Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជនជាតិ​ដែលមាន​អម្បូរ​ភាសា​ផ្សេងគ្នា នៅ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន (​ត​ចប់​)

​ចលាចល​ក្នុងសង្គម​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៩ បានធ្វើឱ្យ​សហគមន៍​នីមួយៗ​ដែល​ធ្លាប់​រឹងមាំ​តាំងពី​យូរ​មក មានការ​បែកបាក់ ឬ​ព្រាត់ប្រាស​គ្នា ហើយ​នៅពេលដែល​ចំនួន​ប្រជាជន​ចិន​បាន​ធ្លាក់ចុះ​ជាច្រើន​តាំងពី​សម័យ​នោះមក ធ្វើឱ្យ​ចំនួន​នៃ​ការរក​ដៃគូ​រៀបការ​ជាមួយ​ជនជាតិ​ចិន​ដូចគ្នា​មានការ​ថយចុះ​ដែរ ហើយ​នៅពេល​បច្ចុប្បន្ននេះ​អាពាហ៍ពិពាហ៍​ឆ្លាស់គ្នា​រវាង​ក្រុម​ផ្សេងៗ​មាន​ចំនួន​ច្រើនឡើង​ជាង​សម័យមុន​សង្គ្រាម​។​


លើសពីនេះ ការបង្ខំ​ឱ្យ​រស់នៅ​រួមគ្នា​ក្នុងសម័យ​ប៉ុលពត និង​ការ​បំបិទ​សាលារៀន​ចិន​នៅ​កម្ពុជា​អស់​រយៈពេល​ដ៏​យូរ​មក នោះ បានធ្វើឱ្យ​ជនជាតិ​ចិន​ជាច្រើន​នៅពេល​បច្ចុប្បន្ន​ប្រើប្រាស់​ភាសា​ខ្មែរ​ច្រើនជាង​ពី​សម័យមុន​។ ដូច្នេះ​ទាំង​ភាសា​ខ្មែរ និង​ភាសា​ចិន​កុក​ងឺ ជា​ភាសា​រួមមួយ​សម្រាប់​ទាក់ទង​រវាង​ក្រុម​ជនជាតិ​ដែលមាន​អម្បូរ​ភាសា ផ្សេងគ្នា​ទាំងឡាយ​។

ជនជាតិ​ចិន​ក្នុង​ជីវិត​នៃ​សេដ្ឋកិច្ច​ខ្មែរ​

​ទោះ​ជាមាន​ឥរិយាបថ​ជា​វិជ្ជមាន​ទាំងនេះ​ក៏ដោយ ជនជាតិខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​មាន​អារម្មណ៍​ជាទូទៅ​ថា​៖ នៅក្នុង​ប្រទេស​មួយចំនួន ជនជាតិ​របស់​ប្រទេស​ទាំងនោះ​មួយចំនួនធំ​គឺជា​អ្នកគ្រប់គ្រង​សេដ្ឋកិច្ច ប៉ុន្តែ​ថា​នៅ​ប្រទេស​កម្ពុជា ប្រព័ន្ធ​សេដ្ឋកិច្ច​ទាំងមូល​ស្ថិតក្នុង​កណ្ដាប់ដៃ​របស់​ជនជាតិ​ចិន​។ ជនជាតិ​ចិន​ទាជីវ​ម្នាក់ ដែលជា​សមាជិក​នៃ​សភាពាណិជ្ជកម្ម​បាន​ប្រាប់​ឱ្យដឹងថា ប្រជាជន​ខ្មែរ​មួយចំនួន​មានការ​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ តួនាទី​របស់​ជនជាតិ​ចិន​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ ជនជាតិខ្មែរ​តែងតែ​ត្អូញត្អែរថា រាល់​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​នៅក្នុង​ស្រុក ដូចជា រោង​ច្រ​អារឈើ រោងចក្រ​ធ្វើ​បារី រោងចក្រ​ផលិត​ស្រា​បៀរ រោងចក្រ​ផលិត​ភេសជ្ជៈ​នានា និង​ឧស្សាហកម្ម​ធ្វើ​ស្រា​មួយ​ភាគ​ធំ​ជា​កម្មសិទ្ធិ ហើយ​កាន់កាប់​ដោយ​ជនជាតិ​ចិន​។ ទោះជា​យ៉ាងណាក៏ដោយ ជនជាតិខ្មែរ​ភាគច្រើន​មិនបាន​ស្តីបន្ទោស​ជនជាតិ​ចិន​ចំពោះ​ស្ថានភាព​នោះឡើយ ប៉ុន្តែ​ពួកគេ​ស្តីបន្ទោស​រដ្ឋាភិបាល​ដែល​បានអនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​មាន​សិទ្ធិសេរីភាព​ចូលរួម​កាន់កាប់​សេដ្ឋកិច្ច​កម្ពុជា​។
​ជនជាតិខ្មែរ​ខ្លះ​បាន​រិះគន់​ដល់​អ្នកដឹកនាំ​រដ្ឋាភិបាល ពីព្រោះ​ក្រុមហ៊ុន​ខ្លះ​មានឈ្មោះ​ជា​ខ្មែរ (​ដូចជា​៖ រោងចក្រ​ភេសជ្ជៈ​អប្សរា​កម្ពុជា​) ដែល​តាមពិត​មាន​ម្ចាស់​ជា​ជនជាតិ​ចិន ហើយ​ការធ្វើ​ជំនួញ​ពាណិជ្ជកម្ម​នោះបាន​ទទួល ការឧបត្ថម្ភ​ទុនវិនិយោគ​ពី​ចិន​។ ជនជាតិ​ចិន ខ្មែរ​យល់ថា ជនជាតិ​ចិន​មាន​តួនាទី​ធំ​ពេក​ក្នុង​សេដ្ឋកិច្ចកម្ពុជា ដែលជា​កត្តា​ធ្វើឱ្យ​ពួកគេ​អាច​នៅ​ពីក្រោយ​ផ្ទាល់​ក្នុងការ​កាច់ចង្កូត​តម្លៃ​ប្រាក់រៀល​របស់​ខ្មែរ​ឱ្យ​ឡើង ឬ​ចុះ​បាន​តាមចិត្ត​។ ជាទូទៅ​មាន​ការមិនទុកចិត្ត​ចំពោះ​ជនជាតិ​ចិន​ក្នុងចំណោម​ប្រជាជន​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​។ ជនជាតិខ្មែរ​ខ្លះ​បាន​ខឹងសម្បា​ជាមួយ​ជនជាតិ​ចិន ហើយ​និយាយថា ប្រសិនបើ​រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់ និង​អនុវត្ត​វិធានការ​ចំពោះ​បញ្ហា​នោះទេ នោះ​នឹងធ្វើ​ឱ្យមាន​លទ្ធផល​មិនល្អ (​ប្រតិឃាត​) នៅក្នុង​វិស័យសេដ្ឋកិច្ច ហើយ​តម្លៃ​ទំនិញ​នឹង​ឡើង​ឥត​ឈប់​នៅពេលដែល​ជនជាតិ​ចិន​កាន់កាប់​សេដ្ឋ កិច្ច​ខ្មែរ​ទាំងមូល​ក្នុងពេល​អនាគត​។​

