Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ៖ ប្រាក់​ឈ្នួល​១៨២​ដុល្លារ មិនទាន់​អាច​បំពេញ​បំណងប្រាថ្នា​របស់​កម្មក​រ បាន​នៅឡើយ​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​កម្មករ កម្មការិនី នឹង​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ប្រមាណ ១៨២​ដុល្លារ​ហើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា នេះ​ជា​បំណងប្រាថ្នា​របស់​សម្តេច​។​

​សម្តេច​តេជោ បាន​ថ្លែងថា ប្រាក់​ឈ្នួល​អប្បបរមា​១៨២​ដុល្លារ​នៅ​ឆ្នាំ​២០១៩ មិនទាន់​អាច​បំពេញ​បំណងប្រាថ្នា​របស់​កម្មក​រ កម្មការិនី​បាន​នៅឡើយ​នោះទេ ប៉ុន្តែ​សម្រាប់​ស្ថានភាព​ប្រទេស​កម្ពុជា​ដែល​ធ្លាប់តែ​ខ្ទេចខ្ទាំ និង​ការ​ហែកហួរ​ដោយ​ភ្លើងសង្គ្រាម​ពី​អតីតកាល ការឈាន​មកដល់​ដំណាក់កាល​នេះ​គឺជា​រឿង​ដ៏​ល្អ​ប្រសើរ​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​ធ្នូ ឆ្នាំ ២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី​ប្រមាណ​១៥.៦០៦ នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២២ ដែល​មកពី​ខេត្ត កំពង់ស្ពឺ និង​ខេត្ត​កណ្តាល ដែល​ពិធី​នេះ​ធ្វើឡើង​នៅ ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​រោងចក្រ សហគ្រាស​ទាំង​២២​នេះ វិនិយោគ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​១៤, កូរ៉េ​ចំនួន​១ និង​ខ្មែរ​ចំនួន​៧ ដែល​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៧, ផលិត​ស្បែកជើង​ចំនួន​២, ផលិត​កាបូប​ចំនួន​៤, ផលិត​កេស​កា​តុង​ចំនួន​២, ផលិត​ផ្លែ​សន្ទូច​ចំនួន​១, ផលិត​អំពូល​ភ្លើង​ចំនួន​១, ផលិត​នំ​ចំនួន​១, ផលិត​ដប​ទឹក​សុទ្ធ​ចំនួន​១ និង​រោងចក្រ​កិនស្រូវ​ចំនួន​៣ ហើយ​ផលិត​ដែល​ផលិត​បាន​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក និង​ផ្គត់ផ្គង់​ក្នុងស្រុក​។​

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ក៏​បាន​អរគុណ​ម្ចាស់​រោងចក្រ​ទាំងអស់ ដែល​បាន​អនុញ្ញាត​ឲ្យ​កូន​ក្មួយ កម្មករ​បាន​ឈប់​សម្រាក​នៅ​ល្ងាច​ថ្ងៃនេះ ដោយ​មាន​ប្រាក់​ឈ្នួល​ពេញ​។ នេះ​គឺ​បាន​បង្ហាញ​ពី​ក្តីស្រឡាញ់ និង​យកចិត្តទុកដាក់​ព្រមទាំង​សាមគ្គីភាព​ល្អ​រវាង​កម្ម​ក​រ និង​ម្ចាស់​រោងចក្រ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅសល់តែ​៦​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ឆ្នាំ​២០១៩ នឹង​ចូលមក​ដល់ ដែល​ពេលនោះ​ប្រាក់ខែ​របស់​កូនក្មួយ​កម្មករ កម្មការិនី​យើង​នឹង​ត្រូវ​តម្លើង​ពី​១៧០​ដុល្លារ ទៅ​១៨២​ដុល្លារ បូករួម​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ដែល​នឹង​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ក​ម្មករ​កម្មការិនី​យើង​កាន់តែ​មាន​ភាពល្អប្រសើរ​។ ជាពិសេស​ទៅទៀត​នោះ នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​អនុវត្ត​ការបើកប្រាក់​២​ដង​ក្នុង​១​ខែ ដល់​កម្មករ​កម្មការិនី និង​មន្ត្រីរាជការ​ទាំងអស់ ដែល​នឹង​ធ្វើអោយ​ពួកគាត់​កាន់តែ​មាន​ភាពងាយស្រួល ក្នុង​ការទទួលបាន​ប្រាក់​យក​មក​ដោះស្រាយ​ទៅ​តាម​តម្រូវការ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​លិទ្ធិប្រជាធិបតេ​យ្យ​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អរគុណ​ផងដែរ​ចំពោះ​ប្រជាពលរដ្ឋ ក៏ដូចជា​កូនក្មួយ​កម្មករ​កម្មការិនី​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​ទុកជា​អចិន្ត្រៃ តាមរយៈ​ការបោះឆ្នោត​ជូន​ដល់ គណបក្ស​ប្រជាជន​កម្ពុជា​។ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​១​គត់ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ ប្រទេស​ឲ្យ​រីកចម្រើន​ទៅ​ទៀត​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ គោលនយោបាយ​ឧបត្ថម្ភ​ថវិកា សម្រាប់​កម្មការិនី​ពេល​សម្រាលកូន និង​ស្ត្រី​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ជាដើម គឺជា​ការខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​មាន​សេវា​គាំពារ​សង្គម​ច្បាស់លាស់​។​

