ភ្នំពេញ៖ ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងរយៈពេល៩ខែ នាឆ្នាំ២០១៨នេះមានចំនួន១,៦១០,២៦៩នាក់ មានការកើនឡើង ៦.៥៦ភាគរយ ធៀបនឹង ៩ខែដើមឆ្នាំ២០១៧ ដែលមានចំនួន ១,៥១១,០១៩នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,១៩៥,៤៤០នាក់ និងអន្តរជាតិមានចំនួន ៤១៤,៨២៩នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុតាំង សុចិត្តគ្រឹស្ បានឱ្យដឹងនៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ថា ក្នុងរយ:ពេល ៩ខែដើម ឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរចំនួន ១.៦១០.២៦៩នាក់ មានការកើនឡើង ៦.៥៦ភាគរយ ធៀបនឹង ៩ខែដើមឆ្នាំ២០១៧ មានចំនួន (១.៥១១,០១៩នាក់)។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១.១៩៥.៤៤០នាក់ កើនឡើង ២.៧២ភាគរយ ធៀបនឹងរយ:ពេកដូចគ្នា ៩ខែ ឆ្នាំ២០១៧ មាន (១.១៦៣.៧៤៩នាក់) អន្តរជាតិមានចំនួន ៤១៤.៨២៩នាក់ កើន១៩.៤៥គាគរយ ធៀបនឹង ៩ខែ ឆ្នាំ២០១៧ (៣៤៧.២៧០នាក់)។
របាយការណ៍របស់ក្រសួងទេសចរចេញផ្សាយកាលពីដើមខែកញ្ញា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨ មានភ្ញៀវទេសចរជនជាតិចិនចំនួន ១,១ លាននាក់ មកទស្សនានៅប្រទេសកម្ពុជាដែលកើន ៧២,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាទៅដឹងឆ្នាំ២០១៧។
តាមនោះទីផ្សារភ្ញៀវសំខាន់ ១០ប្រទេសមានដូចជា ភ្ញៀវទេសចរចិននាំមុខគេ មានចំនួន ១៣០.៦៤៤នាក់ កើន៣៨.៥៤ភាគរយ, វៀតណាម ២៨.៧៨៧នាក់ កើន ៩.៣៦ភាគរយ , អង់គ្លេស ២៥.៣៩៧នាក់ ថយចុះ ២.៨២ភាគរយ, រុស្ស៊ី ២៤.៧២២នាក់ កើន ២៣.១៣ភាគរយ, បារាំង ២៣.៤១៧នាក់ ថយចុះ ១៣.៩៤ ភាគរយ, អូស្ត្រាលី ២៣.៧០៩នាក់ ថយចុះ ៣.៥៣ភាគរយ, អាម៉េរិក ២៣.១៦៦នាក់ ថយចុះ ៤.៤០ភាគរយ, ថៃ ២១.៧៦៥នាក់ កើន៣៨.០៥ភាគរយ, អាល្លឺម៉ង់ ២១.២៩៣នាក់ កើន ៣.៣៧ភាគរយ, ម៉ាឡេស៊ី ១៣.៣៩៩នាក់ កើន ៧៣១.៧១នាក់។
លោក ថោង ខុនរដ្ឋ មន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងទាក់ទាញអ្នកទេសចរចិនយ៉ាងហោចណាស់ ១,៧ លាននាក់នៅក្នុងឆ្នាំ ២០១៨ ហើយកើនឡើងដល់ ២,៥ លាននាក់នៅក្នុងឆ្នាំ ២០២០។ ក្នុងឆ្នាំ២០១៧ មានភ្ញៀវទសចរបរទេសមកទស្សនាកម្ពុជាចំនួន៥, ៦លាន ក្នុងនោះមានទេសចរចិន ១,២១ លាននាក់ ហើយទទួលបានចំណូលបាន៣,៦ពាន់លានដុល្លារ៕ បូព៌ា