ថ្ងៃទី២២ ខែវិច្ឆិកា អ្នកស្រី Mariana del Campo ជាសាស្ត្រាចារ្យចូលនិវិត្តន៍ម៉ិកស៊ិក ដែលកំពុងរង់ចាំចូលទៅកាន់ អាមេរិកដើម្បីស្វាគមន៍ពិធីបុណ្យដឹងគុណ ហើយត្រូវជាប់គាំងនៅព្រំដែន ស្រែកថ្ងូរថាៈ អ្វីៗដែលកើតឡើងនៅព្រំដែនពិតជាឆ្កួតលេលាមែន ។ ខ្ញុំពុំដឹងថាតើយើងខ្ញុំអាចទ្រាំទ្របែបនេះដល់ពេលណាឡើយ។ វារង់ចាំពេលផ្ទុះប៉ុណ្ណោះ។

អ្នកស្រី Campo គឺជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋម៉ិកស៊ិករាប់ពាន់នាក់ដែលកំពុងជាប់គាំងនៅព្រំដែន អាមេរិក ដោយសារស្ថានការណ៍រឹតបន្តឹង ព្រោះជនចំណាកស្រុកដែលឆ្លងកាត់ម៉ិកស៊ិកឡើងដល់៦.០០០នាក់ កំពុងប្រមូលផ្តុំនៅទីក្រុងព្រំដែន Tijuana របស់ម៉ិកស៊ិក រង់ចាំតែឱកាសសម្រុកចូលជ្រកកោនអាមេរិក។
សមត្ថកិច្ចអាមេរិកនៅដើមសប្តាហ៍នេះបានបិទច្រកព្រំដែនឆ្លងកាត់ក្រុង Tijuana ហើយថែមទាំងសាងសង់ ជញ្ជាំងបេតុងនិងលួសបន្លាដើម្បីរារាំងចរន្តជនចំណាកស្រុកប៉ុនប៉ងឆ្លងកាត់ចូលអាមេរិក។
ស្ថានការណ៍កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ គ្រាដែលសមត្ថកិច្ចអាមេរិកកាន់តែបង្កើនកងកម្លាំងល្បាត ព្រមទាំងប្រើប្រាស់ឧទ្ធម្ភាគចក្រត្រួតពិនិត្យស្ថានការណ៍ពីលើអាកាស ។
ប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថា នឹងប្រើប្រាស់វិធានការតឹងរ៉ឹងបំផុតដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ចូលមកពីម៉ិកស៊ិក ហើយថែមទាំងឱ្យដឹងថា លោកបានអនុញ្ញាតឱ្យកងទ័ពប្រើប្រាស់គ្រាប់កាំភ្លើងដើម្បីទប់ទល់នឹងហ្វូងជនចំណាកស្រុកទាំងនេះ ព្រមទាំងព្រមានថា អាមេរិកអាចបិទទាំងស្រុងតំបន់ព្រំដែនខាងលើ៕សូយន