ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បង្ហាញកង្វល់ថា ធនធានធម្មជាតិដែលនៅសេសសល់ទាំងប៉ុន្មានក្នុងខេត្តនេះ ទំនងជាមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ថែរក្សាមិនបានគង់វង្សទេ។
ពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានកត់សម្គាល់ថា ជាបន្តបន្ទាប់មកនេះធនធានធម្មជាតិ ដែលមានសេសសល់នៅមូលដ្ឋាននេះមានដូចជា៖ ព្រៃឈើ ព្រៃកោងកាង បឹង អូរ ប្រឡាយ និងព្រៃឈើនៅក្នុបរិវេណឧទ្យានជាតិរាមជាដើម ត្រូវបំផ្លាញ និងក្លាយជាកម្មសិទ្ធិឯកជនស្ទើទាំងស្រុងអស់ទៅហើយៗ គ្នានមន្រីមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេ។
ទោះជាបែបនេះក្តី កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយមន្ទីរស្ថាប័នពាក់ព័ន្ធមួយ ចំនួនទៀត បានចុះដកហូតសំភារៈ របស់ការដ្ឋានសំណង់មួយកន្លែង ដែលសង់រំលោភមាត់អូរធម្មជាតិ នៅចំណុចអន្លុងក្រពើ ស្ថិត ក្នុងសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
សំភារៈទាំងអស់នោះ ត្រូវមន្ត្រីជំនាញ និងកម្លាំងប្រជាការពារ បាននាំយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធីដោះស្រាយ..។
ទាក់ទិនបញ្ហានេះ មានមតិមហាជនមួយចំនួន បានលើកឡើងថា ឱ្យយវារលាយហិនហោចឆាប់ៗទៅ កុំទៅខ្វល់ច្រើនពេក ទុកវាធ្វើអីទៀតអំពីសម្បត្តិសាធារណៈរបស់រដ្ឋ ឬធនធានធម្មជាតិដែលនៅសេសសល់មានដូចជា៖ ត្រពាំង បឹង អូរធម្មជាតិ ព្រៃឈើ និងដីព្រៃកោងកាង ដែលនៅសេសសល់ទាំងប៉ុន្មាននាខេត្តព្រះសីហនុ..។
បញ្ហានេះ ប្រជាពលរដ្ឋ និងសាធារណៈជន បានលើកជាសំណួរបែបចំអកដល់រដ្ឋបាលខេត្រព្រះសីហនុថា តើការបាត់បង់ស្រះ ឬអន្លុងក្រពើ ដែលជាអាងស្តុកទឹក ឬជាអូរធម្មជាតិ ត្រូវបុគ្គលមួយចំនួន ចាក់ដីលុប និងបានសង់សំណង់រឹងមាំ ធ្វើកម្មសិទ្ធិឯកជនដោយរលូនរាល់ថ្ងៃនេះ តើជាកំហុស របស់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ឬជាកំហុសអ្នករំលោភ ឬមួយក៏មានអ្វីពិសេសនៅពីក្រោយរឿងខាងលើនេះ..?។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងមហាជនមួយចំនួន បានបង្ហាញអារម្មណ៍ហួសចិត្ត កាលបើសង្កេតឃើញថា បច្ចុប្បន្នភាព នៃមូលដ្ឋានខេត្តព្រះសីហនុ ដែលជាទីតាំងខេត្តទេសចរណ៍ ជាប់ឆ្នេរសមុទ្រដ៏ប្រណិតមួយនេះ ប៉ុន្តែបែរជាធនធានធម្មជាតិ ដែលនៅសេសសល់ទាំងអម្បាលមាណ ស្ទើរត្រូវរលាយហិនហោចបន្តិចម្តងៗទៅវិញ..?។
