទី៦០ នៃទំនាក់ទំនងការទូត ជាប្រវត្តិសាស្ត្រ រវាងប្រទេសយើងទាំងពីរ ចិន-កម្ពុជា ដែលបានកសាងឡើងដោយអតីត ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំប្រទេសចិន។ ទំនាក់ទំនងដ៏យូរលង់នេះ ត្រូវបានប្រមុខដឹកនាំប្រទេសទាំងពីរបច្ចុប្បន្ន បន្តលើកស្ទួយឈានដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺ “កិច្ចសហប្រតិបត្តិការ ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលបាននឹងកំពុងផ្តល់ផ្លែផ្កាជាក់ស្តែងលើគ្រប់វិស័យ។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់ឯកឧត្តម បានបន្សល់ទុកនូវស្នាដៃជាច្រើន សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ ព្រមទាំងបានជម្រុញកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍ជាច្រើន ប្រែក្លាយឲ្យទៅជាការអនុវត្តជាក់ស្តែង។ ទាំងនេះបានបង្ហាញពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការជម្រុញអនុវត្តន៍គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់មិត្តចិន។
សម្តេចបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគមានការរីកចំរើនយ៉ាងខ្លាំង ធ្វើឲ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្ម និងជាប្រទេសមានទុនវិនិយោគធំទី១នៅកម្ពុជា ទន្ទឹមនឹងនោះក៏បានចាត់វិធានការ ដើម្បីពង្រឹងការនាំចូលពីប្រទេសកម្ពុជាលើផលិតផល កសិកម្មជាច្រើនប្រភេទ។
“ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទោះបីឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយទៅបំពេញតួនាទីថ្មីនៅក្នុងស្ថាប័នណាមួយក៏ដោយ ឯកឧត្តមនឹងនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា។ ខ្ញុំសូមជូនពរ ឯកឧត្តមមានសុខភាពល្អ និងនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្មបន្តបន្ទាប់ទៀត” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។
លោក ស្យុង ប៉ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលា មានតម្លៃទទួលជួបលោកដើម្បីជម្រាបលា នៅពេលបេសកកម្មការទូតរបស់ឯកឧត្តមបានបញ្ចប់។ លោកបានលើកឡើងថា បេសកកម្មដែលទទួលបានជោគជ័យដ៏ថ្លៃថ្លានោះ បើគ្មានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសម្តេច និងពីស្ថាប័ននីតិបញ្ញត្តិទេ គឺមិនមានផ្លែផ្លាបែបនេះឡើយ៕ ដោយ ៖ កូឡាប