Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​អនុវត្ត​ការងារ ឱ្យមាន​ប្រសិទ្ធភាព នៅ​ឆ្នាំ​២០១៩

​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) រៀបចំ​សិក្ខាសាលា​កម្រិត​ខ្ពស់​មួយ ស្តីពី ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា នៅ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់ នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឆ្នាំ​២០១៩ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត នឹង​ត្រូវ​អនុវត្ត​ការដំឡើង​តាម​ច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា​។​

​លោក​ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើង​ថា ដើម្បី​ធានាបាន​នូវ​យន្តការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ពិតជា​មាន​សារប្រយោជន៍​យ៉ាងខ្លាំង ក្នុង​ការធានាបាន​នូវ​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏ដូចជាការ លើកកម្ពស់​កម្រិត​ជីវភាព​របស់​កម្មក​រ​និយោជិត ព្រមទាំង​ធានា​នូវ​ស្ថិរភាព និរន្ត​ភាព នៃ​វិស័យ​ពាណិជ្ជកម្ម និង​ការទាក់ទាញ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ។​

ការបន្ត​រីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ក៏បាន​ផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល អាច​អភិវឌ្ឍ និង​ពង្រីក​ជា​បន្តបន្ទាប់​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​កម្មករ​និយោជិត សំដៅ​ធានា​ឱ្យ​កាន់តែ​បាន​នូវ​និរន្ត​ភាព​ការងារ ប្រាក់ចំណូល និង​ភាពកក់ក្តៅ​ក្នុង​ចិត្ត​របស់​កម្មករ​និយោជិត និង​គ្រួសារ ដោយ​បាន​ដាក់ឱ្យ​អនុវត្ត​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានកំណត់​ឱ្យ​និយោជក​ជា​អ្នក​បង់​វិភាគទាន ១០០​ភាគរយ ជំនួស​កម្មករនិយោជិត​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨ កន្លងមក ហើយ​សម្រាប់​កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ ត្រូវ​ប្រើប្រាស់​មូលនិធិ​សមធម៌​។ លើសពីនេះ កម្មការិនី​សម្រាលកូន ត្រូវ​ទទួល​បាន​ការផ្តល់​សាច់ប្រាក់ ៤០​ម៉ឺន​រៀល ក្នុង​កូន​ម្នាក់ ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ទាំង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​ទន្ទឹមនេះ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​វាយ​ន​ភ​ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ជា​បន្តបន្ទាប់​ពី​ចំនួន ៤០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ នៅក្នុង​ឆ្នាំ​១៩៩៧ ដល់ ១៨២​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​ផ្សេងៗ​ទៀត​កម្មករ និយោជិត​ម្នាក់​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ពី ១៩៩-២១០​ដុល្លា​អាមេរិក ក្នុង​មួយ​ខែ ដែល​កម្រិត​ប្រាក់​ឈ្នួល​នេះ បាន​ជួយ​ធ្វើឱ្យ​កម្រិតជីវភាព​រស់នៅរ​បស់​ម្មករ​និយោជិត​កាន់តែ​ប្រសើរ​។​

​លោក Graeme Buckley នាយក​ប្រចាំ​តំបន់​អង្គការ ILO ប្រចាំ​នៅ​ប្រទេស​កម្ពុជា ប្រទេស​ឡាវ និង​ប្រទេស​ថៃ បានឱ្យដឹងថា សិក្ខាសាលា​កម្រិត​ខ្ពស់​នៅថ្ងៃនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​បច្ចេកទេស​មួយ​កម្រិត​ទៀត​លើ​ការត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា ដល់​ភាគី​រាជរដ្ឋាភិបាល ដែល​ជា​សមាជិក​គណៈកម្មកា​រ​ប្រឹក្សា​ការងារ និង​ក្រុម​ការងារ​បច្ចេកទេស​ច​រ​ចា​ប្រាក់​ឈ្នួល ព្រមទាំង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្កើត​បណ្តុំ​សូចនាករ​តាមដាន និង​វាយតម្លៃ​ផលវិបាក​នៃ​បម្រែបម្រួល​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន និង​អនាគត​។​

សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល មាន​ចំនួន​សរុប​ជាង ១​ម៉ឺន​២​ពាន់ និង​មាន​កម្មករ​និយោជិត​សរុប​ចំនួន​ជិត ១​លាន​៥​សែន​នាក់​, សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត ៦​សែន មាន​កម្មករ​ចំនួន​ជាង ២​លាន​៤​សែន​នាក់​, វិស័យ​កសិកម្ម​ប្រមាណ​ជាង ៤​លាន​នាក់​, ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ ១​លាន​២​សែន និង​មន្ត្រី​សាធារណៈ​ចំនួន​ប្រមាណ​ជាង ៥​សែន​នាក់​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×