ហេតុការណ៍នេះកើតឡើងកាលពីដើមខែវិច្ឆិកា ខណៈពេលដែលប៉ូលិស២រូបនៅសង្កាត់ Thonglor បានដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយក៏ប្រទះឃើញភ្ញៀវទេសចរហុងកុង ឈ្មោះ Adrian Wu អាយុ៤២ឆ្នាំ កំពុងបញ្ជាទោចក្រយានយន្តក្នុងច្រកផ្លូវតូចមួយ។ ប៉ូលិសទាំង២នាក់នេះបានសំណូមពរត្រួតពិនិត្យលិខិតស្នាម ទោះបីជាភ្ញៀវទេសចររូបនោះពុំមានបំពានទោសអ្វីទាំងអស់។

លោកវូ (Wu) ក៏បង្ហាញលិខិតឆ្លងដែននិងប័ណ្ណបើកបរម៉ូតូតាមសំណូមពរ ប៉ុន្តែខ្វះលិខិតបញ្ជាក់កម្មសិទ្ធិយានជំនិះដែលលោកជួល។ប៉ូលិសទាំងពីរនាក់បានសំណូមពរលោកវូ នាំទៅសណ្ឋាគារដើម្បីត្រួតពិនិត្យកន្លែងស្នាក់នៅ។
ក្រោយពីពុំឃើញមានអ្វីមន្ទិលសង្ស័យ ពួកគេបាននាំលោកទៅកាន់ប៉ុស្តិ៍ដើម្បីបន្តសាកសួរចម្លើយ ក្នុងនោះគឺបង្កការ លំបាកដល់ពលរដ្ឋហុងកុងនេះ។ លោកវូ សំណូមពរទូរស័ព្ទទៅមិត្តភក្តិថៃ ប៉ុន្តែគេបានបដិសេធ។
ប៉ូលិសទាំងពីរសំណូមពរលុយមួយចំនួនបើចង់បានវិលត្រឡប់ទៅវិញ ហើយការតថ្លៃបានប្រព្រឹត្តទៅក្នុងប៉ុស្តិ៍តែម្តង ព្រោះតែភ័យខ្លាច លោកវូយល់ព្រមប្រគល់លុយចំនួន ៤០.០០០បាត មុនពេលវិលត្រឡប់ទៅសណ្ឋាគារវិញ។
ក្រោយមកមិត្តភក្ដិរបស់លោកបានពន្យល់ថា ប៉ូលិសធ្វើបែបនេះគឺខុស ហើយណែនាំលោកវូ ឱ្យធ្វើលិខិតប្តឹង។ ប៉ូលិសទាំងពីររូបនោះបានបដិសេធការចោទប្រកាន់នៅពេលថ្នាក់លើហៅទៅសួរចម្លើយ។ ប៉ុន្តែដោយសារមាន ភស្តុតាងច្រើនពីករណីជំរិតទារប្រាក់ ទោះបីមិនសារភាព ក៏ស្នងការប៉ូលិសនៅតែសម្រេចបណ្ដេញចេញពីការងារ រួចបញ្ជូនឱ្យស្ថាប័នស៊ើបអង្កេតអំពើពុករលួយមានវិធានការបន្ត។
នេះស្រុកគេ សង្ឃឹមថាស្រុកយើងកុំឱ្យមានរឿងបែបនេះឱ្យសោះ៕លីសា