សត្វគោក្របីដែលព្រលែងចោលដោយសេរីពាសវាលពាសកាល គឺតែងតែបង្កការរំខាន និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈ ជាពិសេសនៅពេលដែលពេលពួកគេធ្វើចរាចរណ៍ ។ ហើយករណីនេះ ត្រូវបានអាជ្ញាធរនៅក្នុងតំបន់នៃប្រទេសម៉ាឡេស៊ី ចាត់វិធានការហើយ ។
យោងតាម Astro Awani, លោកបណ្ឌិត Alias Razak ដែលជាប្រធានរដ្ឋបាល, លំនៅដ្ឋាន, សុខភាព និងបរិស្ថាន បានថ្លែងថា ចំនួនទឹកប្រាក់រហូតដល់ RM250 (៦០ ដុល្លារ) នឹងត្រូវដាក់ទៅលើពួកអ្នកបង្កាត់ពូជសត្វ ដែលអនុញ្ញាតឲ្យសត្វចិញ្ចឹមរបស់ពួកគេដើរសេរីដោយគ្មានការត្រួតពិនិត្យ ។
ទោះបីជាការក្រើនរំលឹកជាច្រើន ត្រូវបានប្រកាស និងវិធានការផ្លូវច្បាប់ត្រូវបានធ្វើឡើងក៏ដោយ ក៏ពួកអ្នកចិញ្ចឹមសត្វដែលមិនទទួលខុសត្រូវ នៅតែអនុញ្ញាតឲ្យសត្វគោក្របីរបស់ពួកគេ ដើរដោយសេរីនៅលើដងផ្លូវសាធារណៈដដែល ។
លោក Alias បានឲ្យដឹងទៀតថា៖ «ទោះបីជាយើងមិនចង់ចាប់សត្វរបស់ពួកគេក៏ដោយ តែវាត្រូវតែត្រូវបានធ្វើឡើង សម្រាប់សុខសុវត្ថិភាពដល់សាធារណជន ។ វាត្រូវតែធ្វើឡើងដើម្បីទុកជាមេរៀនដល់អ្នកចិញ្ចឹមសត្វទាំងនោះ ដែលនៅតែបំពានច្បាប់» ។
ចំនួននេះនឹងត្រូវបានកំណត់ឡើង ដោយផ្អែកទៅលើប្រភេទសត្វ ។ ក្នុងនោះ ម្ចាស់នឹងត្រូវផាកពិន័យជាប្រាក់ចំនួន RM250 សម្រាប់សត្វគោរបស់ពួកគេ និង RM100 សម្រាប់សត្វពពែរបស់ពួកគេ ។ លោក Alias នៅបានបន្ថែមថា សត្វទាំងអស់នោះដែលត្រូវបានចាប់ នឹងនាំយកទៅរក្សាទុកនៅក្នុងក្រោលមួយ ហើយម្ចាស់នឹងត្រូវបានអនុញ្ញាតឲ្យមកយកសត្វចិញ្ចឹមរបស់ពួកគេទៅផ្ទះវិញ បន្ទាប់រយៈពេល ១៤ ថ្ងៃ នៃការដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ដោយ៖ ឧត្តម (ប្រភព៖ worldofbuzz)