​ដោយសារតែ​ឆ្លងកាត់​មេរៀន​ដ៏​ឈឺចាប់​កាលពី​អតីត​កាលនោះ ជនជាតិ​ចិន​នៅ​កម្ពុជា​សព្វថ្ងៃ​បាន​ខិតខំ​ចៀសវាង​ពី បញ្ហានយោបាយ​។ ជនជាតិ​ចិន​និង​ជនជាតិ​ចិន​កាត់​ខ្មែរ​យល់ថា ក្នុងនាម​អ្នករស់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា ពួកគេ​គួរតែ​ស្រឡាញ់​ខ្មែរ ត្រូវ​យល់ចិត្ត​ខ្មែរ​និង​លើកទឹកចិត្ត​ខ្មែរ​។ ទាំង​នៅ​ទីក្រុង​និង​ជនបទ ជន​ជាតិចិន​ចូលចិត្ត​ធ្វើ​ជំនួញ​រួមគ្នា ដែល​ពួកគេ​យល់ថា ជា​មធ្យោបាយ​ល្អ​មួយ​សម្រាប់​រស់នៅ​ជាមួយគ្នា​ឱ្យបាន​យូរអង្វែង នៅពេលដែល​ពួកគេ​ធ្វើការ ពួកគេ​មិន​ឈប់សម្រាក ដូច​ខ្មែរ​ឡើយ​។ ចិន​ឆៅ​ខ្លះ​និយាយ «​ជនជាតិ​ចិន​មាន​ទេព​កោសល​ខាង​ធ្វើ​ជំនួញ​»​។ ប៉ុន្តែ​ជនជាតិ​ចិន​ជំនា​ន់ទី​២​ខ្លះ មាន​យោបល់​ថា «​ជនជាតិ​ចិន​សុទ្ធ​មិន​ពូកែ​ធ្វើ​ជំនួញ​ឡើយ តែ​ជន​ជាតិចិន​កាត់​ខ្មែរ​ទេ​ដែលជា​អ្នក​ឆ្លាត​ពិតប្រាកដ​នោះ​»​។​

​ជនជាតិ​ចិន​ម្នាក់​ដែលជា​សមាជិកសភា​ពាណិជ្ជកម្ម សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប៉ាន់ប្រមាណ​ថា «​សេដ្ឋកិច្ច​ខ្មែរ​ប្រហែល ៨០% ត្រូវបាន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ពីព្រោះ​ជនជាតិ​ចិន​ដឹង​ពី​របៀប​ជួយ​គ្នា និង​បង្រៀន​គ្នា​ទៅវិញទៅមក​ឱ្យ​ចេះ អំពី​របៀប​ធ្វើ​ជំនួញ​ដើម្បី​កុំឱ្យ​ពួកគេ​ល្ងង់​ដូច​ខ្មែរ ហើយ​ពួកគេ​មិន​អនុញ្ញាតឱ្យ​កូនស្រី​របស់ខ្លួន​រៀបការ​ជាមួយ​ជនជាតិខ្មែរ​ឡើយ ពីព្រោះ​ពួកគេ​យល់ថា ជនជាតិខ្មែរ​មិន​ពូកែ​ធ្វើ​ជំនួញ​ដូច​ជនជាតិ​ចិន​ឡើយ សូម្បីតែ​ឪពុកម្តាយ​ជន​ជាតិចិន​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក៏ដោយ ក៏​ពួកគេ​បញ្ជូន​កូន​របស់ខ្លួន​ឱ្យទៅ​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​ដទៃ​ដែរ ដើម្បីឱ្យ​ពួកគេ​រៀន​បច្ចេកទេស​ពី​ក្រុមហ៊ុន​ដទៃ​យកមក​ធ្វើ ការ​សម្រាប់​ក្រុមហ៊ុន​របស់ខ្លួន​។ នៅពេលដែល​ពួកគេ​ចេះ​សព្វគ្រប់​ហើយ​នោះ ពួកគេ​នឹង​បង្កើត​មុខរបរ​ជំនួញ​មួយ​ដោយ​ខ្លួនឯង និង​ផលិត​អីវ៉ាន់​ដោយ​ខ្លួនឯង ដើម្បីឱ្យ​ឆាប់​មានបាន​ក្នុង​រយៈពេល មួយ​ដ៏​ខ្លី​»​។ សព្វថ្ងៃនេះ​មិនមាន​ការរើសអើង​ជា​ផ្លូវការ​ក្នុង​ការមិន​អនុញ្ញាតឱ្យ​ជនជាតិ​ចិន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ឡើយ ប៉ុន្តែ​មាន​ជនជាតិ​ចិន​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ចូល​បម្រើ​ជា​កងកម្លាំង​សន្តិសុខ ហើយ​អ្នក​ទាំងនោះ​អះអាងថា ខ្លួន​ជា​ជនជាតិខ្មែរ​។​

​ចិនដីគោក ៖ អ្នក​ចំណូល​ថ្មី​

​ក្រុម​នេះ​រួមមាន​ពលរដ្ឋ​រាប់ពាន់នាក់ មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រត់​ចេញពី​គ្រោះ​អត់ឃ្លាន ការគាបសង្កត់ ផ្នែក​នយោបាយ ឬ​ដីកា​បង្គាប់បញ្ជា​របស់​តុលាការ​ចិន​។ ការដក​កងទ័ព​វៀតណាម​ចេញពី​កម្ពុជា​នៅ​ឆ្នាំ​១៩៨៩ (​ដែលជា​ឆ្នាំ​កើតមាន​ការសម្លាប់​នៅ​វិមាន​ធាន​អាន​ម៉េ​ន ជា​បុព្វហេតុ​ធ្វើឱ្យ​សកម្មជន​ជន​ជាតិចិន​ជាច្រើន​នាក់​រត់គេចខ្លួន​) ការចុះ​ទន់ខ្សោយ​នូវ​ការគ្រប់គ្រង​ព្រំដែន ការបញ្ចប់​សង្គ្រាម​និង​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច ជា​កត្តា​ដែល​ទាក់ទាញ​ឱ្យ​ពួក​ជនជាតិ​ចិន​ទាំងឡាយ​រក​ទិញ​លិខិត ឆ្លងដែន​ខ្មែរ ទោះជា​លិខិតឆ្លងដែន​នោះ​ថ្លៃ​យ៉ាងណាក៏ដោយ​។ នៅក្នុង​ចំណោម​អ្នក​ចំណូល​ថ្មី​ទាំងនោះ អ្នកខ្លះ​អាច​ចូលមក​រស់នៅ​សង្គម​កម្ពុជា​បាន​តាមរយៈ​សាច់ញាតិ​របស់ខ្លួន​ដែលជា​ជនជាតិ​ចិន តាម​សែស្រឡាយ​នៃ ក្រុម​ជនជាតិ​ចិន​ដូចគ្នា ឬក៏​មក​បើក​មុខរបរ​រកស៊ី​តាម​ជំនាញ​ផ្សេងៗ​ដូចជា ធ្វើជា​ពេទ្យធ្មេញ ជាពិសេស​ពួក​មកពី​ក្រុង សៀង​ហៃ​)​លក់​ថ្នាំពេទ្យ និង​បង្រៀន​ភាសា​ចិន​កុក​ងឺ​។

​ទោះបីជា​សាលារៀន​និង​សហគមន៍​ចិន​នៅ​កម្ពុជា​មិន​ទទួល​ឱ្យ​ធ្វើការ​ជាមួយ ឬ​មិន​ទទួល​ស្គា្ក​ល់​ជន​ជាតិចិន​ទាំងឡាយណា​ដែល​គ្មាន​ក្រដាស​ស្នាម​បញ្ជាក់​ពី​ការធ្វើដំណើរ អន្តោប្រវេសន៍​ច្បាស់លាស់​ត្រឹមត្រូវ​ក៏ដោយ ក៏​ពួកគេ​អាច​ទិញ​ក្រដាស​ស្នាម​ទាំងនេះ​បាន​ដោយ​ស្រួល​ដែរ​។ ចិនដីគោក​ខ្លះ​បានដាក់​ពាក្យសុំ​ទៅ​អង្គការ​ជនភៀសខ្លួន នៃ​អង្គការសហប្រជាជាតិ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក នយោបាយ​គេច​ឱ្យ​ផុតពី​ប្រទេស​ចិន និង​ទៅ​បោះ​ទីតាំងនៅ​ប្រទេស​ទី​៣​។ អ្នក​ចំណូល​ថ្មី​ទាំងនោះ​មិនមាន អត្តសញ្ញាណ​ច្បាស់លាស់​បញ្ជាក់​ពី​តំបន់​របស់ខ្លួន ក្រុម​ជាតិ​សាសន៍ ឬ​អត្តសញ្ញាណ​បញ្ជាក់​ពី​ការងារ​ឡើយ ប៉ុន្តែ​ដោយសារតែ​ពួកគេ​មាន​ប្រ​វ​តិ្ត​សាវតារ​រួម​នៃ​វប្បធម៌​នយោបាយ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំណេះដឹង​ភាសា​ចិន​កុក​ងឺ​(​ដែល​បានទទួល​ការសិក្សា​នៅ​ប្រទេស​ចិន ដែល​នៅ​ទីនោះ​គេ​យក​ភាសា​ចិន​កុក​ងឺ ធ្វើជា​ស្តង់ដារ និង​ការទទួល​បទពិសោធ​ឈឺចាប់​ដូចគ្នា​ទាំងនេះ ជា​កត្តា​ធ្វើឱ្យ​ពួកគេ​មាន​សុភនិច្ឆ័យ​រួម​ខាង​ផ្នែក អត្តសញ្ញាណ ដែល​អត្តសញ្ញាណ​នេះ​ខុសគ្នា​នឹង​អត្តសញ្ញាណ​របស់​សហគម​ន៍​ជន​ជាតិចិន​ដែល​បានរស់នៅ​ប្រទេស កម្ពុជា​តាំងពី​យូរ​មកហើយ នេះ​ជា​ចំណុច​សំខាន់​នៃ​ការស្រាវជ្រាវ​របស់​ពួកយើង​។

​ស្ថានការណ៍​លំបាក​មិន​ទៀងទាត់ និង​ឋានៈ​ស្របច្បាប់​មិន​ច្បាស់លាស់​របស់​អ្នក​ចំណូល​ថ្មី​មួយចំនួនធំ ធ្វើឱ្យ​ពួកគេ​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ប្រឈមមុខ​នឹង​ការសាកសួរ​ពី​សំណាក់​រដ្ឋអំណាច​នៅ​កម្ពុជា​។ ទោះជា​យ៉ាងណាក៏ដោយ គេ​បាន​អះអាងថា មានការ​ស៊ើបអង្កេត អំពី​ឋានៈ និង​អត្តសញ្ញាណ​របស់​ជនជាតិ​ចិន​ទាំងឡាយ​ដែល​ទើប​មកដល់ ដែល​នេះ​ជា​ប្រការ​ធ្វើឱ្យមាន​ការងឿងឆ្ងល់ យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រុងភ្នំពេញ​។​

ក្នុង​សន្ទានុក្រម និង​គំនិត​ខ្មែរ ពួកគេ​មិន​យល់ច្រឡំ​រវាង​អ្នក ចំណូល​ថ្មី​ទាំងនោះ​ជាមួយនឹង​សហគមន៍​ចិន​ដែល​មាននៅ​កម្ពុជា​តាំងពី​យូរ​មកហើយ​នោះទេ ។ ​សហគមន៍​ជនជាតិ​ចិន​ដែល​មាននៅ​កម្ពុជា​តាំងពី​យូរ ជាពិសេស​ជនជាតិ​ចិន​ជំនា​ន់ទី​២ ឬ​ជំនា​ន់ទី​៣ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​សង្គម​កម្ពុជា ចំណែក​ជនជាតិ​ចិន​ចំណូល​ថ្មី​ទាំងនោះ​ជាទូទៅ​ត្រូវបាន​គេ​ចាត់ទុក ជា​ជនបរទេស​ដែល​គួរឱ្យ​សង្ស័យ​និង​មិន​ពេញចិត្ត​។ អារម្មណ៍​បែបនេះ​កើតមាន​ដោយសារតែ​ជនជាតិ​ចិន​ចំណូល​ថ្មី​ទាំងនេះ​មិនបាន​ចូលរួមចំណែក​ជា​វិជ្ជមាន​ក្នុង​សេដ្ឋកិច្ចកម្ពុជា​។ ប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពួកយើង​បាន​សម្ភាសន៍ បាន​កើតឡើង​ដោយសារតែ​ពួកគេ​ខ្វះខាត នូវ​ការ​ឈ្វេងយល់​ឱ្យបាន​ច្បាស់លាស់​ថា តើ​ជនជាតិ​ចិនដីគោក​មក​ធ្វើ​អ្វី​នៅ​ទីក្រុង​ភ្នំពេញ​។ ជាទូទៅ​ជនជាតិខ្មែរ​បាន មើលឃើញ​ជនជាតិ​ចិន​ដីគោក​ទាំងនេះ​ឈរ​រ៉ែរ៉​(​គ្មាន​ការងារ​ធ្វើ​) នៅតាម​យ៉​(​រ៉ង​ដា​) ផ្ទះ ឬ​ដើរ​រ៉េ​រ៉​ជុំវិញ​ផ្ទះ​ដោយ​គ្មានអ្វី​ធ្វើ ឬ​ធ្វើ​ជំនួញ​ឱ្យមាន​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ឡើយ ដែល​ប្រការនេះ​វា​ផ្ទុយទៅនឹង​ជនជាតិ​បារាំង អូស្ត្រាលី និង​ជនបរទេស​ផ្សេងទៀត​ដែល​មកជួយ​ប្រទេស​កម្ពុជា​។​

​ការប្រឈមមុខ​ពេលបច្ចុប្បន្ន និង​ដំណោះស្រាយ​

​ក្រោម​ជំនោរ​នៃ​ការសរសើរ​ដល់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ចំពោះ​ជនជាតិ​ចិន នៅក្នុង​តំបន់​ខ្លះ​គេ​យល់ថា រដ្ឋាភិបាល​គ្មាន​ភាពប្រាកដប្រជា និង​គ្មាន​សិទ្ធិអំណាច​អ្វី​ឡើយ​ដែល​ត្រូវបាន​គេ​បដិសេធ​មិនឱ្យ​ចូលកាន់​កាប់​តំបន់ មួយចំនួន​ដែល​ពួកគេ​ចង់បាន​ធ្វើជា​ទ្រព្យសម្បតិ្ត​វប្បធម៌​របស់ខ្លួន​នោះ​។ ជាធម្មតា ពួក​ជនជាតិ​ចិន​ទាំង​នោះមក​នៅតាម​តំបន់​ដី​កប់ខ្មោច​ចាស់ៗ តាម​វិហារ ឬ​តាម​សាលារៀន​។ វិហារ​ចិន​មួយចំនួនធំ បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​ដោយសារ​ពួក​ខ្មែរក្រហម ប៉ុន្តែ​វិហារ​ខ្លះ​នៅមាន​សភាព​ល្អ​ដូចដើម​។ ដូចគ្នានេះដែរ ទីតាំង​កប់ខ្មោច​មួយចំនួន​ធំ​មិនត្រូវ​បាន​គេ​ប៉ះពាល់​ឡើយ​។ ចំនួន​សាលារៀន និង​វិហារ​ចិន​មួយចំនួនធំ​ដែល​បាន សេសសល់​ពី​សង្គ្រាម​រវាង​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ និង​ម​ស័​យ​បដិវត្តន៍​របស់​ប៉ុលពត ត្រូវបាន​របប​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា​បាន​ហាមឃាត់​មិនឱ្យ​រៀន​ភាសាបរទេស ដោយ​ចាត់ទុកថា ការសិក្សា​ភាសាបរទេស​ខុស​ទៅនឹង គោលនយោបាយ ដូចជា​ភាសា​បារាំង អង់គ្លេស និង​ភាសា​ចិន​។ ជាទូទៅ​ការហាមឃាត់​នេះ​ជាប់​ទាក់ទិន​ជាមួយនឹង ការអនុវត្ត​គោលនយោបាយ​ប្រឆាំង​ជនជាតិ​ចិន​នៅ​កម្ពុជា ដែលជា​មធ្យោបាយ​មួយ​ធ្វើឱ្យ​សហគមន៍​ជនជាតិ​ចិន​គ្មាន ឱកាស​ក្នុង​ការទទួល​បានមក​វិញ​នូវ​ទីតាំង​វប្បធម៌​របស់ខ្លួន​ឡើយ ។ ស្ថានភាព​នេះ​ត្រូវបាន​រដ្ឋ​កម្ពុជា​ធ្វើឱ្យមាន​ភាព ស្មុគស្មាញ​កាន់តែខ្លាំង នៅពេលដែល​របប​ដឹកនាំ​នេះ​ធ្វើ​ការបែងចែក​បង្កាន់ដៃ​ប្រគល់​សិទ្ធិ​កាន់កាប់​ដីធ្លី នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ រាជរដ្ឋាភិបាល​កម្ពុជា​មិនបាន​អនុវត្ត​នូវ​អ្វី​ដែលជា​បញ្ហា​នៅក្នុង​របប​ដឹកនាំ​មុនៗ​ឡើយ ដោយសារតែ​រដ្ឋាភិបាល​ថ្មី​នេះ​មាន​គោលនយោបាយ​វិជ្ជមាន​ក្នុងការ​ទទួលស្គាល់​និង​លើកទឹកចិត្ត​ឱ្យមាន អត្តសញ្ញាណ​វប្បធម៌​ចិន​វិញ ។ ទោះជា​យ៉ាងណាក៏ដោយ មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន រក្សា​នូវ​សិទ្ធិ​កាន់កាប់​ដីធ្លី ដែលជា​ទីតាំង​វប្បធម៌​របស់​ជនជាតិ​ចិន​ធ្លាប់មាន​ពីមុនមក​។​

