ភ្នំពេញ៖ ស្ត្រីជាគ្រូទាយវ័យក្មេង ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភទំនុកចិត្ត និងបទឆបោកប្រាក់ ជិត១លានដុល្លារ ក្រោមរូបភាពទស្សទាយនិងបង្គាប់ អោយរៀបចំគ្រឿងតង្វាយជាប្រាក់ដុល្លារ ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងអោយមានសេរីភាពវិញកាលពីថ្ងៃទី ១ធ្នូ ឆ្នាំ២០១៧នេះ។
ពាក់ព័ន្ធនិងការសម្រេចដោះលែងគ្រូទាយឈ្មោះ លី ម៉ាណា បន្ទាប់ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធទៅសាលាដំបូងហើយលោកព្រះរាជអាជ្ញារង សៀង សុខ បានសាកសួរចម្លើយតាំងពីល្ងាចថ្ងៃទី៣០វិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី១ធ្នូ ឆ្នាំ២០១៧នេះ ស្រាប់តែលោកព្រះរាជអាជ្ញារងបានសម្រេចចោទប្រកាន់តែឈ្មោះសុន ឆ័យ ជាប្ដីបញ្ជូនទៅអោយចៅក្រមចាត់ការបន្តតាមនីតិវិធី ។
ព្រះរាជអាជ្ញារង សៀង សុខ បានដោះលែងគ្រូទាយឈ្មោះ លី ម៉ាណា ហៅលី ហ្គេចហៀក ភេទស្រី អាយុ២៦ឆ្នាំក្រោមហេតុផលបញ្ជាក់ថាស្ត្រីគ្រូទាយមិនជាប់ពាក់ព័ន្ធនិងបទល្មើសឆបោកឬរំលោភ លើទំនុកចិត្ត ។
ចំណែកប្ដីគ្រូទាយឈ្មោះ សុន ឆ័យ អាយុ៤៤ឆ្នាំ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទរំលោភទំនុកចិត្តពិសេសដោយអភិបាល ហើយបញ្ជូនសំណុំរឿងទៅអោយចៅក្រមសើបសួរចាត់ការបន្តតាមនីតិវិធី ។
នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៧ បានបញ្ជូនគ្រូមន្តអាគមអូមអាមប្ដីប្រពន្ធ២នាក់ ដែលជាអ្នកស្នងរូបលោកយាយម៉ៅមកតុលាការដើមកបីសាកសួរពាក់ព័ន្ធអំពើឆបោកប្រាក់ប្រមាណជិត១លានដុល្លារ និងគំរោងលេបក្រុមហ៊ុនផង។
ការបញ្ជូនគ្រូមន្ដអាគមអូមអាម២នាក់ប្ដីប្រពន្ធនេះមកតុលាការ គឺក្រោយពីសមត្ថកិច្ចបានចានខ្លួនពួកគេនៅផ្ទះលេខ០៦ ផ្លូវQ០១ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំកម្លាំងដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្ម។
ជនសង្ស័យដែលត្រូវឃាត់ខ្លួននិងបញ្ជូនមកតុលាការឈ្មលះ សុន ឆ័យ អាយុ៤៤ឆ្នាំ ជាប្តី និងប្រពន្ធ ដែលជាគ្រូទាយធ្វើមន្តអាគមស្នងរូបយាយម៉ៅឈ្មោះ លី ម៉ាណា ហៅ លី ហ្គិចហៀក អាយុ២៦ឆ្នាំ។ អ្នកទាំង២ មានលំនៅ ក្នុងភូមិគ្រឹះ ដែលសមត្ថកិច្ចឃាត់ខ្លួន។
