Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល តែងតាំង​សមាសភាព​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជា​ប្រធាន​

​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន​ជា នាយករដ្ឋមន្ត្រី បានចេញ​អនុក្រឹត្យ​ស្តីពី​ការតែងតាំង​សមាសភាព​របស់​អាជ្ញាធ​រ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដែលមាន​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​ប្រធាន​។​

​សមាសភាព​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី មាន​លោក​ទេសរដ្ឋមន្ត្រី ឃុន ហាំង ជា​អនុប្រធាន​ប្រចាំការ និង​មាន​សមាជិក​ចំនួន​២០​រូប​ផ្សេងទៀត ដែលជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​១៨​។ ក្នុងនោះ​អភិបាល​រាជធានី​-​ខេត្ត ក៏​ជា​សមាជិក​នៃ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ផងដែរ​។​

​រាជរដ្ឋាភិបាល​ក៏បាន​តែងតាំង​សមាសភាព​ចំនួន ២៥​រូប​ផ្សេងទៀត ជា​អគ្គលេខាធិការ អគ្គលេខាធិការរង និង​ជា​សមាជិក នៃ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​។​

សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ក្នុង​អនុក្រឹត្យ ដែល​ចេញ​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​ថា បទបញ្ញត្តិ​ទាំងឡាយណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ​ត្រូវ​ទុកជា​និ​រា​កណ៍ ហើយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​និង​សាមីខ្លួន ត្រូវ​ទទួលបន្ទុក​អនុវត្តន៍​អនុក្រឹត្យ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី គឺជា​អាជ្ញាធរ​មួយ​ដែល​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២០៦/០៩៧ ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០០៦​។ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​បង្កើតឡើង ដើម្បី​កាត់បន្ថយ​អតិបរមា និង​ឈានទៅ​លុបបំបាត់ចោល​ទាំងស្រុង​នូវ​បញ្ហា​ជម្លោះដីធ្លី​។ ព្រះរាជក្រឹត្យ​នេះ​បានកំណត់​អំពី​តួនាទី សិទ្ធិអំណាច និង បេសកកម្ម​របស់​អាជ្ញា​ធរ​ជាតិ​ដូច​ទៅ​៖ ទប់ស្កាត់ និង​កាត់បន្ថយ​ទំនាស់​ដីធ្លី តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន យល់ដឹង​អំពី​ផលវិបាក​បណ្តាលមកពី​ទំនាស់​ដីធ្លី និង​មាន​វិធានការ​ដាក់ពិន័យ​ចំពោះ​ជនល្មើស​ដែល​បាន​រំលោភបំពាន​លើ​បញ្ហាដីធ្លី ដោយ​ខុសច្បាប់​ជា​ធរមាន ទទួល​សំណុំរឿង​ទំនាស់​ដីធ្លី ដែល​ហូ​ស​ពី​សមត្ថកិច្ច​គណៈកម្មកា​រ​សុរិយោដី​ថ្នាក់ជាតិ និង​ទទួល​ពាក្យបណ្តឹង​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី ស្វែងយល់ ស៊ើបអង្កេត និង​ដោះស្រាយ​ទំនាស់​ដីធ្លី ឃ្លាំមើល​ការដោះស្រាយ​ទំនាស់​ដីធ្លី របស់​គណៈកម្មការ​សុរិយោដី និង អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ការងារ​នៃ​ការដើ​ស្រាយ​ទំនាស់​ដីធ្លី ជូន​ប្រមុខ​រាជរដ្ឋាភិបាល ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

×