ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងការតតាំងមតិរបស់បរទេស ក៏ដូចជាប្រជាពលរដ្ឋមានដើមកំណើតខ្មែរមួយចំនួន រស់នៅឯនាយសមុទ្រ។
បើតាមការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ផៃ ស៊ីផាន បានថ្លែងថា “រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីជម្រើស នៃឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោតដែលមានច្រើនជាងកៅសិបភាគរយ គាំទ្រ និងទទួលស្គាល់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសិទ្ធិ និងការទទួលខុសត្រូវលើជោគវាសនារបស់ប្រជាពលរដ្ឋខ្មែរ ដែលជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលក្នុងកិច្ចលើកតំកើង និងការពារ”។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា “កម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាមួយគ្នានឹងពេល ដែលក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) និងអាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិ នៅកម្ពុជា (UNTAC) ត្រូវបានរំសាយ និងជំនួសជាផ្លូវការដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះឆ្នោត។ គ្មានស្ថាប័ន ឬអង្គការ ដាច់ដោយឡែកណាមួយ មានសមត្ថកិច្ច និងសិទ្ធិ ក្នុងកិច្ចគ្រប់គ្រងជោគវាសនាកម្ពុជា ក្រៅពីស្ថាប័ន នីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ របស់កម្ពុជាតែប៉ុណ្ណោះ។
ក្រៅពីកិច្ចសហការ គោរពផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រជាជាតិ និងអង្គការបរទេសទាំងអស់ ក្នុងភាពជាដៃគូកម្ពុជារក្សាសិទ្ធិគ្រប់បែបយ៉ាង ដើម្បីរក្សានូវភាពជាម្ចាស់ជោគវាសនារបស់ខ្លួន”។
អាស្រ័យហេតុដូចនេះ ការតតាំងមតិ ទាំងនោះគ្មានអ្វីក្រៅពីការបង្កើតព្រឹត្តិការណ៍ព័ត៌មាន និងការឈ្លានពានអធិបតេយ្យភាព របស់កម្ពុជា តែប៉ុណ្ណោះ ដែលមិនអាច ទទួលយកបាន៕ ដោយ ៖ បញ្ញាស័ក្តិ