ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សានិងអនុម័តយុទ្ធសាស្ត្រទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ ការលើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងថ្លែងសុន្ទរកថាមួយ ដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ហើយសម្តេចតេជោ ហ៊ុន សែន ក៏នឹងថ្លែងផ្តោតពីគន្លឹះលើការទាក់ទាញវិនិយោគិនជប៉ុនមកធ្វើធុរកិច្ចក្នុងតំបន់មេគង្គផងដែរ។
នៅក្រៅកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ស្តីពីបញ្ហាផ្សេងៗដែលជាការយកចិត្តទុកដាក់រួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីតំបន់ និងអន្តរជាតិ។ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងមានសន្និសីទសារព័ត៌មានរួមគ្នា។
តាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសជប៉ុន។
សូមបញ្ជាក់ថា មេគង្គ-ជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយដែលមានប្រទេសចំនួន៥ ជាសមាជិករួមមាន ជប៉ុន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវបានផ្តួចផ្តើមឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជប៉ុន-កម្ពុជា-ទ្បាវ-វៀតណាម (CLV) លើកទី៣ នៅខែមករា ឆ្នាំ២០០៧ នៅទីក្រុងCebu ប្រទេសហ្វីលីពីន។
កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មានគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងជំរុញសមាហរណកម្មអាស៊ាន។កិច្ចសហប្រតិបត្តិការនេះមានគោលដៅចម្បងក្នុងការសម្រេចកំណើនសេដ្ឋកិច្ចដោយចីរភាព ដោយគិតគូរអំពីបរិស្ថាន និងសុខភាព ព្រមទាំងធានាសន្តិភាព និងស្ថេរភាពជានិរន្តរ៍នៅក្នុងតំបន់។ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ប្រព្រឹត្តទៅជារៀងរាល់ ០១ឆ្នាំម្ដង ស្របជាមួយកិច្ចប្រជុំកំពូលអាស៊ាន និងឆ្លាស់ទៅធ្វើនៅប្រទេសជប៉ុន រៀងរាល់ ០៣ឆ្នាំម្ដង ដើម្បីរៀបចំយុទ្ធសាស្ត្រក្រុងតូក្យូថ្មី។ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន បានធ្វើឡើងចំនួន ៩ដងហើយគិតចាប់តាំងពីឆ្នាំ២០០៩មក។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់រយៈ៩ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការមួយនេះ បានធ្វើឲ្យមានទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសជាសមាជិក ហើយក៏បានរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាសមាជិកឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ៕ លីសា