សៀមរាប ៖ អនុប្រធានប្រតិបត្តិនៃសមាគមឧស្សាហកម្មសន្តិសុខទីក្រុងសៀងហៃ បានអរគុណដល់កងកម្លាំងនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកវិនិយោគទុននានា បានយ៉ាងល្អប្រសើរកន្លងមក ក្នុងនោះ ក៏មានប្រជាជនចិន ដែលរស់នៅប្រកបមុខរបរក្នុងទឹកដី នៃខេត្តសៀមរាប។
នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យគណៈប្រតិភូមួយក្រុមចំនួន១៣នាក់ ដែលដឹកនាំដោយលោក ZHAOYuanming អនុប្រធានប្រតិបត្តិនៃសមាគមឧស្សាហកម្មសន្តិសុខទីក្រុងសៀងហៃ អញ្ជើញមកទស្សនកិច្ចជាផ្លូវការ ក្នុងដឹកដីនៃខេត្តសៀមរាប និងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សានាពេលនោះ លោក ZHAOYuanming តំណាងប្រតិភូបានមានប្រសាសន៍ កោតសរសើរចំពោះការដឹកនាំរបស់លោកស្នងការ ក៏ដូចជា កងកម្លាំងនគរបាលខេត្តទាំងអស់ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការការពារថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកវិនិយោគទុននានា បានយ៉ាងល្អប្រសើរកន្លងមកក្នុងនោះ ក៏មានប្រជាជនចិន ដែលរស់នៅប្រកបមុខរបរក្នុងទឹកដីនៃខេត្តសៀមរាបនេះផងដែរ។
លោក ZHAOYuanming បានមានប្រសាសន៍បន្តថា ដើម្បីគ្រប់គ្រងនិងរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ដែលស្នាក់នៅប្រកបរបររកស៊ីនៅក្នុងខេត្តសៀមរាប ឲ្យបានកាន់តែល្អប្រសើរ លោកមានគោលបំណង ក្នុងកិច្ចសហការគ្នា ពិសេសការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល នគរបាលជាតិកម្ពុជា សម្រាប់ការងារគ្រប់គ្រង់សន្តិសុខឯកជន ដែលវគ្គបណ្ដុះបណ្ដាលនេះ សំដៅលើការគ្រប់គ្រងភ្នាក់ងារសន្តិសុខនិងសន្តិសុខធនាគារ ដែលត្រូវបានគ្រោងនឹងប្រារព្ធឡើង នៅប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
លោកឧត្តសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ ជូនគណៈប្រតិភូ ពាក់ព័ន្ធទៅនិងកិច្ចការពារថែរក្សា សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ពិសេសការអនុវត្តច្បាប់ របស់នគរបាលជាតិកម្ពុជា ក៏ដូចការអនុវត្តច្បាប់អន្តោប្រវេសន៍ របស់កម្លាំងនគរបាលកម្ពុជាជូនប្រតិភូផងដែរ។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បន្តថា លោកសូមស្វាគមន៍ជានិច្ច ចំពោះគោលបំណងក្នុងការសហការ និងការបើកវគ្គបណ្តុះបណ្តាល ដល់កងកម្លាំងនគរបាលជាតិកម្ពុជា ពិសេសនគរបាលខេត្តសៀមរាប ក្នុងកិច្ចសហប្រតិបត្តិការសំដៅរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋយើងទាំងពីរ ឲ្យកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត៕ ដោយ ៖ បញ្ញាស័ក្តិ