ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈ បញ្ចប់ការស្រាវជ្រាវលើការបង្កើតខេត្តថ្មីចំនួន២ ដែលកាត់ចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី ហើយសម្តេចចារអក្សរក្រហមថាប្រញាប់ងាប់ទៅណា? ដើម្បីបញ្ចប់ការបង្កើតខេត្តថ្មីនេះ។
ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន កាលពីថ្ងៃទី៥ខែតុលានេះ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នរណាមកធ្វើចៅហ្វាយខេត្តថ្មី ដោយចំណារអក្សរក្រហមថា ប្រញាប់ងាប់ទៅណា ? ឯងមិនទាន់ធ្វើអីផង សម្រេចបង្កើត ឬមិនបង្កើតផង វាចែកគ្នាធ្វើចៅហ្វាយខេត្ត ធ្វើអនុខេត្តទៅហើយ។ ឥឡូវនេះរាលដាល់ដល់ស្ថាប័ន ហើយត្រូវធ្វើ គឺធ្វើឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សា ហើយចែកខេត្តជាពីរ គឺលោកឯងជាអនុខេត្ត គឺត្រូវធ្វើជាចៅហ្វាយខេត្តនោះ ។ ឥឡូវ ឈប់ នៅឲ្យស្ងៀម បានហើយ ក្រសួងមហាផ្ទៃបិទកុំព្យូទ័រចោលអស់ហើយ កុំធ្វើអ្វីតទៅទៀត ខ្ញុំគ្មានពេលស៊ីញ៉េស្អីទេ ។ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវយកសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីនាថ្ងៃនេះ ចេញ ស.ជ.ណ មួយ បញ្ចប់ការស្រាវជ្រាវ លើការបែងចែកខេត្តកណ្តាល និងខេត្តមណ្ឌលគិរី ។ រឿងនេះ ត្រូវធ្វើឲ្យឆាប់ចប់ ខ្ញុំរវល់ណាស់។
សម្តេចតេជោ បានបន្ថែមថា អាក្រុមខិលខូចមួយចំនួន ដែលចាប់ផ្តើមផ្គូផ្គង យកលុយគ្នា ត្រូវតាមទារលុយត្រឡប់មកវិញ
សម្តេចបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ ការស្រាវជ្រាវបង្កើតខេត្តថ្មី ហើយអាអ្នករត់ការស៊ីលុយគេ ឱ្យលុយគេវិញទៅ ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ខ្ញុំស្មានតែទៅពិភាក្សាស្ងាត់ៗ ដូចកាលពីបំបែកខេត្តត្បូងឃ្មុំ ដើម្បីសិក្សាមើលពីរដ្ឋបាលដែនដី អំពីភាពលំបាក និងភាពងាយស្រួលយ៉ាងម៉េច នៅពេលដែលយើងបំបែកទៅ ហើយស្រាប់តែយកទៅ មិនដល់២៤ម៉ោងផង ស្រាប់ចេញផ្សាយបាត់ ទើបបានជាកើតរឿងនេះឡើង ប៉ុន្តែឥឡូវចប់ហើយ៕ ដោយ ៖ កូឡាប