​ដូច្នេះ​ការកើតមាន​ឡើងវិញ​នៃ​វប្បធម៌​ចិន​នៅពេល​បច្ចុប្បន្ន ដោយសារតែ​ពួកគេ​មាន​សហគមន៍​របស់ខ្លួន​ពិតប្រាកដ ហើយដោយ​ភាព​ប្រថុយប្រថាន​ដែល​កើតចេញ​មកពី​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​និង​អ្នកដឹកនាំ​ទាំងឡាយ​របស់ សហគមន៍​ជនជាតិ​ចិន ។ សហគមន៍​ជនជាតិ​ចិន​នៅតាម​ជនបទ និង​ទីក្រុង តែងតែមាន​កាតព្វកិច្ច​ទិញយក​ដី ដែល​ពួកគេ​យល់ថា​ជា​ដី​កេរ​មរតក​រួម​របស់​ខ្លួន​មកវិញ ដើម្បីឱ្យ​សមាគម​មាន​សេរីភាព​ពេញលេញ​ដែលមាន​ការទទួល ស្គាល់​ដោយ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ថ្មី​នេះ​។ នៅក្នុង​ឃុំ​តូច​មួយ​នៅ​ជនបទ ដែល​ពួកយើង​បាន​ទៅធ្វើ​ការ ស្រាវជ្រាវ ជនជាតិ​ចិន​បាន​ចំណាយលុយ​ចំនួន ៤០០​ដុល្លារ​អាមេរិក ដើម្បី​ទិញយក​តំបន់​កប់ខ្មោច​មកវិញ​។ គេ​ត្រូវការ ប្រមូល​ដី​យកមក​វិញ ទោះ​ត្រូវ​ចំណាយលុយ​យ៉ាងច្រើន​ក៏ដោយ ពីព្រោះ​ទីលាន​កប់ខ្មោច​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វប្បធម៌​ចិន​។ កន្លែង​កប់ខ្មោច​នេះ​មាន​ស្មៅ​ដុះ​ពេញ និង​មិន​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ដាំ​ដុះ​ដំណាំ ឬ​ទុក​ធ្វើ​ជំនួញ​ឡើយ​។ ទោះជា​យ៉ាងណាក៏ដោយ សមាគម​ចិន​ទាំងឡាយ​តែងតែ​ត្រូវបាន​គេ​ស្នើសុំ​ឱ្យជួយ​ទិញយក​មក វិញ​នូវ​អគារ​សាលារៀន ព្រះវិហារ​ទាំងឡាយ​ដែល​គេ​យល់ថា​បាន​សាងសង់ឡើង​ដោយ​ជនជាតិ​ចិន​។ ក្នុងករណី​ទាំងឡាយណា​ដែល​សាលារៀន អគារ ព្រះវិហារ​ចិន​ត្រូវបាន​គេ​យកទៅ​ធ្វើជា​សាលា​រដ្ឋ ឬ​ការិយាល័យ​រដ្ឋាភិបាល អាជ្ញាធរ​នៅតាម​តំបន់​នីមួយៗ​តែងតែ​ស្នើ​សុំឱ្យ​សមាគម​ចិន​សាងសង់​សាលារៀន ឬ​ការិយាល័យ​ថ្មី​សម្រាប់​ឱ្យ​រដ្ឋ​ប្រើប្រាស់​ជំនួស​វិញ ដែលជា​ធម្មតា​តែងតែ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​។ យើង​បាន​សង្កេតឃើញ​យ៉ាងហោចណាស់​មាន​ករណី​ពីរ ដែល​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​បដិសេធ មិន​ព្រម​ចរចា​ដើម្បី​រុះរើ​ការិយាល័យ​របស់ខ្លួន​ចេញពី​សាលារៀន​ចិន​ដែល​ធ្លាប់មាន​ពីមុនមក​។ មាន​ករណី​លើកលែង​ខ្លះ​ដែរ​ចំពោះ​បញ្ហា​នេះ សាលា​ហ្ស៊ិ​ន​មីន ហ្សឹ​ហ្សា ជា​សាលារៀន​ដំ​ធំ​មួយ​នៅ​ស្រុក​ត្បូងឃ្មុំ ដែល​ត្រូវ​ខ្ទេចខ្ទី​ដោយសារ​ការទម្លាក់​គ្រាប់បែក​នៅ​សម័យ​លន់នល់ ហើយ​ត្រូវបាន​គេ​សង់​ឡើងវិញ​នៅ​ឆ្នាំ ១៩៩៣ ដោយមាន​ការសហការ​យ៉ាង​ពេញលេញ​ពី​សំណាក់​រដ្ឋអំណាច​នៅក្នុង​ស្រុក​នោះ​។ លោក​ហ៊ុន សែន ដែល​ពេលនោះ​ជា​នាយករដ្ឋមន្ត្រី​ទី​២ បាន​ជួយ​ប្រាក់​មួយចំនួន​របស់រ​ដ្ឋា​ភិ​បាល​ឱ្យទៅ​មូលនិធិ​របស់​សាលារៀន​នេះ​។ លើសពីនេះ​គេ​កត់សម្គាល់ថា ពេលខ្លះ​មាន​ហេតុផល​ជាក់ស្តែង​មួយចំនួន​ចំពោះ​ការបដិសេធ​ដាច់អហង្ការ​ពី​សំណាក់ អាជ្ញាធរ​នៅក្នុង​តំបន់​នីមួយៗ​។ ពួកយើង​បាន​ជួបប្រទះ​ករណី​មួយ​ដែល​មន្ត្រី​រដ្ឋាភិបាល​បានសម្រេច​ថា វា​ជា​ប្រការ​ដ៏​ឆាប់រហ័ស​ពេក​ហើយ ដែល​ពួកគេ​ត្រូវប្រគល់​ទីធ្លា​សាលា​ចិន ដែល​ពេល​បច្ចុប្បន្ននេះ​ជា​សាលា​រដ្ឋ ដើម្បីឱ្យ​ជនជាតិ​ចិន​ធ្វើជា​សាលា​ឯកជន​សម្រាប់​កូនសិស្ស​មួយចំនួន​តូច​របស់ខ្លួន​នោះ​។​

​សង្គ្រាម ការផ្លាស់​លំនៅ​របស់​ប្រជាជន​និង​ការផ្លាស់ប្តូរ​របប​ដឹកនាំ​ជាច្រើនលើក បានធ្វើឱ្យ​មានការ​ច្របូកច្របល់ និង​មាន​ជម្លោះ​ដែល​ទាក់ទង​ទៅនឹង​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​ឯកជន ក្នុងចំណោម​ពលរដ្ឋ​កម្ពុជា​ទាំងឡាយ ទាំង​ក្រុម​ជនជាតិភាគតិច និង​ក្រុម​ជនជាតិ​ភាគច្រើន​។ ទោះជា​យ៉ាងណាក៏ដោយ ក៏មាន​ការរើសអើង​ជាតិ​សាសន៍ ពិតប្រាកដ​ប្រឆាំងនឹង​ជនជាតិ​ចិន ដែល​ភាគច្រើន​ទាក់ទិន​ទៅនឹង​ការទាមទារ​យកមក​វិញ​នូវ​តំបន់​នានា​ដែលជា ទីកន្លែង​សាសនា (​ដែល​គេ​ទទួលស្គាល់ថា ជាទី​កន្លែង​ដ៏​ពិសិដ្ឋ មិន​ស្ថិតនៅក្រោម​កម្មវិធី​ទិញដូរ​) នោះ ក្នុង​ករណីខ្លះ សហគមន៍​ជនជាតិ​ចិន​ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​តម្រូវឱ្យ​បង់ប្រាក់​លោះ​ច្រើន​ហួសប្រមាណ​ដើម្បី​យកមក​វិញ​នូវ​កេរ ដំណែល​វប្បធម៌​របស់ខ្លួន​។ ដោយសារ​ពួកគេ​មានការ​ចងចាំ​ច្បាស់លាស់​អំពី​ទីតាំង​ប្រវត្តិសាស្ត្រ និង​ដោយសារ​តែមាន សញ្ញា​សម្គាល់​នៃ​ផ្នែក​ខ្លះៗ​របស់​សាលារៀន​ចាស់ៗ សំណេរ​នៅលើ​ខ្លោងទ្វារ​របស់​ទីលាន​កប់ខ្មោច អត្ថន័យ​នៃ​ស្ថាបត្យកម្ម​ចិន មិនមាន​អ្វីដែល​ធ្វើឱ្យមាន​ការយល់ច្រឡំ​ឡើយ​ចំពោះ​ទីតាំង​នានា​ដែលជា​ទ្រព្យ​របស់ សហគមន៍​ចិន​។ តាមពិត​មានកំណត់​សម្គាល់​ផ្ទុយគ្នា​ខ្លះ​ចំពោះ​ស្ថានភាព​នៃ​ការកាន់កាប់​ដីឯកជន​។ ប៉ុន្តែ​ដើម្បី​សម្រេច​គោលបំណង​ផ្សេងៗ មន្ត្រី​រដ្ឋាភិបាល​នៅ​តំបន់​មួយចំនួន​បាន​លៃលក​ដី​ដែលជា​ទីកន្លែង​វប្បធម៌​ពីមុន ឱ្យទៅជា​ទ្រព្យសម្បតិ្ត​ឯកជន​។ នេះ​គឺជា​កាកសំណល់​នៃ​ការកាន់កាប់​ផ្តាច់មុខ​លើដី​ធ្លី និង​អគា​នានា​ពី​សំណាក់​យោធា គណបក្សនយោបាយ​និង​រដ្ឋ អស់​រយៈពេល​ជាង​២០​ឆ្នាំកន្លងមក​។

