Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន ៖ កម្ពុជាសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍ អន្ដរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និង ថៃ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ថ្លែងក្នុងឱកាសកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្រោមអធិបភាពឯកឧត្តម វ៉ាង យី (Wang Yi) ប្រធានក្រុមប្រឹក្សាសន្តិសុខ។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍សូមសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែល
បានទទួលតួនាទីជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ និងសូមថ្លែងអំណរគុណចំពោះ
ឯកឧត្តម រដ្ឋមន្ត្រី វ៉ាង យី ដែលបានរៀបចំកិច្ចពិភាក្សាដេញដោលកម្រិតខ្ពស់ នៅចំពេលវេលាដ៏ល្អនេះ លើបញ្ហា ដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅចំពោះសន្តិភាពអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និង សន្តិសុខរួម នៅក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ការប្រែប្រួល
និងភាពចលាចលកាន់តែខ្លាំងឡើង។

រយៈពេល ៨០ឆ្នាំមកនេះ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានដើរតួជាគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ និងជាក្របខណ្ឌតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងឡាយ។ គោលការណ៍គ្រឹះន ធម្មនុញ្ញនេះ រួមមាន សមភាពអធិបតេយ្យភាពនៃរដ្ឋ ការគោរពឯករាជ្យភាព និងបូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ដែលនៅតែជាកត្តាមិនអាចខ្វះបាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងយុត្តិធម៌អន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ន គោលការណ៍ទាំងនេះកំពុងរងសម្ពាធកាន់តែខ្លាំងឡើង។ ពិភពលោកបន្តប្រឈមមុខនឹងជម្លោះប្រដាប់អាវុធ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការបែកខ្ញែកន សេដ្ឋកិច្ច និងការធ្លាក់ចុះនៃទំនុកចិត្តរវាងប្រជាជាតិ និងប្រជាជាតិ។ ទន្ទឹមនឹងនេះ ការប្រែប្រួល អាកាសធាតុ វិបត្តិសន្តិសុខស្បៀង និងថាមពល ជំងឺរាតត្បាត ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និង បទល្មើសឆ្លងដែន នៅតែបន្តបង្កជាប្រឈមដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

តថភាពទាំងនេះបានរំឭកយើងថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព អាចសម្រេច ទៅបាន លុះត្រាតែមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាពនិងការទទួលខុសត្រូវរួម។ ហេតុនេះហើយ ទើបកម្ពុជាជឿជាក់ថា ការធ្វើឱ្យរស់រវើក និងការពង្រឹង ឡើងវិញ នៃប្រព័ន្ធពហុភាគីនិយមដែលមានអង្គការសហប្រជាជាតិជាស្នូល គឺជារឿងចាំបាច់បំផុត ដើម្បី ការពារសន្តិសុខ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្របច្បាប់របស់គ្រប់ប្រជាជាតិទាំងអស់ ជាពិសេស បណ្តាប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍន៍។ ធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវតែបន្តដើរតួជា បាតគ្រឹះនៃទំនាក់ទំនងអន្តរជាតិ និងជាក្របខណ្ឌមិនអាចខ្វះបាន សម្រាប់ការរស់នៅជាមួយគា្នដោយ សន្តិវិធី កិច្ចសហប្រតិបត្តិការ និងការបង្ការជម្លោះ។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងបន្តទៀតថា បទពិសោធន៍ផ្ទាល់របស់កម្ពុជាបានបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការថែរក្សាសន្តិភាព។ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អ៊ុនតាក់ (UNTAC) ឬអាជ្ញ ធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ ដំណើរការសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារប្រទេសកម្ពុជាឡើងវិញ។

ដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ ដល់សន្តិភាព និងជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈ ការសន្ទនា ការទូត ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្ដរជាតិ។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា ក្នុងស្មារតីនេះ កម្ពុជាសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍ អន្ដរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និង ថៃ អនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ព្រំដែន និង អធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ (fait accompli)។ ទោះបីជាបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយ យើងនៅតែមានការព្រួយបារម្ភ ចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដី កម្ពុជា។ ហេតុដូច្នេះ បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេស សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ មាន ប្រសិទ្ធភាព និងជាបន្ទាន់ទាំងស្រុង។ ក្នុងន័យនេះ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា ការអនុវត្តដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាសំខាន់បំផុតក្នុងការស្តារទំនុកចិត្តឡើងវិញ ការធានា សន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលភៀសសឹកអាចវិលត្រឡប់ទៅផ្ទះវិញដោយ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះ ដើម្បី ជាប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពបន្តបន្ទាប់ នៅក្នុងតំបន់
ទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ថលី

×