ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងថា ការពិតក្មួយៗ កំព្រាឪពុកម្តាយមែន តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមានសម្ដេចទាំងពីរ ព្រមទាំង ជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង តែងតែនៅក្បែរក្មួយៗជានិច្ច ដើម្បីដោះស្រាយការលំបាក និងក្តីកង្វល់នានារបស់ក្មួយៗ ដូចជាកម្មវិធីនៅថ្ងៃនេះ ជាក់ស្ដែងគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនឹងនៅតែបន្តប្រារព្ធជូនក្មួយៗនាឆ្នាំក្រោយៗទៀត ។
ការថ្លែងបែបនេះនៅ ក្នុងពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលនានាក្នុងខេត្តចំនួន ១៣០នាក់ ដែលធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលមានការចូលរួមពីលោកស្រី ឌី សុខីទីឃាយុកោ ជាភរិយារបស់លោកហ៊ុន មានិត និងកញ្ញា ឌី សុភ័ក្របញ្ញា ព្រមទាំងក្រុមការងារផងដែរ ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលសម្ដេច តែងតែគិតគូរពីសុខទុក្ខ ផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភទាំងសម្ភារ ថវិកា គាំទ្រ និងលើកទឹកដល់ក្មួយៗកុមារកំព្រាទាំងអស់នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង ។
ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។
នៅក្នុងឱកាសនេះផងដែរ លោកស្រីឌី សុខីទីឃាយុកោនិងក្រុមការងារ ក៏បានចែកជូននូវសម្ភារៈសិក្សា និងថវិកាដល់ក្មួយៗកុមារកំព្រាចំនួន១០៦នាក់ ក្នុង ១នាក់ ទទួលបានសម្ភារះសិក្សា និងឃីត ១កញ្ចប់ ព្រមទាំងថវិកា ៥ម៉ឺនរៀល ចំណែកអ្នកគ្រប់គ្រងមណ្ឌល ម៉ែដោះ និងអ្នកបើកបរ ក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ ៕ ដោយ ៖ វ៉ៃគោ