តាកែវ៖ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ឌឹម ថេង អគ្គនាយករងកាំកុងត្រូល និងលោក គឿន ភិរុណ ជាអនុប្រធាននាយកដ្ឋានសហការណ៍ជាមួយមន្ត្រីជំនាញរបស់មន្ទីពិសោធន៍ និងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ រួមជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលមានទីតាំង នៅ
ស្រុកបាទី និងស្រុកសំរោង និងក្រុងដូនកែវ ខេត្តតាកែវ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប ជាពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំតែម្តង ។ ឆ្លងតាមការត្រួតពិនិត្យគុណភាព និងបរិមាណនេះគឺផ្នែកទៅលើ ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពី កុងទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ។
លោក ដឹម ថេង អគ្គនាយរងកាំកុងត្រូលបានថ្លែងប្រាប់ក្រុមអ្នកសារពត័មាននៅថ្ងៃទី ២៩ ខែវិច្ឆិការ ឆ្នាំ ២០១៧នេះថា ការត្រួតពិនិត្យនៅពេលនេះ យើងទទួលបានលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ ក្រុមហ៊ុន និងដេប៉ូ ទាំង ១០ កន្លែងនៅតាមទីតាំងខាងលើនេះគឺមាន ស្ថានីយក្រុមហ៊ុន ០១កន្លែងតែប៉ុណ្ណោះ ដែលមានអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់ ចំណែកស្ថានីយ៏ក្រុមហ៊ុន និងដេប៉ូ ០៩ កន្លែងផ្សេងទៀត មានកង្វះបរិមាណប្រេងមិនត្រឹមត្រូវតាមបទដ្ឋានរង្វាស់រង្វាល់ឡើយ ។ លើសពីនោះ ស្ថានីយក្រុមហ៊ុន និងដេប៉ូទាំងនោះ ថែមទាំងបានលក់ប្រេងធម្មតា (Regular) ជាប្រេងស៊ុបពែរ (Super) ទៅអោយអ្នកប្រើប្រាស់ថែមទៀត ដូច្នេះមន្ត្រីជំនាញកាំកុងត្រូល បានឲ្យម្ចាស់ស្ថានីយក្រុមហ៊ុន និងដេប៉ូទាំងនោះ ត្រូវធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ ពីស្ថាប័នមានសមត្ថកិច្ច និងបានណែនាំឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតានពិតប្រាកដទៅតាមស្តង់ដារ ។
លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ។ ដោយឡែកចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះទេ និងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ ជាធរមាន។
ក្នុងនោះដែរលោក ប៉ោ លាងគង់ ប្រធានសាខាកំកុងត្រូលខេត្តាកែវ ក៏បានបញ្ជាក់ដែរថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុន ក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ជាពិសេសត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្ត្រីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលកើតមានបាតុភាពជាយថាហេតុណាមួយ៕ តាកែវ