អ្នកមុជទឹកឥណ្ឌូនេស៊ីម្នាក់បានស្លាប់ កាលពីថ្ងៃសុក្រ (២ វិច្ឆិកា) ក្នុងអំឡុងពេលនៃប្រតិបត្តិការរុករក និងសង្គ្រោះ សម្រាប់ជើងហោះហើរ Lion ដែលបានធ្លាក់ចូលក្នុងសមុទ្រ ។
លោក Syachrul Anto អាយុ ៤៨ ឆ្នាំ ត្រូវបានគេជឿថា បានស្លាប់ដោយសារតែបញ្ហាសម្ពាធអុកស៊ីហ្សែន ។
លោកវរសេនីយ៍ឯក Isswarto មេបញ្ជាការកងកម្លាំងរុករក និងសង្គ្រោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសៅរ៍ថា កិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ត្រូវបានបញ្ឈប់នៅម៉ោង ៤ ល្ងាចថ្ងៃសុក្រ នៅពេលដែលពន្លឺថ្ងៃកំពុងតែបន្ទាបចុះ ។ ប៉ុន្តែ លោក Syachrul នៅតែពុំឃើញងើបចេញពីក្នុងទឹកនោះទេ នៅវេលាម៉ោង ៤ និង ៣០ នាទី ។
គាត់ត្រូវបានដឹងដោយកប៉ាល់ទៅកាន់ស្ថានីយកុងតឺន័រអន្តរជាតិចាកាតា នៅ Tanjung Priok ទីកន្លែងដែលមមជ្ឈមណ្ឌលបញ្ជារុករក និងសង្គ្រោះ ត្រូវបានបង្កើតឡើង នៅវេលាម៉ោង ៩ និង ៣០ នាទី យប់ ។
TribunJakarta.com បានរាយការណ៍ថា កំណត់ត្រារបស់វេជ្ជបណ្ឌិតពីមន្ទីរពេទ្យស្រុក Koja បានឲ្យដឹងថា អ្នកមុជទឹករងគ្រោះនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅវេលាម៉ោង ១០ និង ១០ នាទីយប់ ស្ថិតក្នុងស្ថានភាពពុំដឹងខ្លួននោះទេ (ស្លាប់បាត់ទៅហើយ) ។
មិត្តភក្តិរបស់គាត់ម្នាក់ឈ្មោះ Yosep Safrudin បាននិយាយនៅក្នុងហ្វេសប៊ុកថា អ្នកមុជទឹកដ៏មានបទពិសោធន៍រូបនេះ បានជួយនៅក្នុងប្រតិបត្តិការជម្លៀសយ៉ាងច្រើន ក្នុងនោះរួមមានគ្រោះថ្នាក់ជើងហោះហើរ Air Asia លេខ QZ8501 ក្នុងឆ្នាំ២០១៤ និងហេតុការលិចសាឡាង នៅជុំវិញប្រទេសឥណ្ឌូនេស៊ី ។
លោក Syachrul ទើបតែត្រឡប់មកផ្ទះនៅ Surabaya ពីបេសកម្មមនុស្សធម៌នៅ Palu ដែលរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដី និងស៊ូណាមិ កាលពីខែមុន ។
សូមបញ្ជាក់ថា ប្រតិបត្តិការរុករក និងសង្គ្រោះ សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air គឺ JT610 ដែលបានធ្លាក់ចូលសមុទ្រ Java កាលពីព្រឹកថ្ងៃច័ន្ទ សប្តាហ៍មុន ខណៈធ្វើដំណើរពី Jakarta ឆ្ពោះទៅកាន់ Pangkal Pinang ដោយផ្ទុកដំណើរចំនួន ១៨៩ នាក់ គិតមកទល់ពេលនេះមានរយៈពេល ៨ ថ្ងៃហើយ ៕ ដោយ៖ ឧត្តម (ប្រភព៖ straitstimes)