ក្រចេះ ៖ អ្នកផលិតស្រាម្នាក់ នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ដែលជាដើមហេតុបង្កឲ្យមានប្រជាពលរដ្ឋពិសាស្រាសហើយបង្កឲ្យពុលស្លាប់៥នាក់ និងធ្លាក់ខ្លួនឈឺជិត៨០នាក់នោះ ត្រូវបាន លោក អេង ចំនាប់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់មនុស្សឃាតដោយអចេតនា។
បើតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកចៅក្រម អេង ចំនាប់ អ្នកផលិតស្រាដែលត្រូវឃុំខ្លួននេះ ឈ្មោះ កុច សុខហេង អាយុ៣១ឆ្នាំ មុខរបរ បិទស្រា នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទមនុស្សឃាតដោយអចេតនា ដែលប្រព្រឹត្តនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។
តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទ ត្រូវចាប់ខ្លួន កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨ យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៤១៩ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។ យោងតាមដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន លេខ៣០៦៤ ចុះថ្ងៃទី២២ ខែ១០ ឆ្នាំ២០១៨ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ទៅពន្ធនាគារខេត្តក្រចេះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី។ បង្គាប់ទៅលោកប្រធានពន្ធនាគារខេត្តក្រចេះ ទទួលជននេះរហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ថា ករណីពុលស្រាសនៅតាមឃុំមួយចំនួន ក្នុងស្រុកសំបូរ ខេត្តក្រចេះ បានបណ្តាលឲ្យស្លាប់៥នាក់ ក្នុងនោះមានស្រីម្នាក់ ខណៈប្រជាពលរដ្ឋដែលធ្លាក់ខ្លួនឈឺ បានកើនឡើងរហូតដល់៧៨នាក់។ ការកើនឡើងនេះ ដោយសារក្រុមមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះដល់មូលដ្ឋានរកឃើញអ្នកពុលស្រា នៅក្នុងភូមិថ្មីបីទៀតឈ្មោះភូមិដកព័រ ឧបសម្ព័ន្ធភូមិជើងពាត ឃុំកោះខ្ញែរ ភូមិកោះរៀល ឃុំសំបូរ និងភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ដែលជាទីតាំងជិតភូមិកើតហេតុចាស់ ហើយបានបញ្ជូនពួកគាត់បន្ថែមទៀតទៅមន្ទីរពេទ្យខេត្ត។ ក្រុមមន្ត្រីជំនាញបានអប់រំ ប្រជាពលរដ្ឋឲ្យបញ្ឈប់ ផឹកស្រាសជាបណ្តោះអាសន្ន ហាមការលក់ និងចែកចាយ និងបិទទីតាំងផលិតស្រាស។
ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញក្រសួងសុខាភិបាល បានសំណូមពរដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវពង្រឹងការត្រួតពិនិត្យការផលិត ការចែកចាយ ការលក់ ស្រាសឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។ ចំពោះប្រជាពលរដ្ឋក៏ត្រូវទិញស្រាស ដែលមានប្រភពច្បាស់លាស់ ផលិតស្រាសតាមបច្ចេកទេសត្រឹមត្រូវ និងមានការត្រួតពិនិត្យពីមន្ត្រីជំនាញ។
សូមបញ្ជាក់ថា ករណីពុលនេះបានកើតឡើងទៅលើប្រជាពលដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរដោយពួកគាត់បានច្រូតស្រូវរួច ហើយបាននាំគ្នាផឹកស្រាសកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨៕ ដោយ ៖ កូឡាប