ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនអ្នកបើកបររថយន្ត ទំនើបម្នាក់ ក្រោយបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ខេត្តសៀមរាប៖ អ្នកបើកបររថយន្តម៉ាក Bentley Continental ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួន និង នាំខ្លួន ទៅសាកសួរ បន្ទាប់ពីបើករថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចខាងលិចស្តុបលោកតាខៀវ ណឺយ ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅស្របគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កម៉ាក Bentley Continental ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CC-1241 បើកបរដោយឈ្មោះ ថៃ ឆេងឃាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកណ្ដែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ក្នុងទិសដៅពីលិចទៅកើត។

ចំណែកម៉ូតូរងគ្រោះម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AC-1851 បើកបរដោយឈ្មោះ អ៊ឹង ទ្រី ភេទប្រុស មានទីលំនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងទិសដៅពីលិចទៅកើតដូចគ្នា។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍បានចុះវាស់វែង និងពិនិត្យទីតាំងកើតហេតុ ព្រមទាំងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក រថយន្ត និងម៉ូតូដែលពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី និងផ្ដន្ទាទោសតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម