រដ្ឋអាជ្ញាម៉ាឡេស៊ី កាលពីម្សិលមិញបានចោទប្រកាន់អ្នកស្រី Rosmah Mansor ភរិយារបស់អតីតនាយករដ្ឋមន្ត្រី Najib Razak ពីបទទទួលសំណូកជាង ៤៥ លាន USDរបស់ក្រុមហ៊ុនដេញថ្លៃគ្រោងការណ៍មួយរបស់រដ្ឋាភិបាល។

តាម Reuters អ្នកស្រី Rosmah Mansor បានមកដល់តុលាការ រួមជាមួយស្វាមី គឺអតីតនាយករដ្ឋមន្ត្រី Najib Razak ។
ក្រុមហ៊ុនសូកប៉ាន់ត្រូវបានកំណត់ថាជាក្រុមហ៊ុនJepak Holdings ដែលជាអ្នកម៉ៅការដំឡើងអគ្គិសនីប្រើពន្លឺព្រះអាទិត្យ មានតម្លៃ២៩៨លានដុល្លារ នៅរដ្ឋSarawak សម្រាប់បំពាក់ឱ្យសាលារៀននៅរដ្ឋ Sarawak លើកោះ Borneo ។ Rosmah Mansor បានទទួលប្រាក់ 44,7លាន USD នៅឆ្នាំ២០១៦ ពីនាយកប្រតិបត្តិក្រុមហ៊ុន ហើយក្រោយមកទទួលបន្ថែម 358.000 USD ពីមេដឹកនាំក្រុមហ៊ុននៅឆ្នាំបន្ទាប់។
តាមអយ្យការ អ្នកស្រី Mansor ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ២០ឆ្នាំ ហើយបង់ប្រាក់ពិន័យ ៥ ដង លើចំនួនលុយដែលបានទទួល ប៉ុន្តែអ្នកស្រីបានបដិសេធការចោទប្រកាន់នេះ ។
គួររំលឹកថា មុននោះរដ្ឋអាជ្ញាបានចោទប្រកាន់អ្នកស្រី Mansor បំពានទោសចំនួន ១៧ ករណី ជុំវិញការលាងលុយកខ្វក់និងកេងបន្លំពន្ធ ក្នុងពេលដែលស្វាមីអ្នកស្រីក៏ទទួលការចោទប្រកាន់ទោសចំនួន ៣៨ ករណីផងដែរទាក់ទងដល់ករណី 1MDB ៕លីសា