Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​វៀតណាម ប្តេជ្ញា​ប្រឹងប្រែង​បោះបង្គោល​ព្រំដែន ឲ្យ​បាន​ចប់សព្វគ្រប់​នៅ​ឆ្នាំ​២០១៩

​ទីក្រុង​ហាណូយ​ ៖ ក្នុង​សន្និសីទ​រួមគ្នា​ក្រោម​ជំនួប​ទាំង​ចង្អៀត និង​ទូលាយ​ជាង​២​ម៉ោង​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ទាំង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម សុទ្ធតែ​បានបង្ហាញ​ជំហរ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​។​

​ក្នុងនោះ​ការងារ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ក៏ត្រូវ​បាន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អះអាងថា នឹង​បោះ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅក្នុង​ឆ្នាំ​២០១៩​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន​គូស​បង្ហាញ​នៅក្នុង​សន្និសីទ​នោះ​ថា ឆ្នាំ​២០១៨​នេះ កម្ពុជា​-​វៀតណាម បានសម្រេច​ការងារ​ជាច្រើន ដែល​សុទ្ធសឹង​ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​។ ក្នុងនោះ​កិច្ចការ​បោះបង្គោល​ព្រំដែន​ដែល​សម្រេចបាន​ប្រមាណ ៨៤​ភាគរយ ក៏​ជា​រឿង​មួយ​ដ៏​ល្អប្រសើរ​ផងដែរ​។​

​សម្រាប់​បញ្ហា​សេសសល់​លើ​បញ្ហា​ព្រំដែន​នេះ លោក ង្វៀន សួន​ហ្វ៊ុ​ក បាន​អះអាងថា នឹង​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅ​ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​យល់ស្រប​ជាមួយនឹង​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​វៀតណាម​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​មាន​យុទ្ធសាស្ត្រ​ធំៗ​ចំនួន​ពីរ​ដែល​កំពុង​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ គឺ​ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​ក្លាយទៅជា​ទីផ្សារ និង​តំបន់​អភិវឌ្ឍន៍ ដែល​យុទ្ធសាស្ត្រ​នេះ​កំពុងតែ​ជោគជ័យ​យ៉ាង​ធំធេង​។ យុទ្ធសាស្ត្រ​មួយទៀត គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទាំងអស់​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​៦០ រហូតដល់​ចុង​ទសវត្សរ៍​ឆ្នាំ​៧០ ព្រំដែន​កម្ពុជា​-​វៀតណាម ជា​តំបន់​សមរភូមិ​សង្គ្រាម​ដ៏​ស្រួចស្រាវ​មួយ​។ សម្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ការ​ប្រែក្លាយ​តំបន់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ទៅជា​តំបន់​មិត្តភាព និង​ការអភិវឌ្ឍ​ដូច​ពេលបច្ចុប្បន្ន ជា​ក្តី​រីករាយ​បំផុត​។​

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​ពិតជា​មានការ​រីករាយ ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម បច្ចុប្បន្ននេះ ក្លាយទៅជា​ព្រំដែន​មិត្តភាព ហើយ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង មាន​កន្លែង​មួយចំនួន​ដែលជា​អតីត​សមរភូមិ​សង្គ្រាម​កំពុងតែ​ក្លាយទៅជា​ទីផ្សារ​រួចស្រេច​ទៅហើយ​»​។​

​សូមបញ្ជាក់ថា កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង ១,២៧០​គីឡូម៉ែត្រ ដែល​ត្រូវការ​បោះបង្គោល​ព្រំដែន​ស​រុ​ប​ចំនួន ៣១៤​បង្គោល​។​

​បើតាម​ការបញ្ជាក់ របស់​គណៈកម្មាធិការ​ព្រំដែន បានឱ្យដឹងថា រហូតដល់​ពេលនេះ ការរៀបចំ​បោះបង្គោល​ព្រំដែន រវៀង​កម្ពុជា​-​វៀតណាម បាន​រួចរាល់​ចំនួន​ជាង ៨៤​ភាគរយ​ហើយ​ក្នុងចំណោម​ព្រំដែន​សរុប​៕ ​ដោយ​៖​រចនា​

×