ភ្នំពេញ ៖ ឧកញ៉ា ឌួង ឆាយ បានប្តឹងបកទៅលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកទារសំណងជំងឺចិត្តប្រមាណ ៤ម៉ឺនលានរៀល ស្មើនឹងប្រមាណ ១០លានដុល្លារ ពីបទបរិហារកេរ្តិ៍ ។
ពាក្យបណ្តឹងរបស់ឧកញ៉ា ឌួង ឆាយ បានដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។ ក្នុងពាក្យបណ្តឹងដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឧកញ៉ា ដួង ឆាយ បានអះអាងថា ការប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក William Guang មេបក្សនយោបាយជាប់ដោយរឿងអាស្រូវច្រើនពីអតីតកាលរូបនេះ បានធ្វើបរិហាកេរ្តិ៍រូបលោក និងឪពុករបស់លោកថែមទៀតនៅលើ Facebook ។
ឧកញ៉ា ឌួង ឆាយ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ លោក William Guang បានសរសេរសារឌឺដងផ្លែផ្កាបញ្ឈិតបញ្ឈៀងដោយមិនចំឈ្មោះលើ Facebook របស់ខ្លួនថា “ក្លឹបបានបង់ពន្ធឬនៅ?
ហាងបានបង់ពន្ធឬនៅ? កាលពីសម័យរកស៊ីជាមួយផ្លាកពាណិជ្ជមានពាក់ព័ន្ធលុយខ្មៅកគោក មកដល់ថ្ងៃនេះបាន Clear ហើយឬនៅ?
ឪពុកមានពាក់ព័ន្ធនឹងបណ្តាញចារកម្មយួនពេលនេះនិយាយខ្មែរច្បាស់នៅ? បើនៅទេ ចាំខ្ញុំជួយយកភស្តុតាងជំរុញទៅអាជ្ញាធរ ដើម្បីឲ្យពិនិត្យបន្ថែម។ ឲ្យគេដឹងថា មានឧកញ៉ាមួយចំនួនយកសប្បុរសធម៌បិទបាំងអំពើថោកទាបជាច្រើន។ សូមបញ្ជាក់ថា បទល្មើសមួយចំនួនមិនទាន់ផុតអាជ្ញាយុកាលទេ” ។
សង្គ្រាមពាក្យសម្តីតាមបណ្តាញសង្គម Facebook នេះ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លោក William Guang ក៏បានប្តឹងឧកញ៉ា ឌួង ឆាយ ពីបទបរិហារកេរ្តិ៍ផងដែរ។ លោក William Guang បានប្តឹងទាមទារសំណងជំងឺចិត្តប្រមាណ ៥ពាន់លានរៀល ស្មើនឹងជាង១លានដុល្លារ ។
លោក Willaim Guang ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា “បន្ទាប់ពីខ្ញុំបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជូនយ៉ាងច្បាស់ដល់មហាជនចំពោះការចោទប្រកាន់របស់បុគ្គល ឈ្មោះ ឌួង ឧត្តម ឆវិន ហៅ ឌួង ឆាយ នេះដែលបានមកចោទប្រកាន់ វាយប្រហារ គម្រាមកំហែង បង្គាប់បញ្ជាលើរូបខ្ញុំខណៈដែលខ្ញុំមិនបានដឹងអ្វីសោះ !
បញ្ហានេះធ្វើអោយខ្ញុំបាទមានការព្រួយបារម្ភចំពោះសុវត្តិភាពផ្ទាល់ខ្លួនរបស់ខ្ញុំយ៉ាងខ្លាំងព្រោះបុគ្គលរូបនេះធ្លាប់មានប្រវត្តិកាចសាហាវកន្លងមកក្នុងសង្គម ដូចនេះក្នុងនាមខ្ញុំជាមន្ត្រីជាន់ខ្ពស់ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកនិងអ្នកនយោបាយថ្នាក់ជាតិមួយរូប បានសម្រេចចិត្តប្ដឹង បុគ្គលរូបនេះនិងស្នើអោយអាជ្ញាធរមានសមត្ថកិច្ចមេត្តាឃាត់ខ្លួនបុគ្គលរូបនេះដើម្បីធានាបាននូវសុខសុវត្តិភាពរបស់អ្នកនយោបាយនៅព្រះរាជាណាចក្រកម្ពជា “។
ពាក្យបណ្តឹងប្តឹងឧកញ៉ាឌួង ឆាយ ចំនួន៤បទល្មើស ប្រមាថអ្នករាជការសាធារណៈ បរិហារបង្កាច់កេរ្តិ៍ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ញុះញង់ឱ្យមានការរើសអើង តាមក្រមព្រហ្មទណ្ឌស្នើផ្តន្ទាទោសឧកញ៉ា ឌួង ឆាយ តាមច្បាប់ និង ទាមទារសំណងជំងឺចិត្តចំនួន៥០០០លានរៀល ដោយថវិកាទាំងនោះ លោក វឌ្ឍនាសាប៊ុង នឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ។
ការប្តឹងផ្ដល់នេះ គឺ កើតឡើងដោយសារការឆ្លងឆ្លើយគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក របៀបឌឺដងគ្នាទៅវិញទៅមក។រឿងឧកញ៉ានាំទំនិញគេចពន្ធនិងរឿងដកលោកឃឹមប៊ុនសុងចេញពីចៅហ្វាខេត្តសៀមរាបគឺដោយសារតែលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុងហៅលោក William Guang ៕ ដោយ ៖ បញ្ញាស័ក្តិ