ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទូរគមនាគមន៍យក្ស Huawei កំពុងប្រឈមនឹងការចោទប្រកាន់ពីបទក្លែងបន្លំ ពាក់ព័ន្ធនឹងការល្មើសទណ្ឌកម្មរបស់អាមេរិចប្រឆាំងនឹងប្រទេសអ៊ីរ៉ង (Iran)។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃសៅរិ៍នេះ។
អ្នកស្រី Meng Wanzhou ដែលជាកូនស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរិ៍សប្តាហ៍មុន ក្នុងទីក្រុង Vancouver ប្រទេសកាណាដា ហើយប្រឈមនឹងការធ្វើបត្យាប័នទៅកាន់អាមេរិច។
ក្រោយពេលមានការឃុំខ្លួនអ្នកស្រី ទីក្រុងប៉េងកាំងបានធ្វើការតវ៉ាឲ្យមានការដោះលែងអ្នកស្រី ជាបន្ទាប់ ដោយបញ្ជាក់ថា ពលរដ្ឋខ្លួនមិនបានធ្វើខុសច្បាប់ឡើយ ព្រមទាំងបានចោទអាមេរិចថា អាមេរិចកំពុងព្យាយាមទប់ទល់ទៅនឹងការពង្រីកខ្លួនរបស់បច្ចេកវិទ្យាចិន តាមរយៈការចាប់ខ្លួនមេ Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏សំខាន់របស់ចិន។
នៅក្នុងសវនាការកាលពីថ្ងៃសុក្រម្សិលមិញ អ្នកស្រីត្រូវបានតុលាការកាណាដាចោទប្រកាន់ពីបទលើ្មសនឹងទណ្ឌកម្មអាមេរិចប្រឆាំងប្រទេសអ៊ឺរ៉ង ហើយអាចប្រឈមនឹងការចាប់ពន្ធធនាគាររយៈពេល ៣០ឆ្នាំប្រសិនជារកឃើញទោសដូចការចោទ។
តុលាការកំពុងសម្រេចថាត្រូវអោយអ្នកស្រីនៅក្រៅឃុំឬអត់?
ក្នុងសវនាការ អ្នកស្រីត្រូវបានគេចោទថា បានប្រើប្រាស់ក្រុមហ៊ុនសាខាដែលមានឈ្មោះថា Skycom ដើម្បីគេចពីទណ្ឌកម្មប្រឆាំងនឹងអ៊ឺរ៉ង ក្នុងចន្លោះឆ្នាំ ២០០៩ និង ២០១៤។
តុលាការបន្តទៀតថា អ្នកស្រីបានធ្វើការប្រាប់ខុសជាសាធារណៈថា Skycom ជាក្រុមហ៊ុនផ្សេងគ្នា មិនមែនជាសាខារបស់ Huawei ទេ។
មេធាវីរដ្ឋាភិបាលកាណាដា បាននិយាយថា អ្នកស្រី Meng Wanzhou រងការចោទប្រកាន់ពីបទផ្សំគំនិតក្នុងការបន្លំស្ថាប័នហិរញ្ញវត្ថុជាច្រើន ដោយធ្វើការកុហកដល់អ្នកធនាគារអាមេរិចជាច្រើនថា ក្រុមហ៊ុន Huawei និង Skycom មិនមានទំនាក់ទំនងជាមួយគ្នានោះទេ ប៉ុន្តែការពិត Skycom គឺជាក្រុមហ៊ុន Huawei៕ សុភ័ក្ត្រ
ប្រភព៖ BBC