​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​កម្មក​រ កម្មការិនី ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការអញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត គឺជា​ការចូលរួម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ជា​ការសម្រេចចិត្ត​ក្នុង​រក្សាទុក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​តាមរយៈ​ការបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សន្យា​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត ជូន​កូនក្មួយ​កម្មករ​អោយទទួល បាន​នូវ​ផលប្រយោជន៍​ជាច្រើន​ថែម​ទៀត​។ ចំពោះ​ការ​តម្លើង​ប្រាក់ខែ​គឺ​នឹង​តម្លើង​នៅ​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៩​ខាងមុខ ប្រាក់ខែ​កូនក្មួយ​កម្មករ​នឹង​ឡើងដល់​១៨២​ដុល្លារ ដែល​នឹង​ត្រូវ​បើក​ជូន​២​ដង​ក្នុង​១​ខែ​។

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​នៅសល់តែ​៣​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ កម្ពុជា​នឹង​រៀបចំ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ដែល​នៅ​មិន​ឆ្ងាយ​ពី​ទី​នេះ​ប៉ុន្មាន​នោះ​ទេ​។ វិមាន​ឈ្នះ​ឈ្នះ នេះ គឺជា​និមិត្តរូប​នៃ​ការបញ្ចប់​សង្គ្រាម ស្វែងរក​សន្តិភាព​ជូន​ជាតិ​មាតុភូមិ ដែល​ពេល​នោះ​រាជរដ្ឋាភិបាល​បាន​ប្រើ​ដៃ​ម្ខាង​ដោះស្រាយ​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ដៃ​ម្ខាង​ទៀត​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​រីកចម្រើន​ដែល​ពេល​នេះ​យើង​ទទួលបាន​សុខ​សន្តិភាព​រយៈពេល​២០​ឆ្នាំ​មកហើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន អំពាវនាវ​អោយ​បងប្អូន​កូនក្មួយ​កម្មករ​កម្មការិនី និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ចូលរួម​ថែរក្សា​សន្តិភាព​នេះ​អោយបាន​គង់វង្ស​។ សម្តេច​តេជោ​បានបញ្ជាក់​ផងដែរ​ថា នៅក្នុង​ឱកាស​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ សម្តេច​នឹង​អញ្ជើញ​ចូលរួម​៣​ថ្ងៃ​នៅ​ទីនោះ រួម​​នឹង​​ឱកាស​ឆ្លង​ឆ្នាំ​សកល​ផងដែរ​។ សម្តេច​តេជោ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ចូលរួម​ទាំងអស់គ្នា​នៅ​ទីនោះ ដែល​មាន​កម្មវិធី​សប្បាយៗ​ជាច្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ថា ក្រោយពី​កម្ពុជា​បាន​ងើប​ពី​សង្គ្រាម​មក សម្តេច​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​២​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ដែល​ទី​១​គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​អោយ​ក្លាយទៅជា​តំបន់​ទីផ្សារ តំបន់​ដែល​មាន​ការអភិវឌ្ឍ តំបន់​ដែល​ប្រជាពលរដ្ឋ​អាច​ដាំ​ដុះ​បង្កបង្កើន​ផល និង​ទី​២​គឺ​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​អោយ​ក្លាយទៅជា​តំបន់​ដែល​មាន​សន្តិភាព និង មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​ប្រទេសជិតខាង​៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×