ភ្នំពេញ ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកំណែទម្រង់ក្នុងវិស័យអភិបាលកិច្ចដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការរៀបចំឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិដោយឈរលើគោលការណ៍នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ កំណែទម្រង់នេះបានលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
លោក ង៉ាន់ ចំរើន (រូបកណ្តាល) រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន ថ្លែងប្រសាសន៍ក្នុងអង្គពិធី ។
ដើម្បីឱ្យកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការទទួលបានជោគជ័យ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរនេះ គឺជាធាតុផ្សំមួយយ៉ាងសំខាន់មិនអាចខ្វះបាន។ ការចូលរួមពីប្រជាពលរដ្ឋប្រៀបបានដូចជាត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញផ្លូវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ អាចធ្វើសេចក្តីសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ ឈានទៅអភិវឌ្ឍមូលដ្ឋានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ហៅកាត់ថា (គ.ជ.អ.ប) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៦ បានបង្ហាញពីឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងសំខាន់ៗនានាដែលបានកំណត់នៅក្នុងកម្មវិធីជាតិរយៈពេល ១០ឆ្នាំ (២០១០-២០២០)។ នៅប្រទេសកម្ពុជា បានប្រើកំណែទម្រង់ចំនួន២ គឺវិមជ្ឈការ និងវិសហមជ្ឈការ។ វិមជ្ឈការ គឺជាការផ្ទេលើកិច្ចដំណើរការមួយ នៃការផ្ទេ ការទទួលខុសត្រូវ ក្នុងការអនុវត្តនូវមុខងារ ចាំបាច់មួយចំនួន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬក៏ស្ថាប័នណាមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារដែលការអនុវត្តនូវការងារនោះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវបានផ្ទេមុខងារជាលក្ខណៈជាវិមជ្ឈការ ត្រូវទទួលខុសត្រូវ ត្រូវមានគណនេយ្យភាព មុនបំផុតមុនការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋរបស់ខ្លួន ។ ខ្លួនត្រូវទទួលខុសត្រូវអំពីការអនុវត្តនៅតាមច្បាប់នានារបស់ជាតិ ដែលខ្លួនមានសិទ្ធិចាត់ចែង ប្រើប្រាស់នូវថវិកា និងធនធានមនុស្សដែលពាក់ព័ន្ធនឹងមុខងារ ដើម្បីធានាការបំពេញការងារជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា “មានន័យថាវិមជ្ឈការ គឺការប្រគល់នូវសិទ្ធិស្ទើរតែទាំងស្រុង ដែលគាត់ត្រូវទទួលខុសត្រូវ បើគាត់ធ្វើខុសជាមួយនឹងច្បាប់ជាតិ “។
លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន (គ.ជ.អ.ប) ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ។
ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំ២០១៨ ដូចជា វិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយអនឡាញ ស្តីពី”វឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាលពីរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ហៅកាត់ថា (គ.ជ.អ.ប) បានមានប្រសាសន៍ឱ្យដឹងថា ពិធីជួបជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយគាំទ្រ និងលើកកម្ពស់ការផ្សព្វផ្សាយនិងការបញ្ជ្រាបការយល់ដឹង ឲ្យបានទូលំទូលាយ ដល់អ្នកសារព័ត៌មាន និងសាធារណជនអំពីកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចែករំលែកព័ត៌មាននេះទៅគ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យបានយល់ដឹងកាន់តែច្បាស់ពីវឌ្ឍនភាពសំខាន់ៗ ដែលកើតចេញពីការធ្វើកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងបញ្ហាប្រឈមនានា រួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះ ក្នុងគោលសំខាន់ចុងក្រោយ ក្នុងការលើកកម្ពស់ជីវភាព ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ដោយឡែកវិសហមជ្ឈការ គឺជាកិច្ចដំណើរការមួយនៃការផ្ទេអំណាចពីស្ថាប័នថ្នាក់ជាតិ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬក៏ទៅឲ្យមន្ទីរជំនាញ ឬក៏ទីភ្នាក់ងារជំនាញ ដែលជាខ្សែបណ្តោយរបស់វិសហមជ្ឈការ តាមរយៈការធ្វើប្រតិភូកម្មនូវមុខងារទៅឲ្យស្ថាប័នទាំងអស់នោះ ។
លោកបានបន្តថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឫការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិមានសារសំខាន់ខ្លាំងណាស់ ចំពោះការអភិវឌ្ឍមូលដ្ឋាន ព្រោះបានបង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកៀកជិតប្រជាពលរដ្ឋ បង្កើនការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ លោកបន្ថែមថា ការចូលរួមពីពលរដ្ឋក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាមធ្យោបាយមួយយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីអាចទទួលបានព័ត៌មាននានាអំពីតម្រូវការ បញ្ហាប្រឈម បំណងប្រាថ្នា បទពិសោធន៍ គំនិតយោបល់ពីប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។
លោកបានបន្ថែមទៀតថា បច្ចុប្បន្នលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កំពុងសហការជាមួយនឹងកំណែទម្រង់ពីរផ្សេងទៀត គឺកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីរៀបចំកែសម្រួលនូវរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ស្រុក ដោយធ្វើសមាហរណកម្មការិល័យជំនាញនានារបស់ក្រសួងនៅថ្នាក់ស្រុកចូលទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ក្នុងគោលបំណងប្រែក្លាយរដ្ឋបាលក្រុង ស្រុកឱ្យទៅជារដ្ឋបាលមូលដ្ឋានច្បាស់លាស់មួយដែលមានសក្តានុពល ដែលអាចប្រមូលផ្តុំទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ជាផ្នែកមួយនៃការបង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព កាន់តែកៀកប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចអនុម័តអនុក្រឹត្យលេខ២៨៥ ស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការប្រើប្រាស់នូវសិទ្ធិអំណាចសម្រាប់អនុវត្តមុខងារជាជម្រើសរបស់ខ្លួន សំដៅលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសមធម៌ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ដោយឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដៅវិស័យជាអាទិភាពសំខាន់ៗមួយចំនួន ដើម្បីការអភិវឌ្ឍមូលដ្ឋានក្នុងដំណើរការកែទម្រង់ប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការ។ វិស័យទាំងនោះ រួមមាន វិស័យកសិកម្ម អប់រំ បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ធារាសាស្ត្រ សង្គមកិច្ច និងសេដ្ឋកិច្ចជាដើម។
ដើម្បីចូលរួមចំណែក ក្នុងដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ លើវិស័យជាអាទិភាពនៅមូលដ្ឋានរបស់ខ្លួន ៕ ដោយ ៖ កូឡាប