ជនរងគ្រោះដែលត្រូវជនសង្ស័យឆបោកមានឈ្មោះ អាំង គីហេង ភេទប្រុស អាយុ៤៦ឆ្នាំ ជាពាណិជ្ជករ និងប្រពន្ធឈ្មោះ ទិត្យ ផល្លា អាយុ៣៣ឆ្នាំ ជាពាណិជ្ជករ អ្នកទាំងពីរមានលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមលោក អាំង គីហេង និងលោកស្រី ទិត្យ ផល្លា ដែលជាជនរងគ្រោះបានរៀបរាប់យ៉ាងលម្អិតប្រាប់សមត្ថកិច្ច និងអ្នកសារព័ត៌មានថា ចាប់តាំងពីខែមករា ក្នុងឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន គ្រាន់តែថ្លៃធ្វើកិច្ច ពោលគឺរៀបចំគ្រឿងសំណែន គាត់ចាញ់បោកលោកយាយគ្រូ លី ម៉ាណា (ហៅ លី ហ្គិចហៀក) និងប្តីឈ្មោះ សុន ឆ័យ អស់ទឹកប្រាក់ចំនួនជាង៣៥ម៉ឺនដុល្លារឯណោះ ជាពិសេសនៅពេលធ្វើកិច្ចម្តងៗ លោកយាយគ្រូអូមអាមបានញុះញង់ ឲ្យគាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមគ្រួសារ ដោយឲ្យចោទថាប្រពន្ធកូនជាបីសាចកាន់ផ្កាឈូកខ្មៅ គឺជាមនុស្សអាក្រក់ ហើយគ្រូបោក បានបញ្ចុះបញ្ចូលឲ្យយកប្លង់ដីផ្ទះទាំងអស់ទៅឲ្យគាត់រត់ការដាក់បញ្ចាំ យកប្រាក់ទៅវិនិយោគ ធ្វើបុរីនៅខេត្តកំពង់ស្ពឺ ថែមទៀតផង។
ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បានរៀបរាប់យ៉ាងលម្អិតប្រាប់អោយដឹងថា គាត់និងក្រុមគ្រួសារ បានស្គាល់ និងមានការទំនាក់ទំនងជាមួយគ្រូទាយ តាំងពីឆ្នាំ២០១៥មក រហូតមានការលួងលោមអូសទាញឲ្យរៀបចំគ្រឿងដង្វាយដាក់លើអាសនៈ មានដូចជា ក្រដាសប្រាក់២០ដុល្លារចំនួន៣២សន្លឹក, ស្ករគ្រាប់៣២កំប៉ុង និងផ្លែឈើតម្លៃ១៣៥ដុល្លារ ទៀនធូប ស្លាម្លូចំនួន១២ដុល្លារ ក្នុងមួយលើកអស់ចំនួន៨១១ដុល្លារ ដោយក្នុងមួយសប្តាហ៍អស់ចំនួន២៤៣៣ដុល្លារ ព្រមទាំងឲ្យនាំដើរលេងទៅប្រទេសថៃ ជាញឹកញាប់ផងដែរ ដើម្បីលើករាសីនៅថ្ងៃសុក្រ សៅរី និងថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍ ។
សរុបចំនួនទឹកប្រាក់ ដែលយាយគ្រូបោក សរុបទាំងអស់ចំនួន ប្រមាណជិត១លានដុល្លារ ដែលក្នុងនោះថ្លៃរៀបចំធ្វើកិច្ចចំនួន ជាង៣៥ម៉ឺនដុល្លារ ថ្លៃជើងសារ១០ភាគរយជាង៤២ម៉ឺនដុល្លារ ព្រមទាំងថ្លៃនាំដើរលេង ហើយរៀបចំគម្រោងឲ្យធ្វើវិឡា អសានៈមានតម្លៃ ប្រមាណជាង១លានដុល្លារ ក្នុងទំហំផ្ទៃដីជាង២ពាន់ម៉ែត្រការ៉េ នៅប៉ោយប៉ែត មានតម្លៃប្រមាណ២លានដុល្លារ និងផ្ទះ៤ល្វែង មាន
