ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានការបំផ្លោងព័ត៌មាន របស់ជនអគតិមួយចំនួន ដែលវាយប្រហារលើស្ថានប័នគ.ជ.ប. ពាក់ព័ន្ធនឹងបញ្ហាចំនួនគឺ អំពីឯករាជ្យភាព អព្យាក្រឹត្យភាពនិងយុត្តិធម៌របស់គ.ជ.ប. និងបញ្ហាបដិវត្តន៍ពណ៌ ក្នុងដំណើរការរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។
នៅក្នុងសេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា ពួកអគតិបានបំផ្លោងព័ត៌មានវាយប្រហារ មកលើការងារ គ.ជ.ប. ប្រកបដោយល្បិចកលខ្មៅកខ្វក់ ក្នុងបំណងបំផ្លាញទំនុកចិត្ត សាធារណមតិ លើដំណើរការរៀបចំការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខ។ អំពីការបោះឆ្នោត ៖ ជំហរដឹកនាំរបស់ គ.ជ.ប ថ្មីៗនេះ ទោះជាសមាសភាពមកពីមជ្ឈដ្ឋានណាក៏ដោយ ក៏ត្រូវតែរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវបំផុត ស្របតាមច្បាប់កំណត់។ គ្មានបុគ្គលណាមួយ សមាសភាពណា អង្គការណា អង្គភាពណា បរទេសណា អាចមកដាក់សម្ពាធ ឬប្រទាញ គ.ជ.ប ឲ្យអនុវត្តប្រាសចាកពីគិតច្បាប់ ក្នុងការរៀបចំការបោះឆ្នោតនេះបានឡើយ។ ដោយសារតែជំហរឥតងាករេពីគិតច្បាប់ និងយុត្តិធម៌នេះហើយ ទើបលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០១៧កន្លងមក ត្រូវបានគ្រប់ភាគីពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក វាយតម្លៃយ៉ាងត្រឹមត្រូវថា ជាការបោះឆ្នោតគួរឲ្យជឿទុកចិត្តបាន និងល្អជាងការបោះឆ្នោតមុនៗ នើគឺមិនមែនដោយសារតែវត្តមានសមាសភាព គ.ជ.ប. មកពីគណបក្សនយោបាយណាមួយនោះទេ ព្រោះនេះជាសច្ចៈភាពប្រវត្តិសាស្ត្រសម្រាប់គ.ជ.ប. ហើយក៏ជាមោទនភាពរបស់ជាតិខ្មែរដែរ។ គ.ជ.ប. បានកំណត់មាគ៌ារួមជាស្រេចហើយទោះសមាសភាពមកពីមជ្ឈដ្ឋានណាក៏ដោយ គឺគ.ជ.ប. នៅតែប្រកាន់ជំហរ ឯករាជ្យ អព្យាក្រឹត្យ តម្លាភាព និងយុត្តិធម៌ជាដាច់ខាត។ គោលការណ៍ធំបំផុត របស់ គ.ជ.ប. គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រឹមត្រូវ បោះឆ្នោតដោយសេរី ហើយសំឡេងឆ្នោតរបស់ពួកគេ ត្រូវបានរាប់ប្រកបដោយយុត្តិធម៌ និងតម្លាភាពបំផុត។
គ.ជ.ប.ក៏បានលើកឡើងអំពីបញ្ហាពាក់ព័ន្ធបដិវត្តពណ៌ថា បដិវត្តន៍ពណ៌នេះ បានកើតឡើងនៅក្នុងពិភពលោក រាប់ទសវត្សរ៍មកហើយ និងមានប្រទេសជាច្រើន នៅលើពិភពលោក បានរងគ្រោះ ដោយសារបដិវត្តន៍ពណ៌នេះ។ នៅក្នុងសម័យកាលអ៊ិនធើណិត បច្ចុប្បន្ននេះ មិនខ្វះទេនូវព័ត៌មាន ដែលបានសិក្សា វាយតម្លៃ និងផ្សព្វផ្សាយ អំពីផលវិបាក នៃបដិវត្តន៍ពណ៌នេះ។ ដើម្បីស្វែងយល់អំពីបដិវត្តន៍ពណ៌ មិនពិបាកទេ សាធារណជនទាំងអស់គ្រាន់តែវាយពាក្យ Color Revolution ឬ Revolution de Couleur នោះយើងនឹងបានទទួលព័ត៌មានគ្រប់គ្រាន់ អំពីមេខ្លោង មេទ្រឹស្តី ព្រមទាំងវិធីសាស្ត្រល្អិតល្អន់ សម្រាប់អនុវត្តន៍បដិវត្តន៍ពណ៌នេះ ហើយនឹងឃើញថា តើដូចគ្នានឹងព្រឹត្តិការណ៍ដែលកើតមានឡើងថ្មីៗ នៅក្នុងប្រទេសកម្ពុជានេះដែរឬទេ? បើកអ៊ិនធើណិត
មើលពាក្យនេះ ខ្មែរនឹងរកឃើញពន្លឺដែលអាចជួយប្រទេសជាតិរបស់ខ្លួន ឲ្យរួចផុតពីគ្រោះថ្នាក់ដ៏អាសន្ននេះ៕ ដោយ៖កូឡាប