តាម Daily Mail តារាចម្រៀងសញ្ជាតិហូឡង់ម្នាក់ ពិតជាបានភ័យខ្លាចហើយទ្រហោរយំ បន្ទាប់ពីបុរសអាក្រាតកាយម្នាក់ដើរឡើងលើឆាក ខណៈពេលនាងកំពុងបិទភ្នែកស្រែកច្រៀង Maan de Steenwinkel អាយុ ២០ឆ្នាំ កំពុងសម្តែងចម្រៀងក្នុងកម្មវិធី ផ្សាយបន្តផ្ទាល់លើស្ថានីយ៍ទូរទស្សន៍ នៅខណៈពេលនោះអ្នកភ្លេង Frank Dane និង Jelte van der Groot បានស៊ីញ៉ូឲ្យបុរស “ស្លៀកខ្យល់ដណ្តប់មេឃ”ម្នាក់ ដើរឡើងលើឆាក។
ដំបូង Maan ពុំបានដឹងរឿងអ្វីកើតឡើងទេ ព្រោះភ្នែកនាងកំពុងបិទបណ្តែតអារម្មណ៍តាមខ្លឹមសារ នៃបទចម្រៀងដែលខ្លួនកំពុងសម្តែង ហើយពេលបើកភ្នែកឡើងនាងពិតជាតក់ស្លុតយ៉ាងខ្លាំង បានត្រឹមតែស្រែកថា “ពុទ្ធោរលោកអើយ” ប៉ុណ្ណោះ។
ឃើញបែបនេះអ្នកមានវត្តមានក្នុងស្ទីឌីយូ នាំគ្នាផ្ទុះសំណើច ប៉ុន្តែតារាចម្រៀងរូបនេះ ពុំត្រឹមតែពុំអាចបន្តច្រៀងបានទៀតទេ ថែមទាំងទ្រហោយំយ៉ាងខ្លាំង។ ពេលពិនិត្យឃើញថា ល្បែងនេះលេងសើចទាំងស្រុង Frank Dane បានប្រញាប់ឲ្យក្រុមតន្ត្រីផ្អាកលេងភ្លាម។
“ខ្ញុំពិតជាខ្លាចណាស់!”។ Maan និយាយថា ៖ “នៅសុខៗស្រាប់តែនៅពីមុខយើងលេចចេញមនុស្សននលគកម្នាក់ធ្វើឲ្យខ្ញុំតក់ស្លុតយ៉ាងខ្លាំង”។
ទោះយ៉ាងណាក្រុមអ្នកលេងសើចនោះ បានធ្វើការសុំទោសភ្លាមៗចំពោះនាង ហើយក៏ទទួលបានការលើកលែងទោសតែម្តង៕