ភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីជំងឺរបេងសកលលោកឆ្នាំ២០១៧ (Global Tuberculosis Report 2017) ដែលបានចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) ពីទីក្រុងហ្សឺណែវ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីទៀតថា “កម្ពុជាបាននិងកំពុងទទួលបានជោគជ័យយ៉ាងល្អប្រសើរក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺរបេង” ។
បើយោងតាមមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ធ្នូ បានឲ្យដឹងថា ជាក់ស្តែងតាមរបាយការណ៍ ក្នុងរយៈពេល ១៦ឆ្នាំ កន្លងមកនេះ អត្រាឈឺ និង អត្រាស្លាប់ដោយជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងបណ្តាប្រទេសដ៏ទៃទៀត។ គិតពីឆ្នាំ ២០០០ ដល់ ឆ្នាំ ២០១៦ “អត្រាស្លាប់” បានធ្លាក់ចុះ ៥៥ ភាគរយ ដែលអត្រានេះ បានចុះមកនៅកម្រិត ២០ករណី ក្នុងចំណោមប្រជាជន ១០០.០០០ នាក់តែប៉ុណ្ណោះ នៅឆ្នាំ ២០១៦ (២០/១០០.០០០)។ រីឯ អត្រាកើតមានជំងឺថ្មី ហៅថា “អត្រាអាំងស៊ីដង់” បានចុះថយ ៤១% ក្នុងអំឡុងពេលដូចគ្នា (២០០០-២០១៦) ដែលអត្រាអាំស៊ីដង់បានធ្លាក់ចុះដល់កម្រិត ៣៤៥ ករណី លើចំនួនប្រជាជន ១០០.000 នាក់ នៅឆ្នាំ២០១៦ (៣៤៥/១០០.០០០) ។
បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល មានសេវាពិនិត្យ និងព្យាបាលជំងឺរបេង ដោយរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃជួស នៅគ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្ត៍សុខភាពសាធារណៈទាំងអស់ សរុបមានចំនួន ១៣៧២កន្លែង នៅទូទាំងប្រទេស។ ក្រសួងសុខាភិបាល បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (ចន្លោះ១៩៩០-២០១៥) ក្នុងការធ្វើអោយធ្លាក់ចុះអត្រាអាំងស៊ីដង់ កាត់បន្ថយអត្រាប្រេវ៉ាឡង់ និងអត្រាស្លាប់ដោយសារជំងឺរបេងអោយបាន ៥០% ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ពោលគឺសម្រេចបានបួនឆ្នាំមុនកាលកំណត់។ មកដល់ចុងឆ្នាំ២០១៥ កម្ពុជាជាប្រទេសមួយក្នុងចំណោម ៩ ប្រទេសប៉ុណ្ណោះ នៃប្រទេសទាំង២២ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ដែលបានសម្រេចជាស្ថាពរនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ស្តីពីជំងឺរបេង។ ជោគជ័យនេះត្រូវបានទទួលការកោតសរសើរ និងវាយតំលៃយ៉ាងខ្ពស់ ពីសហគមន៍អន្តរជាតិប្រយុទ្ធនឹងជំងឺរបេង ហើយដែលជាជោគជ័យដ៏គួរអោយកត់សំគាល់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ជោគជ័យដ៏ជាទីមោទនៈនេះ ទទួលបានដោយសារ ៖ ការមានការគ្រាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ និងប្រកបដោយគតិបណ្ឌិត។ ការប្តេជ្ញាចិត្តប្រកបដោយការយកចិត្តទុកដាក់ ដឹកនាំចង្អុលបង្ហាញ និងគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាពិសេសពីសំណាក់ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ការចូលរួមចំណែក គាំទ្រ និងឧបត្ថមពីគ្រប់មជ្ឈដ្ឋាន រួមមាន ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីរាជការ អ្នកបម្រើការងាររបេង នៅគ្រប់លំដាប់ថ្នាក់ រួមទាំងអ្នកស្ម័គ្រចិតុ្តនៅថ្នាក់សហគមន៍ និងភាគីដៃគូសុខាភិបាលផងដែរ។
ដោយឡែក នៅអំឡុង ៩ ខែ ដើមឆ្នាំ២០១៧ នេះ ករណីរបេងសរុបចំនួន ២៥.២១៦ ករណី ត្រូវបានរកឃើញដាក់អោយព្យាបាលដោយកម្មវិធីជាតិកម្ចាត់រោគរបេង ដែលមានចំនួនប្រហាក់ប្រហែលគ្នា បើបៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦ ដែលមាន ២៥.៣៦២ ករណី។ ទោះបីជាទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏កម្មវិធីជាតិកំចាត់រោគរបេង នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញទៅថ្ងៃអនាគត ពិសេសដើម្បីរួមចំណែកក្នុងការសម្រេចបានទិសដៅនៃវិស័យសុខាភិបាលនៅឆ្នាំ២០២០ ក៏ដូចជាសំដៅឆ្ពោះទៅកាន់ការរួមចំណែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព នៅឆ្នាំ២០៣០ ៕ ដោយ៖កូឡាប