យើងគ្រប់គ្នាបានដឹងថា ទឹកក្រូចច្របាច់ជាភេសជ្ជៈដ៏ល្អសម្រាប់រាងកាយ តែពុំដឹងពីរបៀបទទួលទានដែលនឹងផ្តល់ប្រសិទ្ធភាពខ្ពស់បំផុតចំពោះសុខភាព ។
ពួកអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Seville បានរកឃើញថា ទុកទឹកក្រូចក្នុងទូទឹកកកឲ្យកក នឹងមានឥទ្ធិពលដល់សារជាតិប្រឆាំងអុកស៊ីតកម្មក្នុងនោះ ។ ពួកអ្នកវិទ្យាសាស្ត្រឲ្យដឹងថា សរីរាង្គអាចស្រូបយកច្រើនសារជាតិប្រឆាំងអុកស៊ីតកម្មពីទឹកក្រូចដែលកកជាង ប្រៀបនឹងទឹកក្រូចស្រស់ ឬសម្លាប់មេរោគ ។ ពេលទឹកក្រូចត្រូវបានដាក់ឲ្យកក និងរលាយមកវិញ បណ្តាសារជាតិជីវជាតិក្នុងទឹកក្រូចត្រូវបានចែកជាគ្រាប់តូចៗជាង ហេតុនេះ ជួយឲ្យពោះវៀនងាយស្រូបយកជាង ។ គ្រាប់ទាំងនេះត្រូវបានហៅថា Carotenoids មានលក្ខណៈពិសេសប្រឆាំងមហារីក អាចបំប្លែងទៅជាវីតាមីន A និងមានប្រសិទ្ធភាពប្រឆាំងរលាក ក៏ដូចបង្កើនប្រព័ន្ធភាពស៊ាំ ជំនួយទប់ស្កាត់ជំងឺបេះដូង ។
ពួកអ្នកវិទ្យាសាស្ត្ររកឃើញថា ក្នុងដំណើរការកក នោះសារជាតិប្រឆាំងអុកស៊ីតកម្ម – ពពួក Carotenoids – ប្រែជាងាយស្រូបយកជាង ។ «ទោះបីក្រោយពេលត្រូវបានធ្វើឲ្យរលាយទឹកកក, បរិមាណ Carotenoids ក្នុងទឹកក្រូចតិចជាងមុនបន្តិច តែអ្វីដែលនៅសល់អាចឲ្យសរីរាង្គស្រូបយកងាយស្រួលជាង», Paula Mapelli អ្នកដឹកនាំការស្រាវជ្រាវឲ្យដឹង ។
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តី Journal of Functional Foods ៕ សូយន