Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កត្តា​សុខសន្តិភាព ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត មាន​សន្ទុះ​កើនឡើង ក្នុង​ក្រសែភ្នែក​របស់​អ្នកវិនិយោគ​

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងថា អាស្រ័យ​ដោយ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត នៅ​រាជធានី​ភ្នំពេញ ទូទាំង​ប្រទេស​កម្ពុជា ក្រៅ​ពី​ភាព​រីកចម្រើន​ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម វាយ​ណ​ភ​ណ្ឌ វិស័យ​ឧស្សាហកម្ម​សំណង់ ក៏​មាន​សន្ទុះ​កើនឡើង និង​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​លើក​ទី​៦ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​សម្ភោ​ធ​បើក​ការតាំងពិព័រណ៍ ឧស្សាហកម្ម​សំណង់​កម្ពុជា​លើក​ទី​៤ ឆ្នាំ​២០១៧ រយៈពេល​៣​ថ្ងៃ ពោល​ចាប់ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះ ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​សាទរ ចំពោះ​សមិទ្ធផល​ការងារ​ដែល សមាគម​អ្នក​សាងសង់​កម្ពុជា សម្រេចបាន ជា​ពិសេស​ការចូលរួម​បង្កើត​ស្នាដៃ​ថ្មី ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន ទុក​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន និង​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​។​

​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​ថ្លែងថា បច្ចុប្បន្ន​សមាគម មាន​សមាជិក​ប្រមាណ​១៤០​ក្រុមហ៊ុន ដែល​ក្នុងនោះ មាន​ក្រុមហ៊ុន​ប្រកប អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន លក់​សម្ភារៈ​បរិក្ខា ឧបករណ៍ គ្រឿងចក្រ​សំណង់​គ្រប់​ប្រភេទ ក្រុមហ៊ុន​អចលនទ្រព្យ រោងចក្រ​ផលិត​បេតុង ក្រុមហ៊ុន​តម្លើង​ប្រព័ន្ធ​អគ្គិសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុន​ធានារ៉ាប់រង ក្រុមហ៊ុន​ដឹកជញ្ជូន​សម្ភារៈ​សំណង ក្រុមហ៊ុន​ធ្វើ​ពី​សោធន៍​ដី និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ មាន​ក្រុមហ៊ុន​ខ្លះ ជា​សាខា​ក្រុមហ៊ុន​របស់​បរទេស មកពី​ប្រទេស​ចិន ជប៉ុន កូរ៉េ ថៃ សិង្ហ​បុរី ស៊ុយ​អ៊ែត និង​ស្វីស​…​ល​។​

​អ្នកឧកញ៉ា បានបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ​សមាគម​តែងតែ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សមាជិកសមា​គម​ទាំងអស់ ព្រម​ទាំង​ក្រុមហ៊ុន​នៅក្នុង​ស្រុក និង​បរទេស ដែល​កំពុង មាន​ធុរកិច្ច​លើ​វិស័យ​សំណង់​ទាំងអស់​នៅ​កម្ពុជា មាន​ឱកាស​បាន​ដាក់តាំង​បង្ហាញ និង​លក់​ផលិផល​ដូច​ជា​សម្ភារៈ ឧបករណ៍ គ្រឿងចក្រ សំណង់​គ្រប់​ប្រភេទ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​បង្ហាញ និង​លក់​ផ្ទះសម្បែង និង​ការបង្ហាញ​ពី​បច្ចេកវិទ្យា​សាងសង់​ទំនើបៗ​មាន​ស្ដង់ដារ​ត្រឹមត្រូវ ដូច​ជា​ការ​តម្លើង​ប្រព័ន្ធ​ទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ កាំ​មេ​រ៉ា និង​សេវាកម្ម​ជាច្រើន​ទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×