តម្លៃប្រមាណជាង៤០ម៉ឺនដុល្លារ និងក្រុមហ៊ុនផងដែរ ដែលសរុបទាំងអស់ប្រមាណ៥លានដុល្លារទៀត តែ មិនបានសម្រេច ដោយសារតែគាត់ដឹងខ្លួន និងបែកការណ៍ទៅហើយ។
លើសពីនេះ លោកយាយគ្រូ លី ម៉ាណា ហៅ លី ហ្គិចហៀក បានណែនាំប្តីឈ្មោះ សុន ឆ័យ ដែលមានជំនាញខាងរកស៊ីនៅសហរដ្ឋអាមេរិក ឲ្យទទួលយកតំណែងធ្វើជានាយកប្រតិបត្តិ គ្រប់គ្រងបុរីនៅក្រុងប៉ោយប៉ែត ដើម្បីរៀបចំគម្រោងធ្វើកិច្ចសន្យាផ្តល់កម្រៃជើងសារ ពីចន្លោះ៥ភាគរយ ទៅ១០ភាគរយ ក្នុងការលក់ផ្ទះមួយល្វែងជំនួសជនរងគ្រោះ ក្នុងបំណងលេបត្របាក់ក្រុមហ៊ុនទាំងមូលតែម្ដង។
ជាងនេះទៀតឈ្មោះ សុន ឆ័យ បានឲ្យផ្ញើប្រាក់តាមធានាគារ ក្នុង១ខែ១ម៉ឺនដុល្លារ ឲ្យទៅគាត់ជារៀងរាល់ខែ ស្មើទឹកប្រាក់ចំនួន ជាង៤២ម៉ឺនដុល្លារ ដើម្បីឲ្យគាត់មានសេចក្ដីទុក្ខចិត្ត និងជឿជាក់។ នៅពេលដែលគាត់ទាមទារឲ្យបិទបញ្ជីរ ឈ្មោះ សុន ឆ័យ ជាប្ដីគ្រូទាយមិនធ្វើឡើយ ដោយយកលេសថា ប្រពន្ធគាត់ជាអ្នកធ្វើឲ្យក្រុមហ៊ុនច្របូកប្របល់ និងឆ្កិះឆ្កៀលឲ្យដេញប្រពន្ធកូន និងបុគ្គលិកទាំងអស់ចេញ ហើយរើសបុគ្គលិកថ្មី និងឆ្លៀតឱកាសក្លែងឯកសារទិញផ្ទះដាក់ឈ្មោះបងប្អូនរបស់ខ្លួន និងបង្គាប់ឲ្យរៀបចំធ្វើអសានៈក្នុងបុរី ដោយដាក់ឈ្មោះ សុន ឆ័យ និងឈ្មោះប្រពន្ធជាលោកគ្រូបោក តែប្រហែលជាដល់ថ្ងៃអស់លក្ខត្រឹមនឹង ព្រោះត្រូវបានគាត់ដឹងខ្លួនជាមុនទាន់ ទើបឈានទៅដល់ការដាក់ពាក្យបណ្តឹង សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនតែម្តង។
ក្រៅពីជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវចាញ់បោកលោកយាយគ្រូអូមអាម លី ម៉ាណា ហៅ លី ហ្គិចហៀក ដែលជាអ្នកស្នងរូបយាយម៉ៅ និងប្តីឈ្មោះ សុន ឆ័យ នៅមានមនុស្សជាច្រើនទៀត ដែលបានទៅរកគ្រូមន្ដអាគមឲ្យជួយ និងចាញ់បោកជាហូរហែផងដែរ។
ជាមួយគ្នានោះផងដែរជនរងបានសំដែងការព្រួយបារម្ភខណៈដែលគ្រូអូមអាមនេះបានរួចខ្លួនទៅវិញមិនដឹងមានប្រជាពលរដ្ឋប៉ុន្មាននាក់ចាញ់ល្បិចគ្រូទាយបោកប្រាស់នោះ ហើយសំណូមពរអាជ្ញាធរជួយទប់ស្កាត់ផង ៕ ដោយ៖បញ្ញាស័ក្តិ