ប្រជាពលរដ្ឋមានចម្ងល់ទៀតថា ធនធានធម្មជាតិ ដែលនៅសេសសល់មានដូចជា៖ បឹងព្រែកទប់ (បឹងទឹកសាប)- បឹងកង្កែប(ព្រៃកោងកាងជម្រកត្រីសមុទ្របន្តពូជ)- ស្រះ ឬអន្លុងក្រពើឬអូរធម្មជាតិសម្រាប់ស្តុកទឹក- អូរកំបុត- ព្រៃឈើនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ព្រមទាំងព្រៃឈើនៅក្នុងឧទ្យានជាតិរាមជាដើម ត្រូវបានបាត់បង់ ឬបានក្លាយជាកម្មសិទ្ធិបុគ្គលឯកជន របស់អ្នកមានទ្រព្យ និងមន្ត្រីមានអំណាចជាបណ្តើរៗ ស្ទើររលាយហិនហោចទាំងស្រុងអស់ទៅហើយ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានលើកជាសំណួរថា ហេតុអ្វីបានជា ថ្នាក់ដឹកនាំនៅតាមមន្ទីរ ស្ថាប័នរដ្ឋនានា នៃរដ្ឋបាលខេត្តព្រះសីហនុ មិនរួមសហការគ្នាថែរក្សា ធនធានធម្មជាតិទាំងនោះ ឱ្យបានគង់វង្ស ប៉ុន្តែផ្ទុយទៅវិញបែរជា បានចូលដៃចូលជើងបំផ្លាញធនធានទាំងអស់នោះ ឱ្យរលាយហិនហោចបែបនេះទៅវិញទេ..?។
និយាយដល់ចំណុចនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការថ្នាក់ទាប និងភ្ញៀវទេសចរមួយចំនួន បង្ហាញការហួសចិត្ត ចំពោះបុគ្គលបំរើការនៅតាមមន្ទីរស្ថាប័នខ្លះ ដែលមានជាប់ពាក់ព័ន្ធសកម្មភាពរួមដៃគ្នា បំផ្លាញធនធានធម្មជាតិ នៅខេត្តព្រះសីហនុ ថាជាការសាងបាបកម្ម ដ៏ធ្ងន់ធ្ងរបំផុតមួយ។ ហើយថា បុគ្គលមួយចំនួននោះ ក៏អាចនឹងរួមចង្អៀត ឬក៏បាត់បង់ទៅតាមធនធម្មជាតិទាំងនោះដែរ ក្នុងពេលឆាប់ៗនេះជាក់ជាមិនខានឡើយ..។
ងាកមកបរិយាយអំពីស្រះ ឬអន្លុងក្រពើឯណោះវិញម្តង គឺថា ស្រះស្តុកទឹក ដែលមានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ខាងលើនេះ គឺស្រះឬអូរធម្មជាតិមួយនេះ ត្រូវបានគេចាក់ដីលុប សង់ជាសំណង់រឹងមាំ និងបានក្លាយជាអាគារផ្ទះជួល ស្ទើរទាំងស្រុងអស់ទៅហើយ..!។
ប្រភពព័ត៌មានមួយបានឱ្យដឹងថា ស្រះឬអន្លុងក្រពើនេះ កន្លងមក ត្រូវបានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងអាណត្តិទី១ បានប្រជុំអនុម័តដាក់ជាដីបម្រុងទុក របស់រដ្ឋ។
ត្រង់ចំណុចនេះព ក្រុមប្រជាពលរដ្ឋ បានលើកជាចម្ងល់ទៀតថា បើបែបនេះទៅហើយ តើហេតុម្ដេចបានជា ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ បានរួមគ្នាឃុបឃិតកែឆ្នៃ ឱ្យស្រះទឹកស្តុកទឹក ឬធូរធម្មជាតិខាងលើនេះ ក្លាយទៅជាកម្មសិទ្ធិរបស់បុគ្គលឯកជនបានដោយរលូនបែបនេះទៅវិញ ពិតជាគួរឱ្យសង្ស័យមែនទែន។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ជួយបញ្ជូនមន្ត្រីស្អាតស្អំចុះអង្កេតស្រាវជ្រាវលើករណីមន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធមួយចំនួន នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានឃុបឃិត ជាមួយបុគ្គលឯកជនខ្លះ ឈានទៅបំផ្លាញធនធានធម្មជាតិ ឱ្យរលាយហិនហោចនាមូលដ្ឋានខេត្តព្រះសីហនុ ឱ្យបានឆាប់ដោយអនុគ្រោះផង..៕ ដែន សីមា