​វា​ក៏​ជា​លទ្ធផល​នៃ​ការយល់​ខុស​ផងដែរ ដែល​នោះ​គឺជា​ការយល់​ខុសពី​សំណាក់​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ និង​មន្ត្រី​អង្គការសហប្រជាជាតិ​ដែលថា​ជនជាតិ​ចិន​នៅ​កម្ពុជា​សុទ្ធតែជា​អ្នកមាន​ទ្រព្យសម្បត្តិ​និង​អំណាច​។ មាន​និន្នាការ​មួយទៀត​ដែល​ចាត់ទុក​ជនជាតិ​ចិន​ថា​ជា​ក្រុម​ដែលមាន​ទំនាក់ទំនង​គ្នា​ជិតស្និទ្ធ​ដើម្បី​ការពារ​ប្រយោជន៍ របស់ខ្លួន​។ ទស្សនៈ​នេះ​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​វា​បាន​បំផ្លិច​បំផ្លាញចោល​នូវ​ក្រុម​ជនជាតិ​ចិន​ដែលមាន​អម្បូរ​ភាសា ផ្សេងៗ​គ្នា និង​រស់នៅ​ដាច់ដោយឡែក​ពីគ្នា មាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​និង​អត្តសញ្ញាណ​របស់ខ្លួន​ដោយឡែក​ពីគ្នា​នៅ​ពាសពេញ​ប្រទេស​ក​ម្បុ​ជា​។​

​ទស្សនៈ​ខាងលើនេះ បានធ្វើការ​វិនិច្ឆ័យ​ក្រុម​ជន​ជាតិចិន​ភាគច្រើន ដែល​ស្ថិតនៅក្នុង​ស្រទាប់​ក្រោម​នៃ​សង្គម ថា​មាន​ប្រាក់ចំណូល​ជា​មធ្យម ដោយ​យក​ពាណិជ្ជករ​ជនជាតិ​ចិន​មួយចំនួន​តូច​ដែលមាន​ទ្រព្យសម្បត្តិ​ធ្វើជា​រង្វាស់ ដែល​អ្នក​ទាំងនេះ​គឺជា​អ្នក​ដែល​បានទទួល​ផលប្រយោជន៍​របស់ខ្លួន​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​នយោបាយ​នៅ​កម្ពុជា​។ ជោគជ័យ​របស់​មនុស្ស​មួយចំនួន​មិនអាច​ឆ្លុះបញ្ចាំង​ពី​ទ្រព្យសម្បតិ្ត​របស់​ប្រជាជន​ចំនួន​ច្រើន​ឡើយ​។ ខណៈពេលដែល ជនជាតិ​ចិន​រកបាន​ប្រាក់ចំណូល​ច្រើន មាន​ទ​មោទនភាព​លើ​ខ្លួនឯង ចំពោះ​ភាព​ប៉ិនប្រសប់​ក្នុងការ​រកប្រាក់ និង​ឧស្សាហកម្ម​របស់ខ្លួន ជន​ជាតិចិន​ជាច្រើន​នៅតាម​តំបន់​ដាច់ស្រយាល ខ្វះ​នូវ​ការប្រមូលផ្តុំ និង​ទីតាំង​ភូមិសាស្ត្រ​។ ពួកគេ​គ្មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​សេដ្ឋី​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ដែលមាន​ឈ្មោះ​ល្បី ល្បាញ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ឡើយ ហើយក៏​មិនសូវមាន​ភាព​សហការ​ជាមួយ​អាជ្ញាធរ​នៅក្នុង​តំបន់​របស់ខ្លួន​ដូច​ជន ជាតិខ្មែរ​ឡើយ​។ ទន្ទឹមនឹង​ពេលដែល​រដ្ឋអំណាច​មូលដ្ឋាន​នៅក្នុង​តំបន់​នានា​បានបង្ហាញ​ពី​ឆន្ទៈ​ល្អ​របស់ខ្លួន​ចំពោះ សហគមន៍​ចិន រដ្ឋអំណាច​មូលដ្ឋាន​នៅក្នុង​តំបន់​ខ្លះ​បានធ្វើការ​រារាំង​មិនឱ្យ​ជនជាតិ​ចិន​បង្កើត​អង្គការ សមាគម ជំនឿ​សាសនា និង​ការលើកកម្ពស់​វិស័យ​អប់រំ តាមរយៈ​ការចូលរួម​សហការ​រ​បស់​ខ្លួន លុះត្រាតែ​ជនជាតិ​ចិន​ទាំងនោះ ឱ្យ​លុយ​ដល់​ពួកគេ​។ ប្រតិកម្ម​និង​ការឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់​សហគម​ន៍​ចិន​ដើម្បី​ស្តារឡើងវិញ​នូវ​ទ្រព្យសម្បតិ្ត វប្បធម៌ ទាមទារ​ឱ្យមាន​ការបញ្ជាក់​ឱ្យបាន​ច្បាស់លាស់​នូវ​គោលនយោបាយ​ស្តីអំពី​ការផ្ទេរ និង​ការផ្តល់​សិទ្ធិ​ឱ្យ​សហគមន៍​ជនជាតិ​ចិន​កាប់​មរតក​វប្បធម៌​ជា​ប្រ​វ​តិ្ត​សាស្ត្រ​របស់ខ្លួន​។​

​មាត្រា​ទី​៣១ របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធានា​ឱ្យ​ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ សេរីភាព និង​ភារកិច្ច​ដូចគ្នា ដោយ​មិន​គិតពី​ជាតិ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា​។​ល​។​

​ដើម្បី​ធានា​ឱ្យបាន​ប្រាកដប្រជា​ថា សិទ្ធិ​ទាំងឡាយ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ត្រូវ​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន ដើមកំណើត​ជា​ជនជាតិ​ចិន​នោះ ពួកយើង​ផ្តល់​ជា​អនុសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវបង្កើត​គោលនយោបាយ ច្បាស់លាស់​មួយ ស្តីអំពី​សិទ្ធិ​របស់​សហគមន៍​ជនជាតិ​នានា​ក្នុងការ​ប្រើប្រាស់​ដីធ្លី និង​អគារ​ទាំងឡាយ​ដែលជា​ផ្នែក សំខាន់​មួយ​នៃ​កេរ​ដំណេ​ល​វប្បធម៌​របស់​ពួកគេ​។ នៅពេលដែល​គោលការណ៍​ណែនាំ​ទាំងនេះ​មិនទាន់​ត្រូវបាន​គេ បង្កើត​នោះ សហគម៍​ជនជាតិ​ចិន​ទាំងឡាយ​នៅតែ​អាស្រ័យ​លើ​ការយល់ឃើញ​(​ឬ​ការសម្រេច​) របស់​មន្ត្រី​រដ្ឋាភិបាល ម្នាក់ៗ​ដែល​បកស្រាយ​ច្បាប់​តាម​បុរេនិច្ឆ័យ (​ការយល់ឃើញ​) របស់ខ្លួន​ផ្ទាល់​ឬ​តាម​ចំណង់​ចង់រក​ផលចំណេញ​ផ្ទាល់ខ្លួន​។​

