នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ការបោះឆ្នោតនៅអាមេរិកចាប់ផ្តើមនៅរដ្ឋភាគខាងកើតរួមមាន៖ Maine, New Hampshire, New Jersey, New Yorkនិង Virginia ។

ម្ចាស់ឆ្នោតនឹងជ្រើសរើសអាសនៈរដ្ឋសភា ៤៣៥ និងអាសនៈព្រឹទ្ធសភា ៣៥ ក្នុងចំណោមអាសនៈ ១០០ នៃស្ថាប័ននេះ។ ពួកគេក៏ជ្រើសរើសអភិបាលរដ្ឋចំនួន៣៦ ព្រមទាំងបណ្ដាស្ថាប័ននីតិបញ្ញត្តិក្នុងទូទាំងសហរដ្ឋ។
ការស្ទាបស្ទង់មតិទាំងឡាយសុទ្ធសឹងបង្ហាញថា គណបក្សប្រជាធិបតេយ្យមានឱកាសច្រើនទទួលបានអាសនៈភាគច្រើននៅរដ្ឋសភា ក្នុងពេលដែលគណបក្សសាធារណរដ្ឋមានលទ្ធភាពនៅបន្ត គ្រប់គ្រងព្រឹទ្ធសភា។ ប៉ុន្តែគណបក្សទាំងពីរសុទ្ធសឹងទទួលស្គាល់ថាអាចកើតមានឡើងនូវរឿងស្មានមិនដល់។
ទោះបីពុំមែនជាបេក្ខភាពមួយសម្រាប់ការជ្រើសរើស ប៉ុន្តែប្រធានាធិបតី Donald Trump នៅតែជាស្នូលក្នុងការ រត់ប្រណាំងរវាងគណបក្សទាំងពីរ គ្រាដែលលោកបានធ្វើដំណើរពាសពេញប្រទេសដើម្បីបើកយុទ្ធនាការស្វែងរកសំឡេង។ លោកបន្តនិយាយដល់ «ការឈ្លានពាន»របស់ជនអន្តោប្រវេសន៍មិនស្របច្បាប់ ហើយចោទប្រកាន់ពួកគេថា ជាឃាតករនិងជនចាប់រំលោភ ហើយក៏ជាមូលហេតុនាំឱ្យមានការបែកបាក់រវាងក្រុមស្តាំនិងឆ្វេងនិយមនៅអាមេរិកកាន់តែជ្រាលជ្រៅ។
រដ្ឋធម្មនុញ្ញអាមេរិកកំណត់ថា គណបក្សណាដែលទទួលបានអាសនៈយ៉ាងតិច៥១ នឹងត្រួតត្រាព្រឹទ្ធសភា និងអាសនៈចំនួន២១៨ សម្រាប់គ្រប់គ្រងរដ្ឋសភា។ គណបក្សសាធារណដ្ឋកំពុងត្រួតត្រាសភាទាំងពីរ ព្រោះគណបក្សប្រជាធិបតេយ្យបច្ចុប្បន្នមានអាសនៈចំនួន៤៩ នៅព្រឹទ្ធសភា និងអាសនៈ ១៩៣នៅរដ្ឋសភា។ យ៉ាងនេះក្តី គណបក្សប្រជាធិបតេយ្យសង្ឃឹមថាគេនឹងទទួលបានចំនួនអាសនៈគ្រប់គ្រាន់សម្រាប់គ្រប់គ្រងរដ្ឋសភា ដើម្បីអាចរារាំងគោលនយោបាយរបស់លោកTrump ៕សូយន