Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចំនួន៩ចូលរួម វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី គុណភាពនៃការអនុវត្តន៍ហ្វឹកហ្វឺនកូនជាង

សៀមរាប ៖ សិក្ខាកាមចូលរួមមកពីប្រទេសចំនួន៩ វគ្គបានចូលរួមក្នុងបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី គុណភាពនៃការអនុវត្តន៍​ហ្វឹកហ្វឺនកូនជាង ដើម្បី បង្កើនការយល់ដឹង ចែករំលែកបទពិសោធន៍ កំណត់ធាតុ​គន្លឹះដែល​ជាការ​អនុវត្តន៍​ល្អនៃស្ថាប័ន​ក្នុងការ​អភិវឌ្ឍ​និងអនុវត្តនិង រៀបចំផែនការសកម្មភាព ដើម្បីលើកកម្ពស់គុណភាពនៃកម្មវិធីហ្វឹកហ្វឺនកូនជាង។

លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី “គុណ​ភាព​នៃការអនុវត្តន៍ហ្វឹកហ្វឺនកូនជាងសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិក” នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលរៀបចំ​ដោយអង្គការ​អន្តរ​ជាតិ​ខាង​ការងារ (ILO)។ វគ្គបណ្តុះបណ្តាលនេះមាន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែធ្នូ ឆ្នាំ២០១៨ ត្រូវ​បានរៀបចំ​ឡើងក្នុង​គោល​បំណង​៖ ១.បង្កើនការយល់ដឹងដល់សិក្ខាកាម ពីការហ្វឹកហ្វឺនកូនជាង, ២.ចែករំលែកបទពិសោធន៍ ការចុះ​អធិការ​កិច្ចការងារ​ហ្វឹកហ្វឺន​កូន​ជាង រវាងប្រទេសនិងប្រទេស ក៍ដូចជាក្នុងតំបន់, ៣.កំណត់ធាតុគន្លឹះដែលជាការអនុវត្តន៍ល្អនៃស្ថាប័នក្នុងការអភិវឌ្ឍនិងអនុវត្ត ហ្វឹកហ្វឺនកូនជាងឱ្យមានគុណភាព, និង ៤.រៀបចំផែនការសកម្មភាព ដើម្បីលើកកម្ពស់គុណភាពនៃកម្មវិធីហ្វឹកហ្វឺនកូនជាង។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមមកពីប្រទេសចំនួន៩ រួមមាន ប្រទេសបង់ក្លាដេស កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ មកពីប្រទេសកម្ពុជា កូរ៉េ ភូមា ស្វីស អុីតាលី ចិន ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម ថៃ និងភ្នាក់ងារអភិវឌ្ឍន៍ផ្សេងទៀត។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក អុិត សំហេង មានប្រសាសន៍លើកឡើងថា សម្រាប់កម្ពុជា តាមរយៈការអនុវត្ត​នូវ​យុទ្ធ​សាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាបន្តទទួលបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧ភាគរយ និង​បានឆ្លង​ផុត​ពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ២០១៥។

ការសម្រេចបាននូវការរីកចម្រើន និងការផ្លាស់ប្តូរដ៏គួរឱ្យស្ញប់ស្ញែងនេះ ជាមួយនឹងការអនុវត្តគោល​នយោបាយ​បែរ​មុខទៅផ្តល់​ការគាំ​ទ្រ​ដល់ការបង្កើតការងាររបស់រាជរដ្ឋាភិបាល ដោយការចាត់ទុកការងារនិងមុខរបរ គឺជាការគាំពារសង្គមដ៏ប្រសើរបំផុត បានផ្តល់​លទ្ធ​ភាព​ឱ្យកម្ពុជាអាចបង្កើតការងារបានកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋជាពិសេសសម្រាប់យុវជន ដែលដល់អាយុធ្វើការ​ក្នុងចំនួន​ដ៏​ច្រើន​ក្នុងមួយឆ្នាំៗ និងកម្លាំងពលកម្មដែលបានចាកចេញពីវិស័យកសិកម្ម ក្នុងគោលបំណងស្វែង​រកអនាគតប្រសើរ​ជាងនៅក្នុង​វិស័យឧស្សាហកម្ម​និងសេវាកម្ម។

ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្ស និងការធ្វើប្រសើរឡើង នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារ រួមទាំងបង្កើតវិធានការជំរុញ និងលើកទឹកចិត្តដល់អ្នកសិក្សា តាមរយៈធ្វើការងារ ការហាត់ការ និងការហ្វឹកហ្វឺនកូនជាង ដូចមានចែងក្នុងច្បាប់ស្តីពីការងារត្រង់ជំពូកទី៣ ដែលមាន ១៤ មាត្រា (មាត្រា៥១-៦៤) ជាពិសេសក្នុងមាត្រា៥៧ បាន ចែងថា សហគ្រាសទាំងឡាយដែលមានប្រើប្រាស់ កម្មករនិយោជិតច្រើនជាងហុកសិបនាក់ ត្រូវ​តែមានកូនជាងចំនួនស្មើនឹងមួយភាគដប់ (មានន័យថា ១០ភាគរយ) នៃចំនួន កម្មករនិយោជិត ដែលធ្វើការក្នុងសហគ្រាសនោះ។

ចាប់​តាំងពីឆ្នាំ២០១៣ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបានធ្វើការហ្វឹកហ្វឺនកូនជាងនៅតាមបណ្តាសហគ្រាសគ្រឹះស្ថាន សរុបចំនួន ៨៥៩៩៧ នាក់ ស្រី ៦៣១៤៥ នាក់ ដោយការអនុវត្តកន្លងមកនេះបានជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ១សហគ្រាស គ្រឹះស្ថានខ្លះមិនទាន់យល់ពីនិយមន័យ នៃការហ្វឹកហ្វឺនកូនជាង សហគ្រាសគ្រឹះស្ថានខ្លះយល់ថាការងារនេះ ជាកាតព្វកិច្ចរបស់រដ្ឋ និយោជកមិនចង់អនុវត្ត ព្រោះគាត់យល់ឃើញថាការជ្រើសរើសកម្មករនិយោជិតមកបម្រើការងារសុទ្ធតែមានជំនាញ ការ​ចំណាយ​ច្រើនលើការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង សហគ្រាសគ្រឹះស្ថានប្តូរឈ្មោះ និងទីតាំង ដោយមិនបានជូនដំណឹង សហគ្រាស​គ្រឹះ​ស្ថាន​ផ្តល់ទិន្នន័យមិនច្បាស់លាស់អំពីចំនួនកម្មករនិយោជិត និងខ្វះខាតថវិកា និងមធ្យោបាយសម្រាប់ចុះត្រួតពិនិត្យ និងវាយ​តម្លៃ​កម្មវិធី​ហ្វឹកហ្វឺនកូនជាង។

អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាមានគុណតម្លៃយ៉ាងខ្លាំង ចំពោះវិស័យ​អប់រំ​បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពិសេសការអនុវត្តការហ្វឹកហ្វឺនកូនជាងនៅកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនក្នុងការ អនុវត្តការហ្វឹកហ្វឺនកូនជាង នៅតាមសហគ្រាស គ្រឹះស្ថាន​ឲ្យកាន់​តែមានគុណភាពនិងប្រសិទ្ធភាព។

បន្ទាប់ពីបញ្ចប់នូវវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបាន៖ យល់កាន់តែស៊ីជម្រៅនូវគុណភាពនៃការហ្វឹកហ្វឺនកូនជាង និងការវាស់ស្ទង់បទពិសោធន៍ ការងារនៅក្នុងប្រទេសរបស់ខ្លួន បែង​ចែក​នូវ​តួនាទីរបស់និយោជក និងអង្គការ​កម្មករ​និយោជិត​នៅ​ក្នុងវិធាននៃគុណភាពនៃការហ្វឹកហ្វឺនកូនជាង និងការវាស់ស្ទង់បទពិសោធន៍ការងារ ដើម្បី​ធ្វើឱ្យុប្រសើរឡើងនូវអន្តរការពី សាលា​ទៅកន្លែងធ្វើការ កំណត់បាននូវអ្វីដែលជាការងារ​ត្រូវ​លើក​កម្ពស់បទពិសោធន៍សម្រាប់យុវជននៅក្នុងតំបន់ និងក្រៅតំបន់
កំណត់​នូវ​ជំហានបន្ទាប់ដើម្បីលើកកម្ពស់បទពិសោធន៍ការងាររបស់យុវជនសម្រាប់ប្រទេសពួកគេ៕ ដោយ ៖ បញ្ញាស័ក្តិ

×