ការទទួលស្គាល់​សាលារៀន​ចិន​

​រាជរដ្ឋាភិបាល​កម្ពុជា រួមជាមួយ​នឹង​សមាគម​ចិន​នៅ​កម្ពុជា បាន​គិតគូរ​បង្កើត​គោលនយោបាយ​គ្រប់គ្រង​កម្មវិធីសិក្សា នៅតាម​សាលា​ចិន​នានា ដែល​ត្រូវ​ធានាថា កូនសិស្ស​ទាំងឡាយ​អាចនឹងទទួល​បាន​ជំនាញ​ភាសា​ចិន ទន្ទឹម​ពេលដែល​ពួកគេ​រៀន​អំពី​ភូមិសាស្ត្រ វប្បធម៌ និង​ប្រ​វ​តិ្ត​សាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ ទាក់ទិន​ទៅនឹង​ការគ្រប់គ្រង លើ​កម្មវិធីសិក្សា​នៅតាម​សាលា​ចិន​នេះ គេ​យល់ថា​វា​ជា​រឿង​សម​ហេតុផល​សម្រាប់​ឱ្យ​គុណភាព​អប់រំ​ដែល​កូនសិស្ស ទទួលបាន​ពី​សាលារៀន​ឯកជន​របស់​ចិន​មានតម្លៃ​ស្មើគ្នា​ទៅនឹង​គុណភាព​អប់រំ​ដែល​ទទួលស្គាល់​ដោយ​សាលា​រដ្ឋ​។ នៅពេល​បច្ចុប្បន្ន វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​របស់​សាលា​ចិន មិន​ត្រូវបាន​វិទ្យាស្ថាន​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា​ទទួលស្គាល់​ឡើយ​។ ដើម្បី​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​ខ្មែរ ពួកគេ​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ពី​សាលា​រដ្ឋ​។ បទបញ្ជាផ្ទៃក្នុង​បែបនេះ បានធ្វើ​ឱ្យមាន​ការមិន​សប្បាយចិត្ត ពី​សំណាក់​បុគ្គលិក​ដែលមាន​សមត្ថភាព​ខ្ពស់​នៅតាម​សាលា​ចិន ដែលមាន​ការព្រួយបារម្ភ​ថា ទាំង​កូនសិស្ស​ខ្មែរ និង​កូនសិស្ស​ចិន ដែល​ចេញពី​សាលា​របស់ខ្លួន​អាច​កំណត់​អាជីព​របស់ខ្លួន​ត្រឹមតែ​ធ្វើ​ជំនួញ ហើយ​គ្មាន​ទឹកចិត្ត​បន្ត​ការ សិក្សា​ជាន់ខ្ពស់​នៅ​មហាវិទ្យាល័យ​ក្នុងប្រទេស​កម្ពុជា​ឡើយ​។​

​ដើម្បី​ធានា​ឱ្យបាន​ប្រាកដប្រជា កូន​ស្សិ​ដែល​បានបញ្ចប់ ការសិក្សា​ពីសា​លា​ចិន​នឹងមាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​បានការ​ងារ​ធ្វើ ហើយ​មានឱកាស​សិក្សា​កម្រិត​ឧ​ត្ត​ម​ដូច​កូនសិស្ស​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា​ខ្មែរ​ដែរនោះ គេ​ត្រូវមាន​ការបញ្ជាក់​ឱ្យបាន​ច្បាស់​បន្ថែមទៀត ស្តីពី​ឋានៈ​នៃ​សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាលា​ចិន​។​

​ស្ថានភាព​សន្តិសុខ និង​អត្តសញ្ញាណ​ជនជាតិ​

​សេរីភាព​ក្នុងការ​អះអាង​អំពី​អត្តសញ្ញាណ​របស់​ជនជាតិ​មួយ មិនត្រូវ​សំអាង​តែ​លើ​នយោបាយ​តែមួយ​មុខ​នោះទេ​។ ការស្រាវជ្រាវ​របស់​យើង​បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ថា ការសម្តែង​ឱ្យឃើញ​ពី​អត្តសញ្ញាណ​របស់​ជនជាតិ​មួយ តាមរយៈ​នៃ​សញ្ញា​សម្គាល់​នានា​នៅតាម​ព្រះវិហារ សមាគម និង​សាលារៀន​ទាំងឡាយ មាន​ទំនាក់ទំនង​ផ្ទាល់​ទៅនឹង​ស្ថានភាព​ល្អប្រសើរ​នៃ​សន្តិសុខ​សង្គម​។ នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ស្ថានភាព​ល្អប្រសើរ​នៃ​សន្តិសុខ​ចាប់ពី​ឆ្នាំ ១៩៩៥ បានផ្តល់​ឱកាស​ដល់​ការបង្កើតឡើងវិញ​នូ​ព្រះវិហារ សាលារៀន​នៅ តាម​តំបន់​ជនបទ ។ នៅ​ឆ្នាំ​១៩៩៤ ជន​ជាតិចិន​ជាច្រើន​បាន​ភៀសខ្លួន​ពី​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដោយសារតែ​មានការ​វាយប្រហា​រ​ពី​សំណាក់​ខ្មែរក្រហម ហើយ​នៅពេលដែល​សកម្មភាពរ​បស់​ពួក​ខ្មែរក្រហម​មានការ ថយចុះ សមាគម​វប្បធម៌​ចិន​ក៏​ត្រូវគេ​បង្កើត​ឡើងវិញ ។ ផ្ទុយ​វិញ នៅក្នុង​តំបន់​ដែលមាន​ជម្លោះ​កាន់កាប់​ដោយ​ខ្មែរ ក្រហម​អស់​រយៈពេល​ដ៏​យូរ​មួយ​បាន​កើតមានឡើង​នៅ​ទីនោះ មុន​ពេលដែល​ពួកយើង​ទៅធ្វើ​ការស្រាវជ្រាវ​។ អ្នកភូមិ​ម្នាក់​ដែល​សង្ឃឹមថានឹង​បើក​សមាគម​ចិន បាន​និយាយថា «​ពួកយើង​ខ្លាច​មិន​ហ៊ាន​សង់​ព្រះវិហារ​ប៉ិន​ថៅ​កុង ឬ​ទី​សក្ការបូជា​ឡើយ ព្រោះ​ខ្លាចក្រែង​ពួក​ខ្មែរក្រហម​ដុតចោល​»​។ ការគិត​ស្រដៀង​គ្នា​នេះ បាន​បង្កឱ្យមាន​ការលំបាក ក្នុងការ​បង្កើត​សមាគម​ជនជាតិ​ចិន​នៅតាម​តំបន់​ជនបទ​នៅ​ខេត្តបាត់ដំបង​។ ទោះយ៉ាងណា​ក៏ដោយ នៅ​កន្លែង​ខ្លះ ការរក្សា​នូវ​ពិធីបុណ្យ​ផ្សេងៗ និង​ការ​គោរពបូជា​បានផ្តល់​នូវ​ជំនឿ​ទុកចិត្ត និង​ស្ថិរភាព​ដល់​អ្នកភូមិ​ដែល​កំពុង​ស្ថិតក្រោម ការវាយប្រហារ​របស់​ពួក​ខ្មែរក្រហម​។ បន្ទាប់ពី​មានការ​បាញ់ប្រហារ​បី​បួន​លើក​លើ​ភូមិ​ព្រៃធំ ខេត្តកំពត នៅក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនោះ អ្នកភូមិ​បាននាំគ្នា​ចូលទៅ​លាក់ខ្លួន​នៅក្នុង​ព្រះវិហារ​ប៉ិន​ថៅ​កុង ធ្វើ​ពិធីបុណ្យ​អារ​អណ្តាត និង​បិទ​ក្រដាស​ស័ក្តិសិទ្ធិ​នៅលើ​ទ្វារផ្ទះ​របស់ខ្លួន ដើម្បីឱ្យ​ព្រះវិហារ​ប៉ិន​ថៅ​កុង ជួយ​ការពារ​ពួកគេ​ឱ្យ​ផុតពី​ការវាយប្រហារ​របស់​ពួក​ខ្មែរក្រហម​ទៀត​។​

​សេចក្តីសន្និដ្ឋាន​

​ជន​ជាតិចិន​បានទទួល​សេរីភាព​ខាង​វប្បធម៌​ច្រើន នៅក្រោម​ការដឹកនាំ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ជាង​នៅក្រោម​របប​ដឹកនាំ​ទាំងឡាយ​ចាប់តាំងពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៩៣​។ រដ្ឋាភិបាល​នៅពេល​បច្ចុប្បន្ននេះ​ត្រូវបាន គេ​គោរព​សរសើរ​ចំពោះ​ការជំរុញឱ្យ​មានការ​បង្កើត​ច្បាប់​គ្រប់គ្រង​ថ្មី ដែល​អនុញ្ញាតឱ្យ​មានកា​រ​បង្កើត​សាលារៀន សមាគម​វប្បធម៌ និង​សារព័ត៌មាន​ចិន​ជាច្រើន​។ វិធានការ​ទាំងនេះ មិន​ត្រឹមតែ​ប្រសើរ​ជាង​អ្វីដែល​បាន​អនុវត្ត​នៅ​កម្ពុជា កាលពី​អតីតកាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រសើរ​ជាការ​រឹតបន្តឹង​លើ​អត្តសញ្ញាណ​វប្បធម៌​របស់​ជនជាតិ​ចិន​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ទៀតផង​។ ក្នុងការ​អនុញ្ញាត​ឱ្យមាន​ការរីកដុះដាល​នៃ​អង្គការ​សមាគម​ចិន រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានផ្តល់​ការ ទទួលស្គាល់​ជាសំខាន់​ថា ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​អត្ត​សាំ​ញ្ញាណ​របស់ខ្លួន​នៅក្នុង​ប្រទេស នេះ​ទ​នឹ្ទ​ម​ពេលដែល​ពួកគេ​បាន​រក្សា​នូវ​វប្បធម៌ និង​អត្តសញ្ញាណ​ចិន​ខ្លះ​នោះ​។ នេះ​គឺជា​ជំហាន​មួយ​ដ៏​សំខាន់ ដែល​ធ្វើឱ្យ​ពួក​ជន​ជាតិចិន​មានគំនិត​ខុសពី​សម័យ​សង្គ្រាមត្រជាក់ ដែល​បានធ្វើឱ្យ​ជន​ជាតិចិន​ក្លាយជា​ឧបករណ៍​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ឬក៏​ផលប្រយោជន៍​ជាតិ​របស់​តៃវ៉ាន់​។

​តាមពិត ការប្រៀបធៀប​រវាង​អ្នក​ផ្តល់ព័ត៌មាន ក្នុងការ​សម្ភាស​ដែល​កំពុងមាន​សេរីភាព​វប្បធម៌​នៅពេល​សព្វថ្ងៃនេះ ជាមួយនឹង​អ្នក​ដែល​បានទទួល​សេរីភាព​វប្បធម៌ នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​ក្រោម​ការដឹកនាំ​របស់​សម្តេច នរោត្តម សីហនុ នៅពេលដែល​ពួកគេ​ត្រឡប់​ទៅ​មើល​អ្វីដែល​បាន​កើតមាន​ក្នុងសម័យ​នោះ ពួកគេ​ក៏មាន​ក្តីសង្ឃឹម​ចំពោះ​ពេលអនាគត​ដែរ​។ ប្រការ​ដែលថា ជនជាតិ​ចិន​បាន​ភ្ជាប់​សម័យ​សង្គមរាស្ត្រនិយម ជាមួយនឹង​ស្ថានភាព​បច្ចុប្បន្ន​នោះ បានបង្ហាញ​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​មួយ​ក្នុងចំណោម​ប្រជាជន​មួយចំនួនធំ ប្រ​ឆាំ​ទៅនឹង​ព្រឹត្តិការណ៍ និង​ការរើសអើង​ជាតិ​សាសន៍​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៩៣ ហើយ​ពួកគេ​បាន​ខិតខំ​ធ្វើការ សម្រាប់​អនាគត​កម្ពុជា និង​កូនចៅ​របស់ខ្លួន​។​

​ទោះជា​យ៉ាងណាក៏ដោយ គេ​មិនអាច​ទាញ​ពេលវេលា​ឱ្យ​ត្រឡប់​ថយក្រោយ ឬ​ទៅមុខ​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​បានឡើយ ហើយ​ទម្ងន់​នៃ​ប្រ​វ​តិ្ត​សាស្ត្រ​នាពេល​ថ្មីៗ​នេះ​ក៏​មិនអាច​កាត់បន្ថយ​ដោយ​ក្រឹត្យ​របស់​រដ្ឋាភិបាល​បានឡើយ ។​ក្នុងខណៈ​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួលបាន​ការកោតសរសើ​រ​ចំពោះ​ការផ្តល់​សិទ្ធិសេរីភាព​ស្របច្បាប់​ឱ្យ​សមាគម​វប្បធម៌ និង​សាសនា​របស់​ប្រជាជន​ចិន គេ​ក៏ត្រូវ​ចងចាំ​ផងដែរ​ថា ក្រឹត្យ​ទាំងឡាយ​គ្មាន​ន័យ​ឡើយ ប្រសិន​បោះ​សហគមន៍​ជនជាតិ​ចិន​មិនត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យមាន​មធ្យោបាយ​ជាក់ស្តែង​ដើម្បី​បង្កើត​សាលារៀន​និង​ព្រះវិហារ​ចិន​ថ្មីៗ ឬ​ជួសជុល​ព្រះវិហារ​ចាស់ៗ​ទាំងឡាយ ហើយ​គុណភាព​នៃ​ការសិក្សា​ដែល​ចេញ​ដោយ​សាលារៀន​ចិន​មិន​ត្រូវបាន​គេ​ឱ្យ​តម្លៃ​ស្មើនឹង​គុណភាព​នៃ​កម្រិតសិក្សា​សាលា​រដ្ឋ​នោះ ដូច្នេះ​គេ​ត្រូវបង្កើត​ឱ្យមាន​គោលការណ៍​ច្បាស់លាស់​នៅក្នុង​វិស័យ​ទាំងនេះ ដើម្បី​ធានា​ឱ្យបាន​ប្រាកដប្រជា​ថា​ស្មារតី​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​បាន​ឆ្លុះបញ្ចាំង​នូវ​ខ្លឹមសារ​ច្បាប់​របស់​ប្រទេស​នេះ​៕(​អត្ថបទ​ស្រាវជ្រាវ​) ដោយៈ លី​សា​