វៀតណាម ៖ នាវេលាព្រឹកថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅលើទឹកដីនៃប្រទេសវៀតណាម។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញផងដែរ។
ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋ ក្នុងទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោ ហ៊ុន សែន ត្រូវបានស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសំណាក់សមភាគីនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានអញ្ជើញជួបប្រជុំចង្អៀតមួយទល់មួយ ឆ្លងកាត់អ្នកបកប្រែ មុនឈានទៅកិច្ចប្រជុំកំពូលទ្វេភាគី សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
បន្ទាប់ពីពិភាក្សាគ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេលនជាង ២ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញធ្វើជាសាក្សីនៃពិធី ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ រួមមាន ៖
ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយះ ពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។
ទី២៖ វិសោធនកម្មពិធីសារឆ្នាំ២០០៥ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោកឆ្នាំ១៩៩៨។
ទី៣៖ វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹកឆ្នាំ២០០៩។
ទី៤៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។
ទី៥៖ កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក។
ទី៦៖ កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។
សូមបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងណាណូយនៅពេលនេះ ឆ្លើយតបតាមការអញ្ជើញពីសមភាគី នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីសាជាថ្មីម្តងទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីដើមខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីពីការបោះឆ្នោតសកល ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។
ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ តែត្រូវបានកាត់ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណជាង ១,២៧០គីឡូម៉ែត្រ។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕ ដោយ ៖ កូឡាប