Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ ឆ្ពោះ​មក​ផ្លូវបំបែក​រ៉ា​ជាង​២០០​ម៉ែត្រ បាន​ចាក់​អ៊ុត​កៅស៊ូ​បន្ថែម​

ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៤ នា​ក្រុង​ព្រះសីហនុ ចាប់​ពី​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ ចុះ​ឆ្ពោះ ទៅ​ដល់​ផ្លូវបំបែក​កែង​រ៉ា មាន​ប្រវែង​ជាង ២០០​ម៉ែត្រ ត្រូវ​បាន​ចាក់​អ៊ុត​កៅស៊ូ​បន្ថែម នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ លោក ណុប ហេង ឱ្យដឹងថា ការងារ​ស្ថាបនា​ផ្លូវ​ខាងលើនេះ គឺជា​គម្រោង​ពង្រឹង​គុណភាព​ផ្លូវ ដែល​ឯកឧត្តម​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រុញ​ឱ្យ​មន្ទីរ​ជំនាញ​ត្រូវធ្បើ​ការងារ​នេះ ជាបន្ទាន់ ដោយ​ចាក់​អ៊ុត​ជា​កៅស៊ូ​កម្រាស ៨​ហ៊ុន ទទឹង ៧​ម៉ែត្រ ពីលើ​បេតុង ដែល​ចាក់​ក្រាល​ពីមុន ដោយ​ទុក​ចំណែក​បេតុង​ខ្លះ​នៅ​ចិញ្ចើមផ្លូវ​សម្រាប់​ការពារ​លំហូរ​ទឹកភ្លៀង​។​

ជា​បន្តបន្ទាប់​មក​នេះ ប្រជាពលរដ្ឋ​មួយចំនួន បាន​រិះគន់​ថា បញ្ហា​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ ចុះ​មក​កំពង់ផែ​ឧស្សាហ៍ បាន​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​ករណី ដោយសារ​តែ​ការចាក់​ក្រាល​បេតុង​ធ្វើឱ្យ​ងាយ​រអិល និង​បង្ក​ជា​គ្រោះថ្នាក់​កើតឡើង​។​

យ៉ាងនេះក្តី លោក ណុប ហេង បាន​ច្រានចោល ហើយ​បាន​បញ្ជាក់ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន នៅត្រង់ចំណុច ចំណោត​លោកយាយ​ម៉ៅ​នោះ គឺ​បណ្តាលមកពី​កត្តា​អ្នកបើកបរ មិន​ប្រុងប្រយ័ត្ន​។​

លោក​សង្កត់ធ្ងន់​ថា បើ​ទោះ​ជា​ផ្លូវ​កៅស៊ូ​ក៏ដោយ ផ្លូវ​បេតុង​ក៏ដោយ បើកាលណា​អ្នកបើកបរ​មានការ​ប្រុងប្រយ័ត្ន និង​កុំ​បើក​លឿន ពេល​ចុះ​ចំណោត ឬ​កុំ​វ៉ា​ជែង​ទី​ចង្អៀត និង​បើកបរ​មាន​ការយោគយល់​គ្នា នោះ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ នឹង​អាច​កាត់បន្ថយ​៕ ដោយ ៖ ដែនសីមា

   

×